ក្រុងស៊ាងហៃៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Foxconn បានឲ្យដឹងថា ខ្លួននឹងដាក់ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងប្រមូលថវិកាចំនួន ៤,២ ពាន់លានដុល្លារក្នុង។
ជាមួយនឹងទំហំទឹកប្រាក់នេះ វាគឺជាការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងធំជាងគេនៅចិនដីគោកក្នុងរយៈពេលជិតបីឆ្នាំ។
ក្រុមហ៊ុន Foxconn Industrial Internet របស់កោះតៃវ៉ាន់ ដែលផលិតគ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្តល់សេវាខ្លៅ និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម នឹងលក់ភាគហ៊ុន ១០ ភាគរយនៃភាគហ៊ុនសរុបរបស់ខ្លួន។ នេះបើយោងតាមឯកសារផ្ញើឲ្យក្រុមវិនិយោគិនកាលពីល្ងាចថ្ងៃអង្គារនៅផ្សារហ៊ុនក្រុង ស៊ាងហៃ។
ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ ដែលត្រូវបានគេស្គាល់ផងដែរថាជាក្រុមហ៊ុន Hon Hai Precision Industry នោះ ជាក្រុមហ៊ុនដែលផលិតគ្រឿងអេឡិចត្រូនិកតាមកិច្ចសន្យាធំជាងគេក្នុងពិភពលោក ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំធំជាងគេ និងជាក្រុមហ៊ុនដំឡើងផលិតផលម៉ាកអន្តរជាតិល្បីៗ ដូចជាម៉ាក Apple និងម៉ាក Sony ជាដើម។
ក្រុមហ៊ុន Foxconn Industrial Internet នឹងបោះផ្សាយលក់ភាគហ៊ុនថ្មីចំនួន ១,៩៧ ពាន់លានហ៊ុននៅតម្លៃ ១៣,៧៧ យន់ក្នុងមួយហ៊ុន ដើម្បីប្រមូលថវិកាចំនួន ២៧,១ ពាន់លានយន់ (៤,២ ពាន់លានដុល្លារ)។
ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនេះ នឹងក្លាយជាការបោះផ្សាយលក់IPO ធំជាងគេនៅចិនដីគោក គិតចាប់តាំងពីការធ្លាក់ចុះផ្សារហ៊ុនខ្លាំងនៅឆ្នាំ ២០១៥ មក និងជាការបោះផ្សាយលក់ IPO មួយក្នុងចំណោម IPO ធំជាងគេដែលមិនធ្លាប់មានពីមុនមកសម្រាប់ផ្សារហ៊ុននៅចិនដីគោកនេះ។
ក្រុមហ៊ុន Foxconn បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់មូលនិធិនេះ ដើម្បីអភិវឌ្ឍផលិតកម្មវៃឆ្លាតរបស់ខ្លួន កសាងបណ្តាញអុីនធឺណិតដើម្បីតភ្ជាប់រោងចក្រ និងវិនិយោគក្នុងកុំព្យូទ័រខ្លោដ ព្រមទាំងបច្ចេកវិទ្យា 5G នៅតាមរោងចក្រនៅចិនដីគោករបស់ខ្លួន៕ AFP/BP