ភ្នំពេញ: ក្រុមហ៊ុន​តៃវ៉ាន់ TST Group Holding Ltd គ្រោង​ពង្រីក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​គេច​ពី​ការបិទ​ដំណើរការ​ដោយសារ​កូវីដ​ ១៩ ដោយ​គ្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ ២០ ​លាន​ដុល្លារ ដើម្បី​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​របស់ខ្លួន​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន NNA​។

ស្រប​ពេល​ចង្វាក់​ផ្គត់ផ្គង់​ត្រូវបាន​ផ្អាក​នៅ​ចិន​ដោយសារ​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​នេះ តែងតែ​មាន​ផែនការ​ធ្វើ​ពិពិធកម្ម និង​បង្កើន​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ក្រៅ​ប្រទេស​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​បាន​ប្រាប់ NNA ថា​៖ «​ការផ្ទុះ​នៃ​វីរុស​កូវីដ​ ១៩ ​នេះ​បាន​ជំរុញ​ឲ្យ​ពួកយើង​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​»​។

លោកស្រី​បន្ត​ថា​ក្រុមហ៊ុន​រំពឹងថា ផលិតផល​សម្លៀកបំពាក់​នៅ​កម្ពុជា​នឹង​បង្កើត​បាន​ប្រាក់ចំណូល​ប្រចាំ​ខែ​ ៩,៩ ​លាន​ដុល្លារ​ពី​អតិថិជន​ថ្មីៗ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការកើនឡើង​ទិសដៅ​ទីផ្សារ​នាំចេញ​ផលិតផល​សម្លៀកបំពាក់ វាយនភណ្ឌ និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក និង​កាណាដា​ជា​កត្តា​ចម្បង​ក្នុង​ការទាក់ទាញ​វិនិយោគិន បើទោះបី​ជា​សហភាព​អឺរ៉ុប​សម្រេច​ដក EBA មួយផ្នែក​ពី​កម្ពុជា​ក៏ដោយ​។

លោក​បន្ថែម​ថា​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​កំពុង​ទទួល​បាន​ផលប្រយោជន៍​នៃ​ការ​បង្វែរ​ផលិតកម្ម​ចេញ​ពី​ប្រទេស​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន និង​ការផ្ទុះ​វីរុស​កូវីដ​ ១៩​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ព្យាករ​ថា ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​នឹង​កើនឡើង​នៅ​ឆមាស​ទី​ ២ ​ឆ្នាំ​នេះ ដោយសារ GSP និង​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​មិនទាន់​ធូរស្រាល​»​។ លោក​បន្តថា អាមេរិក​នឹង​បញ្ជា​ទិញ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើ​ដំណើរ​ច្រើន​ពី​កម្ពុជា​ឆ្នាំ​នេះហើយ​ការនាំ​ចេញ​ទៅ​ចិន​ក៏​នឹង​កើន​ផង​ដែរ​។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា អាមេរិក​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​កម្ពុជា​ដោយ​កម្ពុជា​បាន​នាំចេញ​រហូត ២៩,៦ ​ភាគរយ​នៃ​ការនាំចេញ​សរុប​កាលពី​ឆ្នាំមុន​។

ប្រទេស​ជប៉ុន​ឈរ​នៅ​លំដាប់​ទី​ ២ ​នៃ​ទិសដៅ​នាំចេញ​របស់​កម្ពុជា​ដែល​មាន​ ៧,៧ ភាគរយ​តាម​ពីក្រោយ​អាលឺ្លម៉ង់​ ៧,២ ភាគរយ ចិន ៦,៩ ភាគរយ និង​អង់គ្លេស​ ៦,៦ ​ភាគរយ​។

ក្រុមហ៊ុន TST Group និយាយថា ការពង្រីក​នេះ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​នឹង​គូសវាស​ផែនការ​លម្អិត​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០​។ រោងចក្រ​កាត់ដេរ​នេះ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ប្រធាន​​ក្រុមហ៊ុន​ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Taiwan Central New​។

ក្រុមហ៊ុន​ដែល​បាន​ផ្គត់ផ្គង់​ក្រណាត់​ឲ្យ​ម៉ាក​ល្បី​មួយចំនួន​រួមមាន Adidas Puma និង Gap មាន​ផែនការ​បង្កើត​ឲ្យ​មាន​ការវិនិយោគ​រួមជាមួយ​ដៃគូ​ក្នុងស្រុក​ដែល​ចុះបញ្ជី​នៅ​សិង្ហបុរី​ដោយ​បាន​កាន់កាប់​ហ៊ុន ៥១ ​ភាគរយ​ក្នុង​រោងចក្រ​កាត់ដេរ​នេះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន TST Group​។

ក្រុមហ៊ុន TST Group កំពុង​ស្វែងរក​ឱកាស​រួមបញ្ចូល​គ្នា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅពេល​អនាគត ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជាង​ ២ ​ដង​ក្នុង​ឆ្នាំ​ ២០២០ ​គឺ ១៤ ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ក្រុមហ៊ុន​ចុះ​ក្នុង​ផ្សារហ៊ុន​តៃប៉ិ​នេះ​មាន​គោលបំណង​ធ្វើ​សមាហរណកម្ម​រោងចក្រ​វាយនភណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន Top Sports Textile Ltd ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​នៅ​កម្ពុជា​បាន​ដំណើរ​ប្រតិបត្តិការ​រោង​ចក្រ​តម្បាញ​ក្រណាត់ និង​ជ្រលក់​ពណ៌​។ នេះ​បើតាម​សារព័ត៌មាន NNA​។

ទិន្នន័យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​មាន​តម្លៃ ១៤,- ៦៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ខណៈ​ការនាំ​ចូល​មក​កម្ពុជា​វិញ ២២,៣៤ ពាន់​លាន​ដុល្លារ​។

ការនាំចេញ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន វាយនភណ្ឌ ស្បែកជើង អង្ករ និង​កង់ ហើយ​នាំចូល​មកវិញ​នូវ​ប្រេងឥន្ធនៈ រថយន្ត គ្រឿងសំណង់ អាហារ​និង​ភេសជ្ជៈ ព្រម​ទាំង​វត្ថុធាតុដើម​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​សម្លៀកពាក់​។ នេះ​បើតាម​របាយការណ៍ NBC៕