ភ្នំពេញៈ លោក Alex Odom ប្រ​ធាន​ផ្នែក​​វិ​និ​យោគ​នៃ​ក្រុម​ហ៊ុន​មូល​និ​ធិ​វិ​និ​យោគ Belt Road Capital Management (BRCM) បាន​ផ្តល់​បទ​​សម្ភាស​ដល់​​អ្នក​ស្រី ចេង​ សុខ​ហ័ង​ អ្នក​យក​ព័ត៌​មាន​កា​សែត​ភ្នំ​ពេញ​ប៉ុស្ដិ៍​ ដើ​ម្បី​ជ​ជែក​អំ​ពី​មូល​និ​ធិ​ដែល​ត្រូវ​បាន​​វិ​និ​យោគ ​​លើ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម (SME)​ នៅ​​កម្ពុជា ព្រម​ទាំង​​គោល​បំ​ណង​នៃ​ការ​វិ​និ​យោគ​ប្រ​កប​ដោយ​សក្ដានុ​ពល​របស់​ខ្លួន​។

បច្ចុ​ប្បន្ន​ ក្រុម​ហ៊ុន BRCM បាន​ទិញ​ភាគ​ហ៊ុន​ ៤​០ ​ភាគ​រយ​​នៅ​ក្នុង​​ Sabay Digital Corporation ដែល​ជា​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ និង​កម្សាន្ត​ឌី​ជី​ថល​ ខណៈ​កាល​ពី​ដើម​ឆ្នាំ​នេះ​ ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​វិ​និ​យោគ​ជា​មួយ​​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ Realestate.com.kh ផង​ដែរ​។​

១. តើ​​ក្រុម​ហ៊ុន BRCM ​ត្រូវបាន​បង្កើត​ឡើង​នៅ​ពេល​ណា? តើ​​មូល​និ​ធិ​​បាន​មក​ពី​​ប្រ​ភព​ណា​?

ក្រុម​ហ៊ុន​ Belt Road Capital Management (BRCM) ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១​៧​។ គោល​បំ​ណង​ពា​ណិជ្ជ​កម្ម​ដំ​បូង គឺ​ដើ​ម្បី​​ផ្ដល់​សេ​វា​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​​អា​ជីព ​សម្រាប់​មូល​និ​ធិ ដែល​​​ស្វែង​រក​ឱ​កាស​វិ​និ​យោគ​​នៅ​ក្នុង​តំ​បន់​ទន្លេ​មេគង្គ​ (Mekong Region)។​ ​ក្រុម​វិ​និ​យោ​គិន​របស់​យើង​ ​គឺ​ជា​​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ (APAC)​។​​

២. តើ​​ក្រុម​ហ៊ុន BRCM សហ​ការ​ ឬ​ជួយ​លើក​កម្ពស់ SME ​ក្នុង​ស្រុក​ដោយ​របៀប​ណា​?​

មូល​និ​ធិ​ដំ​បូង​របស់​យើង​ត្រូវ​បាន​កំ​ណត់​ទិស​ដៅ​ឆ្ពោះ​ទៅ​រក​សហ​គ្រាស​​ធុន​តូច និង​មធ្យម​​(SME)​។ យើង​​ធ្វើ​ជា​ដៃ​គូ​ជា​មួយ SME ​ដែល​មាន​សក្តា​នុ​ពល​ជោគ​ជ័យ​​ ក្នុង​តំ​បន់​ទន្លេ​​មេ​គង្គ ដែល​មាន​ទាំង​ប្រ​ទេស​ កម្ពុជា ​ផង​ដែរ ដើ​ម្បី​គាំ​ទ្រ​ដល់​ការ​សម្រេច​បាន​ជោគ​ជ័យ​នូវ​គោល​ដៅ​ជា​យុទ្ធ​សាស្ដ្រ​ ជួ​យ​សម្រួល​​កំ​ណើន​ប្រ​កប​ដោយ​ស្ថិរ​ភាព​ និង​ពង្រីក​លទ្ធ​ភាព​ចូល​ទី​ផ្សារ​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​ទាំង​នេះ​។​

ក្នុង​ប្រ​ទេស​កម្ពុជា ​ក្រុម​ហ៊ុន​ BRCM បាន​​វិ​និ​យោគ​លើក​ដំ​បូង​​ក្នុង​​ក្រុម​ហ៊ុន Digital Classified Group (DCG) ដែល​ជា​ក្រុម​ហ៊ុន​​​​ស្ថិត​នៅ​ពី​ក្រោយ​ក្រុម​ហ៊ុន​ realestate.com.kh ដែល​ជា​គេ​ហ​ទំព័រ​អ​ច​​ល​នទ្រ​ព្យ​ឈាន​មុខ​គេ​នៅ​​ប្រ​ទេស​ កម្ពុជា​។ មូល​ធន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើ​ម្បី​ធ្វើ​ឲ្យ​​មា​ន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ដល់​ប្រតិ​បត្តិ​ការ​​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា ​​ព្រម​ទាំង​ពង្រីក​ពា​ណិជ្ជ​កម្ម​ ចូល​ទៅ​​ក្នុង​ទី​ផ្សារ​ក្នុង​តំ​បន់​​ផ្សេង​ទៀត​​ផង​ដែរ។​

ថ្មី​ៗ​នេះ​​ក្រុម​ហ៊ុន BRCM ​បាន​វិ​និ​យោគ​​ក្នុង​ក្រុម​ហ៊ុន Sabay Digital Corporation (Sabay) ដែល​ជា​​​ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ល្បី​ឈ្មោះ​បំ​ផុត​របស់​កម្ពុជា​។ ការ​វិ​និ​យោគ​នេះ​គឺ​ដើ​ម្បី​ការ​ពង្រឹង​​បន្ថែម​នូវ​ការ​អភិ​វឌ្ឍ​​ការ​លេង​​ហ្គេម​​តាម​រយៈ​ Sabay Osja ដែល​ជា​​​ស្ទូ​ឌី​យោ​លេង​ហ្គេម​របស់​​ពួក​គេ​ ព្រម​​ទាំង​ដើ​ម្បី​នាំ​យក​ជើង​ឯក​ខាង​​​លេង​​ហ្គេម​​អន្តរ​ជាតិ​​មក​​កម្ពុជា​ផង​ដែរ។​

៣. ​តើ​​លោក​ផ្ដោត​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​សក្ដា​នុ​ពល​ពា​ណិជ្ជ​កម្ម​ប្រ​ភេទ​​អ្វី? ហេតុ​អ្វី​?​

យើង​មើល​ឃើញ​តម្លៃ​ជា​ច្រើន​ខាង​បច្ចេក​ទេស​​ និង​អា​ជីវ​កម្ម​ដែល​ផ្អែក​លើ​​​គេហ​ទំ​ព័រ (platform) ​​នៅ​ពេល​នេះ។ ផល​បត្រ​វិ​និ​យោគ​បច្ចុ​ប្បន្ន​របស់​យើង​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​គំ​និត​នៃ​​​ការ​​​វិ​និ​យោគ​នោះ​។ ប៉ុន្តែ​​យើង​មិន​ស្ថិត​ក្នុង​វិ​ស័យ​ណា​ជាក់​លាក់​ទេ ហើយ​កំ​ពុង​ស្វែង​រក​ឱ​កាស​នា​នា​រាប់​​ចាប់​ពី​វិ​ស័យ​ថែ​ទាំ​សុខ​ភាព​ ​រហូត​ដល់​វិ​ស័​យ​ដឹក​ជញ្ជូន និង​អប់​រំ​។​

សម្រាប់​គុណ​ភាព​របស់​ក្រុម​ហ៊ុន​ដែល​អាច​នឹង​ត្រូវ​​វិ​និ​យោគ​ជា​មួយ យើង​ស្វែង​រក​​ក្រុម​ហ៊ុន​ដែល​មាន​ក្រុម​អ្នក​ដឹក​​នាំ​ដ៏​រឹង​មាំ​ និង​ប្រវត្តិ​ប្រតិ​បត្តិ​ការ​រយៈ​ពេល​ ២ ​ឆ្នាំ​ឬ​លើស​ពី​នេះ​។ ​

ក្រុម​​ហ៊ុន​ទាំង​នោះ​គួរ​មាន​​ផែន​​ការ​​កំ​ណើន​ដែល​អាច​រស់​រាន​បាន និង​​​រឹង​មាំ ដែល​ជា​ធម្មតា​​ប្រ​តិ​បត្តិ​ការ​​ក្នុង​វិ​ស័យ​នា​នា ដែល​មាន​​គំរូ​អា​ជីវ​កម្ម​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ និង​ត្រូវ​បាន​ធ្វើ​តេស្ត។​

៤. តើ​លោក​មើល​ឃើញ​​ការ​អភិ​វឌ្ឍ​របស់ SME ​បច្ចុ​ប្បន្ន​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា ​យ៉ាង​ណា​ដែរ​?​

មាន​ការ​កើន​ឡើង​​ចំ​នួន SME ជា​រួម​នៅ​ក្នុង​តំ​បន់​​ដែល​រួម​មាន​ទាំង​ប្រ​ទេស​កម្ពុជា​នេះ ដែល​បង្ហាញ​​​សញ្ញា​វិជ្ជ​មាន​មួយ​នៃ​​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​។​​

ក្នុង​ប្រ​ទេស​ កម្ពុជា​ យើង​កំ​ពុង​មើល​ឃើញ​ SME កាន់​តែ​ច្រើន​ឡើង​ៗ​​ដែល​​ស្វែង​រក​​មូល​ធន​​វិ​និ​យោគ​។ ជា​រឿយ​ៗ ​​​ក្រុម​ហ៊ុន​ទាំង​នោះ​ ត្រូវ​បាន​កាន់​​កាប់ និង​គ្រប់​គ្រង​ដោយ​វិ​និ​យោ​គិន​ក្នុង​ស្រុក​។ ​​ក្រុម​ហ៊ុន​ទាំង​នេះ​នៅ​ក្នុង​វិ​ស័យ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។​

៥. រហូត​មក​ដល់​ពេល​នេះ តើ​លោក​​ផ្ដល់​ហិ​រញ្ញប្ប​ទាន​ច្រើន​ប៉ុន្មាន​ហើយ​​ដល់ SME​?​

រហូត​មក​ដល់​ពេល​នេះ យើង​បាន​បញ្ចេញ​មូល​ធន​វិ​និ​យោគ​​ប្រ​ហែល ២០ លាន​ដុ​ល្លារ​ ទៅ​ក្នុង​​តំ​បន់​នេះ ដោយ​មាន​កិច្ច​ព្រម​ព្រៀង​ក្នុង​តម្លៃ​ចាប់​ពី​ ២ ​លាន​ដុល្លារ​រហូត​ដល់ ៧​ លាន​ដុល្លារ​។

ដូច​ទៅ​នឹង​​ក្រុម​ហ៊ុន​នៅ​​​កម្ពុជា​ចំ​នួន ២​ ដែល​​​យើង​បាន​វិ​និ​​យោគ​ពោល​គឺ​​ក្រុម​ហ៊ុន Sabay ​និង​Realesate.com.kh យើង​សង្ឃឹម​ថា នឹង​មើល​ឃើញ​​ការ​វិ​និ​យោគ​​ប្រ​ភេទ​​នេះ​កាន់​តែ​ច្រើន​នៅ​​​កម្ពុជា ​ហើយ​​​យើង​កំ​ពុង​ស្វែង​រក​យ៉ាង​សកម្ម​។​

៦. តើ​លោក​មាន​ផែន​ការ​ណា​មួយ​ផ្សេង​ទៀត​ទេ?​

ក្នុង​ឆ្នាំ​ ២០១៩ យើង​គ្រោង​​បង្កើន​ឧប​ករណ៍​វិ​និ​យោគ​ (investment vehicle) ទី ២ ដោយ​​​ផ្ដោត​ការ​​យក​ចិត្ត​​​ទុក​ដាក់​​ស្រ​ដៀង​គ្នា​​មួយ​​លើ​​ការ​វិ​និ​យោគ​មូល​និ​ធិ​ឯក​ជន​​នៅ​ក្នុង​តំ​បន់​ទន្លេ​មេ​គង្គ។ យើង​កំ​ពុង​តែ​ស្វែង​រក​សកម្ម​​ភាព​នៃ​ការ​វិ​និ​យោគ​កាន់​តែ​ធំ​​​ក្នុង​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​វិ​ស័យ​ហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​៕​ LA