
អ្នកបើកបរម៉ូតូកង់៣កំពុងបង្ហាញផែនទីទៅដល់អតិថិជនរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ នៅពេលលោក ហោ ដាលុច បានបង្កើតក្រុមហ៊ុន Exnet Taxi Cambodia ដើម្បីផ្តល់សេវាហៅតាក់ស៊ីជិះតាមទូរស័ព្ទកាលពីខែមេសា ឆ្នាំ ២០១៦ លោកបានជួបបញ្ហាចម្បងមួយ ដែលត្រូវដោះស្រាយ គឺការបញ្ចុះបញ្ចូលប្រជាជនកម្ពុជា និងអប់រំឲ្យ ពួកគេបានដឹងពីការប្រើបច្ចេកវិទ្យាដើម្បីសម្រួលការធ្វើដំណើរ។
ពេលនោះ លោក ដាលុច គឺជាប្រតិបត្តិករដំបូងគេ ដែលព្យាយាមណែនាំឲ្យអ្នកធ្វើដំណើរយល់ដឹងពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីហៅតាក់ស៊ីជិះ ខណៈប្រជាជនភាគច្រើនមិនបានយល់ទាល់តែសោះ ពីដំណើរការប្រព័ន្ធកម្មវិធីបច្ចេកវិទ្យានេះនៅឡើយ។
បញ្ហានេះត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ដោយសារក្រុមហ៊ុនផ្សេងៗបានចូលមកផ្តល់សេវានេះដូចគ្នាហើយចូលរួមផ្សព្វផ្សាយដល់ប្រជាជនឲ្យស្គាល់ពីកម្មវិធីថ្មីនេះ។ ប៉ុន្តែ ស្របពេលបញ្ហាចំណេះដឹងអ្នកប្រើប្រាស់លែងជាឧបសគ្គ លោក ដាលុច ត្រូវប្រឈមបញ្ហាថ្មីមួយទៀតនោះគឺក្រុមហ៊ុនផ្តល់សេវាបែបនេះកាន់តែច្រើនបានចូលមកដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអាជីវកម្មរបស់ Exnet Taxi។
លោកថ្លែងថា៖ «មានក្រុមហ៊ុនមិនតិចជាង ១០ ទេដែលកំពុងដំណើរការផ្តល់សេវានេះក្នុងទីផ្សារដ៏តូចមួយ។ អ៊ីចឹងសព្វថ្ងៃយើងកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារសម្ពាធនៃការប្រកួតប្រជែង»។
លោកបន្តថា៖ «សម្រាប់ក្រុមហ៊ុនតូច ប្រសិនបើយើងមិនមានផែនការអាជីវកម្មសមស្របទៅតាមការផ្លាស់ប្តូររបស់ទីផ្សារទេ យើងអាចនឹងបាត់បង់វត្តមានពីទីផ្សារនាពេលណាមួយខាងមុខ»។
ការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះដោយប្រើកម្មវិធីទូរស័ព្ទស្មាតហ្វូនកំពុងកើនឡើង ហើយផលប៉ះពាល់មិនមែនតែលើក្រុមហ៊ុន Exnet Taxi នោះទេ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀតក៏កំពុងរងផលប៉ះពាល់ដោយសារមិនអាចចាប់យក ចំណែកទីផ្សារបាន ហើយអាចប្រឈមនឹងការបញ្ឈប់ដំណើរការនាពេលខាងមុខដ៏ខ្លីក៏ថាបានដែរ។
ខណៈ ក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះដោយប្រើកម្មវិធីទូរស័ព្ទស្មាតហ្វូនមានប្រហែល ១០ ក្រុមហ៊ុននៅកម្ពុជា លោក ដាលុច ព្យាករថា អនាគតអាចនឹងមានក្រុមហ៊ុនដំណើរការត្រឹមតែ ២ ឬ ៣ ប៉ុណ្ណោះ។
ក្រុមហ៊ុនផ្ដល់សេវាហៅតាក់ស៊ីជិះតាមទូរស័ព្ទស្មាតហ្វូនក្នុងស្រុកមានដូចជា ក្រុមហ៊ុន Exnet Taxi ក្រុមហ៊ុន WeGo ក្រុមហ៊ុន PassApp ក្រុមហ៊ុន ITSUMO ក្រុមហ៊ុន GO-X ក្រុមហ៊ុន TOS ក្រុមហ៊ុន well ក្រុមហ៊ុន CityApp ក្រុមហ៊ុន CamGO ក្រុមហ៊ុន 711 និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។ ក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅសិង្ហបុរី និងល្បីល្បាញក្នុងតំបន់ក៏មានវត្តមាននៅកម្ពុជា ហើយកំពុងគ្របដណ្ដប់លើទីផ្សារជាមួយនឹង PassApp។
ភ្នំពេញ ប៉ុស្ដិ៍ បានសម្ភាសអ្នកបើកបររ៉ឺម៉កម៉ូតូផ្សេងៗគ្នាចំនួន ១០ រូប នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែភាគច្រើនពួកគេស្គាល់ច្បាស់ និងបានតភ្ជាប់សេវារបស់ PassApp និង Grab ប៉ុណ្ណោះ។
ប្រតិបត្តិករក្នុងស្រុកបានវិនិយោគតិចលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងមិនមានកម្មវិធីបញ្ចុះតម្លៃ ជាហេតុធ្វើឲ្យប្រតិបត្តិករទាំងនោះមិនសូវមានការតភ្ជាប់បណ្តាញជាមួយអ្នកបើកបរ។
លោក តុប និមល ស្ថាបនិក និងជាអគ្គនាយក PassApp បានឲ្យដឹងថា ប្រជាជនកម្ពុជាជាច្រើនមានការយល់ដឹងពី អត្ថប្រយោជន៍ក្នុងការប្រើប្រាស់កម្មវិធីហៅតាក់ស៊ីជិះសម្រាប់ការធ្វើដំណើររបស់ពួកគេនៅក្នុងទីក្រុង។ យោងតាមលោក និមល ចំនួនប្រជាជនដែលទាញយកកម្មវិធី PassApp បានកើនឡើងដល់ ២ លាននាក់ ទូទាំងប្រទេស ដែលភាគច្រើននៅទីក្រុងភ្នំពេញ។
ខណៈចំនួនអ្នកធ្វើដំណើរតាមរយៈសេវានេះកើនឡើង លោក និមល បានឲ្យដឹងថា ចំនួនក្រុមហ៊ុនជាង ១០ នេះវាច្រើនពេកសម្រាប់ទីផ្សារដ៏តូចនេះ។
លោកថ្លែងថា៖ «ទីផ្សារនេះមិនមែនជាទីផ្សារធំនោះទេ ហើយប្រតិបត្តិករមួយចំនួនគឺគ្រាន់តែចូលមក ដោយធ្វើតាមគ្នានៅពេលមើលឃើញអ្នកផ្សេងជោគជ័យ»។
លោកបន្តថា៖ «ក្រុមហ៊ុនមួយចំនួនអត់អាចដំណើរការល្អទេ ដោយសារតែទីផ្សារនេះកំពុងប្រកួតប្រជែងខ្លាំង»។
សម្រាប់លោក និមល មិនបារម្ភអំពីការប្រកួតប្រជែងដែលកំពុងកើនឡើងនេះទេ ដោយសារតែសេវារបស់លោក បានមើលឃើញកំណើនការប្រើប្រាស់ដោយប្រជាជនក្នុងស្រុកជារៀងរាល់ខែ។ ប៉ុន្តែលោកបដិសេធប្រាប់ចំនួនពិតប្រាកដនៃអ្នកបើកបរដែលភ្ជាប់ប្រព័ន្ធរបស់លោក និងចំនួនអ្នកដំណើរដែលធ្វើដំណើរតាមរយៈក្រុមហ៊ុនរបស់លោក ដោយលើកឡើងថា វាជាព័ត៌មានសម្ងាត់។
លោកស្រី ហេង សុធាវី នាយិកាទីផ្សាររបស់ក្រុមហ៊ុន Grab Cambodia បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុន Grab បានបង្កើនការផ្ដល់សេវានៅ សៀមរាប និងតំបន់ផ្សេងទៀតជាច្រើននៃទីក្រុងភ្នំពេញ បន្ទាប់ពីប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេស កម្ពុជា កាលពីចុងឆ្នាំមុន។ លោកស្រីបន្តថា ទោះបីជាមានកំណើនក្រុមហ៊ុនផ្តល់សេវាកម្មវិធីហៅតាក់ស៊ីជិះនៅក្នុងទីផ្សារនេះក៏ដោយ ប៉ុន្តែ អ្វីដែល Grab មើលឃើញពីចន្លោះប្រហោងគឺលើសពី ការជិះ។
លោកស្រីថ្លែងថា៖ «ដោយសារប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗទទួលបទពិសោធ និងការយល់ដឹងពីភាពងាយស្រួល និងសុវត្ថិភាពនៃការធ្វើដំណើរតាមរយៈការហៅតាក់ស៊ីជិះ យើងមានទំនុកចិត្តថា ទីផ្សារនេះនឹងបន្តកើនឡើង ដើម្បីឆ្លើយតបតាមតម្រូវការ និងការរំពឹងទុករបស់ពួកគេ»។
លោក ហោ ដាលុច បានឲ្យដឹងថា វត្តមានរបស់ Grab ក្នុងទីផ្សារនេះគួរតែជាក្តីបារម្ភមួយសម្រាប់ក្រុមហ៊ុនក្នុងស្រុក ដោយសារក្រុមហ៊ុនកម្រិតតំបន់នេះមានហិរញ្ញវត្ថុរឹងមាំ និងបច្ចេកវិទ្យាល្អ។
លោកបន្តថា ក្រុមហ៊ុនរបស់លោកនឹងប្រើប្រាស់គំរូអាជីវកម្មថ្មីមួយដើម្បីទាក់ទាញ ក្រុមអ្នកបើកបរឲ្យភ្ជាប់ប្រព័ន្ធ Exnet Taxi ដោយមិនគិតថ្លៃ។
លោកថ្លែងថា៖ «ស្ថានភាពប្រកួតប្រជែងនេះពេលលែងអាចឲ្យយើងពឹងផ្អែកលើប្រាក់ចំណូលពីការយកកម្រៃជើងសាពីអ្នកបើកបរទៀតហើយ»។ លោកបន្តថា៖ «ដើម្បីរស់បាន យើងចាំបាច់ត្រូវបង្កើតគំរូអាជីវកម្មថ្មី»៕ LA