កំពង់ស្ពឺៈ ក្រុមហ៊ុន​មកពី​ហៃណាន ​ចំនួន​ ១០ ដែលមាន​ទុនវិនិយោគ​សរុប​ប្រហែល ២ ​ពាន់​លាន​ដុល្លារ​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការចូល​មក​វិនិយោគ​ក្នុង​ខេត្ត​កំពង់ស្ពឺ ពិសេស​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​។ នេះ​បើ​តាម​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​ ១០ ​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ពិសេស​ការដាំដុះ​ស្រូវ កៅស៊ូ និង​ដូង​ជាដើម​។

លោក​បន្តថា ការទទួល​កំណើន​វិនិយោគ​នៅពេល​នេះ​ដោយសារ​តែ​ការខិតខំ​របស់​អាជ្ញាធរ​ខេត្ត រួម​ជាមួយ​នឹង​ភាពអំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​ម្សិលមិញ​ (​ថ្ងៃអាទិត្យ​) ខ្ញុំ​បាន​ជួប​ជាមួយ​វិនិយោគិន​មកពី​ហៃណាន​ចំនួន​ ១០ ​ក្រុមហ៊ុន​ដោយ​ពួកគេ​បាន​ប្រាប់ថា ចង់​ដាក់ទុន​វិនិយោគ​ក្នុង​ខេត្តកំពង់ស្ពឺ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ខេត្ត​កំពង់ស្ពឺ​កំពុង​ទទួលបាន​នូវ​កំណើន​ការវិនិយោគ​ជា​បន្តបន្ទាប់​។

លោក​អះអាង​ថា​៖ «​ការ​ចូលមក​បណ្តាក់ទុន​របស់​វិនិយោគិន​បរទេស គឺ​មិន​ត្រឹម​តែ​បង្កើត​ឱកាស​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នាំមក​នូវ​បច្ចេកទេស​ថ្មីៗ​សម្រាប់​កម្ពុជា​ផងដែរ​»​។

ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា Hainan State Farms Holding Group Co., Ltd ក្រុមហ៊ុន China Hainan Natural Rubber Industry Group Co., Ltd ក្រុមហ៊ុន Enterprise Development Department of HRG និង​ក្រុមហ៊ុន Hainan Ruixiang Tropical Economic Investment Group Co., Ltd​។

ភូមិសាស្ត្រ​របស់​ខេត្ត​កំពង់ស្ពឺ​គឺ​មាន​សក្តានុពល​ខ្ពស់​ខ្លាំង​សម្រាប់​ការវិនិយោគ ព្រោះ​មិន​ត្រឹមតែ​នៅ​ចន្លោះ​រាជធានី​ភ្នំពេញ និង ​ខេត្ត​ព្រះសីហនុ​ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ផ្លូវជាតិ​ភ្ជាប់​ទៅ​បណ្តា​ខេត្ត​ជាច្រើន​ទៀត​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ដោយសារ​ខេត្តកំពង់ស្ពឺ​មាន​ផ្លូវជាតិ​លេខ ៤ ​ឆ្លងកាត់​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ របស់​រដ្ឋាភិបាល​កម្ពុជា​នោះ ដូច្នេះ​ខេត្ត​នេះ​នឹង​មាន​កំណើន​ការវិនិយោគ​កាន់តែ​ច្រើន​នៅពេល​ខាងមុខ​។

លោក​បន្តថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​របស់​អាជ្ញាធរ​ខេត្ត​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការទាក់ទាញ​ឲ្យ​មាន​វិនិយោគ​បន្ថែម​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។

លោក​ថ្លែងថា​៖ «​នៅពេល​រដ្ឋាភិបាល​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ ខ្ញុំ​គិត​ថា ខេត្តកំពង់ស្ពឺ​នឹង​រឹតតែ​ទទួល​បាន​វិនិយោគ​ចូលទៅ​បណ្តាក់ទុន​ច្រើន​បន្ថែម​ទៀត​»៕LA