ទ្រីប៉ូលីៈ​ ក្រុមហ៊ុន National Oil Company ​(NOC) របស់​ប្រទេស ​លីប៊ី ​បាន​ព្រមាន​ថា រាល់​ការ​ដេញ​ថ្លៃ​ ដើម្បី​ផ្លាស់​ប្តូរ​វិស័យ​នេះ ​អាច​បង្កើន​ភាព​ចលាចល​​នៅ​ក្នុង​ ប្រទេស​ដែល​រងគ្រោះ​ដោយ​ជម្លោះ​មួយ​នេះ​ បន្ទាប់​ពី​ប្រធាន​​​សភា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​​ការ​ផលិត​។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ចេញ​ផ្សាយ​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ NOC បាន​ឲ្យ​ដឹង​ថា ខ្លួន «​មាន​​ការ​បារម្ភ​ដោយ​​កា​រអំពាវនាវ​​នៅ​ពេលថ្មីៗ​​ឲ្យ​មាន​ការ​បិទ​ការ​ផលិត​ប្រេង​ជាតិ​»។​

NOC ​បន្ត​ថា​៖ «​ការ​រំខាន​ដោយ​ចេតនា​ណា​មួយ នៃ​ប្រតិបត្តិការ​វិស័យ​ប្រេង​ នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ចរន្ត​ប្រាក់​ចំណូល​ជាតិ ​​ដែល​អាច​ធ្វើ​ឡើង​ដល់​ NOC ​ជា​ការ​រំលោភ​​កាតព្វកិច្ច​កិច្ច​សន្យា​ និង​បង្កើត​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​»។​

ប្រទេស ​លីប៊ី ​ត្រូវ​បាន​បាក់បែក​ដោយ​ជម្លោះ​ចាប់​តាំង​ពី​​ការ​​បះបោរ​កាល​ពី​ឆ្នាំ ​២០១១​ បន្ទាប់​ពី​ការ​​​បណ្ដេញ​ និង​សម្លាប់​​ជន​ផ្ដាច់​ការ Moamer Kadhafi ដោយ​​ដៃគូ​ប្រកួត​ប្រជែង​ ដែល​ដណ្ដើម​អំណាច​ និង​ដើម្បី​​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ប្រេង​របស់​ប្រទេស​នេះ​។​

ជម្លោះ​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ ចាប់​តាំង​ពី​ខែ​​មេសា​ នៅ​ពេល​​មេ​បញ្ជាការ​ Khalifa Haftar ដែល​​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ​ ជា​កន្លែង​ដែល​អណ្ដូង​​ប្រេង​ភាគ​ច្រើន​នៅ​ទីនោះ បាន​ចាប់​ផ្ដើម​​វាយ​ប្រហារ​ប្រឆាំង​នឹង​ទីក្រុង​ទ្រីប៉ូលី​។​

ទីក្រុង​នេះ ​គឺ​ជា​ទីតាំង​របស់​រដ្ឋាភិបាល​នៃ​​កិច្ច​ព្រមព្រៀង​ជាតិ​ (GNA) ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ខណៈ​សភា​ជ្រើស​តាំង​ ដែល​គាំទ្រ​​លោក ​ Haftar មាន​មូលដ្ឋាន​នៅ​លីប៊ី​ភាគ​ខាង​កើត​។​

កាល​ពី​សប្ដាហ៍​មុន លោក Aguila Saleh Issa ​ប្រធាន​សភា​បាន​ឲ្យ​ដឹង​ថា ​ការ​ផលិត​ប្រេង​ត្រូវ​តែ​បញ្ឈប់​ ដោយ​ចោទ​ប្រកាន់​ GNA ពី​បទ​ប្រើប្រាស់​ប្រាក់​ចំណូល​ប្រេង​ដើម្បី​​ផ្ដល់​ហិរញ្ញប្បទាន​ឲ្យ​ពួក​កម្លាំង​​ប្រយុទ្ធ​ជីវពល​ Haftar។

ក្រុមហ៊ុន​ប្រេង​របស់​​ប្រទេស​នេះ ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ទ្រីប៉ូលី ​បាន​​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ស្ថានភាព​អព្យាក្រឹត​របស់​ខ្លួន​ និង​​​បដិសេធ​​ថា​មិន​បាន​ទាក់ទាញ​ចូល​ក្នុង​ជម្លោះ​នេះ​។​

NOC បាន​ឲ្យ​ដឹង​​ថា​៖ «​ប្រភព​ដ៏​សំខាន់​នៃ​ប្រាក់​ចំណូល​​ចំពោះ​​រដ្ឋ សារៈសំខាន់​ចំពោះ​​ប្រជាជន​លីប៊ី​ទាំង​អស់ ត្រូវ​តែ​បំបាត់​លក្ខណៈ​នយោបាយ​ និង​​មិន​មាន​ការ​រំខាន​»។​

ប៉ុន្តែ​ក្រុមហ៊ុន​នេះ​​ក៏​បាន​អំពាវនាវ​​ឲ្យ​មាន «​តម្លាភាព​ផ្នែក​​សេដ្ឋកិច្ច ដែល​រួម​​ការ​ចែក​រំលែក​ប្រកប​ដោយ​សមធម៌ នៃ​ប្រាក់​ចំណូល​ប្រេង​ទូទាំង​ប្រទេស​ ត្រូវ​បាន​​ប្រមូល​យក​ដោយ​​ភាគី​ទាំង​អស់​ជា​ធាតុ​ដ៏​សំខាន់​​មួយ​នៃ​ស្ថិរភាព​នៅ​ពេល​អនាគត​របស់​ប្រទេស ​លីប៊ី​ និង​ដំណោះ​ស្រាយ​នយោបាយ​យូរ​អង្វែង​ណា​មួយ​»។​

ប្រាក់​ចំណូល​ប្រេង​របស់​ប្រទេស ​លីប៊ី ត្រូវ​បាន​គ្រប់គ្រង​ដោយ​ធនាគារ​កណ្ដាល​របស់​ប្រទេស​នេះ ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី​។

ទាំង​លោក ​Haftar​ និង​សភា​ភាគ​ខាង​កើត​ បាន​និយាយ​​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ប្រាក់​ចំណូល​​ប្រេង​​មិន​ត្រូវ​បាន​ចែកចាយ​ដោយ​ស្មើ​គ្នា​នោះ​ទេ​ និង​ចោទ​ប្រកាន់​ GNA ពី​បទ​ប្រើប្រាស់​​មូល​​និធិ​នេះ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​​ក្រុម​ជីវពល​របស់​ខ្លួន​​។​

​​កាល​ពី​ខែ​មុន ​លោក​ Ghassan Salame បេសកជន​ពិសេស​​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​លីប៊ី ដែល​​ផលិត​ប្រេង​ជាង ​១ ​លាន​បារ៉ែល​​ក្នុង ​១ ​ថ្ងៃ ​កំពុង «​ធ្វើ​អត្តឃាត​» និង​កំពុង​ប្លន់​ទ្រព្យ​សម្បត្តិ​​ប្រេង​របស់​ខ្លួន ​ដើម្បី​ចំណាយ​សម្រាប់​សង្គ្រាម​៕​ AFP/LA