ភ្នំពេញៈ ក្រុមហ៊ុនវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) កាលពីម្សិលមិញបានសហការគ្នាផ្តល់សេវាចំណាយអេឡិចត្រូនិកសម្រាប់សេវារថយន្តក្រុងដើម្បីធ្វើឲ្យការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈកាន់តែមានភាពឆ្លាតវៃ និងងាយស្រួល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយរដ្ឋាករស្វយ័តមួយនេះ។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការលើកដំបូងរបស់ខ្លួននេះក្រុមហ៊ុន វីង នឹងផ្តល់ជូនអតិថិជននូវកាត ២ ប្រភេទ គឺកាតពណ៌ខៀវ និងពណ៌បៃតងដែលអាចឲ្យអតិថិជនប្រើប្រាស់សេវារថយន្តក្រុងដោយគ្រាន់តែឆូតកាតសម្រាប់ការចំណាយជាការស្រេច។
ជាមួយនឹងកាតរថយន្តក្រុង និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Wing អ្នកបើប្រាស់អាចឡើងជិះ និងចុះពីលើរថយន្តក្រុងដោយមិនបាច់ប្រើសាច់ប្រាក់ដែលធ្វើឲ្យអតិថិជនរីករាយនឹងភាពកាន់តែបត់បែនក្នុងពេលដែលជិះលើរថយន្តក្រុងដែលបច្ចុប្បន្នមានជាង ១៥០ គ្រឿង។
លោក Jojo Malolos នាយកប្រតិបត្តិក្រុមហ៊ុន វីង បានថ្លែងថាការសហការគ្នារវាងក្រុមហ៊ុន វីង និងក្រុមហ៊ុនរថយន្តក្រុងនឹងផ្លាស់ប្តូរមុខមាត់ការដឹកជញ្ជូនសាធារណៈក្នុងទីក្រុងភ្នំពេញដោយផ្តល់ដំណោះស្រាយលឿន និងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាហើយជំរុញសង្គមដែលផ្តល់សេវាចំណាយអេឡិចត្រូនិកទៅមុខកាន់តែរលូន។
លោកបានមានប្រសាសន៍៖ «យើងមានភាពរំភើបដែលបានក្លាយជាផ្នែកមួយនៃអ្វីដែលថ្មីសម្រាប់កម្ពុជា។ កាតរថយន្តក្រុងនឹងធ្វើបដិវត្តន៍វិធីដែលមនុស្សប្រើប្រាស់ការដឹកជញ្ជូនសាធារណៈក្នុងទីក្រុង»៕