ក្រុងប៉េកាំងៈ ក្រុមហ៊ុនផលិតរថយន្តពិភពលោកនឹងដាក់តាំងបង្ហាញម៉ូដែលរថយន្តចុងក្រោយរបស់ពួកគេក្នុងពិព័រណ៍រថយន្តក្នុងទីក្រុងប៉េកាំងនៅសប្ដាហ៍នេះរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីប្រទេសចិនបានបង្ហាញផែនការក្នុងការផ្លាស់ប្តូរនៅក្នុងទីផ្សាររថយន្តធំជាងគេរបស់ពិភពលោកដោយបន្ធូរបន្ថយការរឹតបន្តឹងការកាន់កាប់របស់វិនិយោគិនបរទេស។
ឧស្សាហកម្មផលិតរថយន្តឈានមុខគេដូចជា ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Daimler ក្រុមហ៊ុន Toyota ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Ford នឹងស្ថិតក្នុងចំណោមក្រុមហ៊ុនដែលស្វែងរកការចេញមុខមាត់នៅក្នុងប្រទេសមួយដែលរថយន្ត ២៨,៩ លានគ្រឿងត្រូវបានលក់កាលពីឆ្នាំ ២០១៧ ដែលកើនឡើង ៣ ភាគរយធៀបនឹងឆ្នាំ ២០១៦។
ទោះបីជាការលក់បានថយចុះបើធៀបនឹងឆ្នាំ ២០១៦ ក្រុមហ៊ុនផលិតរថយន្តបរទេសជាច្រើននៅតែចង់ទទួលបានចំណែកទីផ្សារកាន់តែធំនៃទីផ្សារដ៏ធំមួយដោយសារពួកគេប្រឈមការបង្កើនការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុក ដែលកំពុងវិនិយោគខាងរថយន្តអគ្គិសនី និងរថយន្តស្វ័យបើកបរហើយពិព័រណ៍រថយន្តនៅទីក្រុងប៉េកាំងគឺជាឱកាសរបស់ពួកគេក្នុងការបង្ហាញម៉ូដែលថ្មីរបស់ពួកគេដល់អ្នកស្រឡាញ់រថយន្តជាជនជាតិចិន។
លោក Ferdinand Dudenhoeffer នាយកមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានថ្លែងថា ព្រឹត្តិការណ៍នេះ «នឹងក្លាយជាព្រឹតិ្តការណ៍ឈានមុខគេនៅក្នុងឧស្សាហកម្មនេះគ្មាននរណាអាចមិនយកចិត្តទុកដាក់លើប្រទេសចិននោះទេ»។
លោកបានថ្លែងថាពិព័រណ៍រថយន្តឆ្នាំនេះអាចត្រូវបានគ្របដណ្ដប់ទៅដោយប្រធានបទ «នយោបាយ»។
ចក្ខុវិស័យសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យបារម្ភដល់នាយកប្រតិបត្តិរថយន្តដោយសារតែវាអាចធ្វើឲ្យផែនការរបស់ពួកគេសម្រាប់ប្រទេសចិនត្រូវបញ្ឈប់។
ប៉ុន្តែទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងនៃការកាន់កាប់បរទេសនៅក្នុងវិស័យនេះជាវិធានការមួយដែលត្រូវបានមើលឃើញថា ជាការផ្សះផ្សាអាចធ្វើបានចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានត្អូញត្អែរអំពីការគ្រប់គ្រងរបស់ប្រទេសចិនសម្រាប់ឧស្សាហកម្មនេះ។
បច្ចុប្បន្នប្រទេសចិនបានរឹតបន្តឹងសម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេសទាំងអស់ដែលវិនិយោគនៅចិនក្នុងការកាន់កាប់ភាគហ៊ុនអតិបរមាតែ ៥០ ភាគរយប៉ុណ្ណោះនៃការវិនិយោគរួមជាមួយក្រុមហ៊ុនក្នុងស្រុក៕ LA