ភ្នំពេញ: គណៈកម្មការមូលបត្រកម្ពុជា (SECC) បានឲ្យដឹងថានឹងមានក្រុមហ៊ុនមួយចំនួននៅក្នុងឧស្សាហកម្មធានារ៉ាប់រង និងអចលនទ្រព្យគ្រោងនឹងចុះបញ្ជីបោះផ្សាយមូលបត្ររបស់ពួកគេនៅផ្សារមូលបត្រកម្ពុជា បន្ទាប់ពីផ្សារហ៊ុននេះបានទាក់ទាញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៅចុះបញ្ជីកាលពីពេលថ្មីៗនេះ។
លោក ស៊ូ សុជាតិ អគ្គនាយក SECC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា មានក្រុមហ៊ុនក្នុងវិស័យសំខាន់ ២ កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំ ដើម្បីចុះបញ្ជីលើផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ។
លោកថ្លែងថា៖ «ក្រុមហ៊ុនទាំងនោះមកពីវិស័យធានារ៉ាប់រង និងអចលនទ្រព្យ។ យើងកំពុងធ្វើការងារជាមួយពួកគេ។ មកដល់ពេលនេះយើងមិនអាចនិយាយថា តើពួកគេត្រៀមខ្លួនរួចរាល់ត្រឹមចុងឆ្នាំនេះ ឬនៅឆ្នាំក្រោយនោះទេ ដោយសារពួកគេកំពុងស្ថិតក្នុងដំណាក់កាលរៀបចំខ្លួន»។ ទោះយ៉ាងណា លោកបានបដិសេធមិនបង្ហាញឈ្មោះក្រុមហ៊ុនទាំងនោះឡើយ ដោយសារតែពួកគេកំពុងធ្វើការងារលើគម្រោងនេះ។
លោក Jong Weon Ha អនុប្រធាន CSX បានឲ្យដឹងថា មានក្រុមហ៊ុនមួយចំនួនកំពុងស្ថិតក្នុងផែនការចុះបញ្ជី។ ពួកគេកំពុងធ្វើការងារជាមួយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) របស់ពួកគេ រួមមានក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនគណនេយ្យ និងក្រុមហ៊ុនច្បាប់។
លោកថ្លែងថា៖ «ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះនឹងដាក់ឯកសារទៅ CSX ដើម្បីត្រួតពិនិត្យក្នុងពេលឆាប់ៗ។ ក្រុមហ៊ុនមួយចំនួនគ្រោងនឹងចុះបញ្ជីត្រឹមឆ្នាំនេះ និងមួយចំនួននឹងចុះបញ្ជីនៅដើមឆ្នាំក្រោយ»។ យើងមិនអាចបង្ហាញព័ត៌មានបន្ថែមបានទេ ដោយសារតែយើងចាំបាច់ត្រូវរក្សាវាជាសម្ងាត់»។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចាប់ផ្ដើមដំណើរការជាផ្លូវការចាប់ពីខែមេសា ឆ្នាំ ២០១២។ គិតត្រឹមថ្ងៃអង្គារនេះ CSX មានក្រុមហ៊ុនចុះបញ្ជី ១២ ក្នុងចំណោមនោះ ៦ ជាក្រុមហ៊ុនសញ្ញាបណ្ណសាជីវកម្ម និង ៦ ផ្សេងទៀតចុះបញ្ជីមូលបត្រ។ ក្រុមហ៊ុនចុះបញ្ជីរួមគ្នាប្រមូលមូលនិធិបានប្រហែល ២២៣ លានដុល្លារ។
មូលនិធិនេះបានកើនពី ៤៤២ លានដុល្លារកាលពីឆ្នាំ ២០១៨ ដល់ ៧០១ លានដុល្លារ នៅក្នុងឆ្នាំ ២០១៩ គឺកើន ៥៨ ភាគរយ ខណៈទំហំជួញដូរកើន ៦ ដងពី ២៦ ០០០ ដុល្លារ ក្នុងឆ្នាំ ២០១៨ ដល់ប្រហែល ១៥០ ០០០ ដុល្លារ ក្នុងឆ្នាំ ២០១៩៕ LA