
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានប្រកាសដំឡើងដែនកំណត់ប្រែប្រួលតម្លៃសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិរហូតដល់ បូកឬដក ១០ ភាគរយ ពីកម្រិតបច្ចុប្បន្ន បូកឬដក ៥ ភាគរយធៀបនឹងថ្លៃបិទទីផ្សារចាស់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៩ ខែមករា ទៅ។
យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលបានចេញផ្សាយនៅចុងសប្តាហ៍មុន ដែនកំណត់ថ្លៃប្រចាំថ្ងៃ ១០ ភាគរយ (កំណត់ត្រឹមធ្លាក់ថ្លៃ ១០ ភាគរយ ឬឡើងថ្លៃ ១០ ភាគរយ) នេះ នឹងទាក់ទាញឲ្យមានចំណេញមូលធន (Capita gain) ច្រើនជាងមុន និងអនុញ្ញាតឲ្យវិនិយោគិនមានសេរីភាពច្រើនជាងមុនក្នុងការកំណត់ថ្លៃជួញដូរភាគហ៊ុន។
ការដំឡើងដែនកំណត់ថ្លៃនេះក៏នឹងទាក់ទាញវិនិយោគិនដែលកេងចំណេញការប្រែប្រួលតម្លៃទីផ្សារ (Speculator) ផងដែរ។
លោក ល្មុន សូលី អនុប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃក្រុមហ៊ុនមូលបត្រកម្ពុជាបានថ្លែងថា អ្នកកេងចំណេញពីការប្រែប្រួលតម្លៃអាចនឹងចាប់អារម្មណ៍ចូលរួមក្នុងការជួញដូរប្រចាំថ្ងៃ។
ទោះជាយ៉ាងណា លោកថ្លែងថា ការប្រែប្រួលតម្លៃ ១០ភាគរយនេះមិនមែនជាបរិមាណច្រើនទេបើធៀបជាមួយផ្សារហ៊ុនផ្សេងទៀតក្នុងតំបន់ដូចជាផ្សារហ៊ុនក្រុងហូជីមិញ និងផ្សារហ៊ុនថៃដែលការប្រែប្រួលតម្លៃមានចាប់ពី ១០ភាគរយ ដល់ ៣០ភាគរយ។
លោក សូឡី បានថ្លែងថា ការដំឡើងដែនកំណត់ថ្លៃនេះមិនបង្កភាពជ្រួលច្របល់ខ្លាំងដល់ទីផ្សារឡើយ ដោយសារថា «ទីមួយ ផ្សារហ៊ុនយើងមិនសូវប្រែប្រួលថ្លៃ អ៊ីចឹងបើយើងឲ្យថ្លៃឡើងចុះច្រើនបន្តិចក៏វាល្អដែរ។
ទីពីរ ផ្សារហ៊ុនយើងបើកជិត ៦ ឆ្នាំហើយ អ្នកជួញដូរគាត់យល់ដឹងច្រើន។ វាមិនមែនថ្មីសន្លាងដូច៥ឬ៦ឆ្នាំមុនឯណា»។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានប្រកាសដាក់ឲ្យដំណើរការវិធីសាស្រ្តជួញដូរតាមការចរចា (Negotiated Trading Method) ដែលជាវិធីសាសាស្រ្តជួញដូរថ្មីមួយបន្ថែមលើវិធីសាស្ត្រជួញដូរបច្ចុប្បន្នដែលផ្អែកលើការដេញថ្លៃ និងបញ្ជាទីផ្សារ (Market Order) ដែលជាប្រភេទបញ្ជាទិញថ្មីបន្ថែមលើការបញ្ជាទិញបច្ចុប្បន្នឈ្មោះថា បញ្ជាដែនកំណត់ (Limit Order) ផងដែរ៕