ប៉ារីសៈ ក្រុមហ៊ុនសណ្ឋាគារ Louvre Hotels Group ដែលគ្រប់គ្រងដោយក្រុមហ៊ុន Jin Jiang របស់ប្រទេស ចិន បានចុះកិច្ចព្រមព្រៀងមួយដើម្បីបើកដំណើរការសណ្ឋាគារ ២ ស្ថិតក្រោមឈ្មោះផ្ទាល់របស់ខ្លួន នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី។ នេះបើយោងតាមក្រុមហ៊ុន Louvre Hotels Group នៅថ្ងៃសៅរ៍។
ការបញ្ជាក់ពីការបើកដំណើរការសណ្ឋាគារ ២ នេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះពីការស្លាប់ស៊ីវិល ៦ នាក់ដែលត្រូវបានសម្លាប់ដោយរបបដឹកនាំស៊ីរី និងការបាញ់ប្រហាររបស់ប្រទេសរុស្ស៊ីនៅខេត្តអ៊ីដលីប (Idlib)។
ក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា សណ្ឋាគារនេះ «នឹងបើកដំណើរការក្នុងពេលឆាប់ៗ ស្ថិតក្រោមយីហោ Louvres Hotels Group»។
ក្រុមហ៊ុន Louvre Hotels Group បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Nazha Investment Group របស់ប្រទេសស៊ីរី និង «ក្រុមហ៊ុនជាដៃគូមួយដែលក្រុមហ៊ុន Louvre Hotels សហការជាមួយនៅតំបន់មជ្ឈិមបូព៌ា»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងនេះគឺស្របគ្នាយ៉ាងខ្លាំងជាមួយនឹងច្បាប់អន្តរជាតិ និងសារាចរអន្តរជាតិទាំងអស់ដែលទាក់ទងនឹងប្រទេសស៊ីរី»។
យោងតាមគេហទំព័រ The Syria Report វាជាកិច្ចព្រមព្រៀងដំបូងជាមួយប្រតិបត្តិករសណ្ឋាគារលោកខាងលិចចាប់តាំងពីឆ្នាំ ២០១១ មកនៅពេលជម្លោះដែលបំផ្លិចបំផ្លាញបានចាប់ផ្ដើម។
ក្រុមហ៊ុន Louvre Hotels Group ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Jin Jiang របស់ចិនកាលពីឆ្នាំ ២០១៥ ហើយក្រុមហ៊ុននេះប្រតិបត្តិការសណ្ឋាគារជាង ១ ៥០០ ក្នុងប្រទេសចំនួន ៥៤៕ LA