
ក្រុមហ៊ុនសិង្ហបុរីចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីផ្គត់ផ្គង់ និងចែកចាយឥន្ធនៈឧស្ម័ន (LPG) នៅកម្ពុជា។ រូបថត Union Gas
ភ្នំពេញ៖ ក្រុមហ៊ុន Union Gas Holdings Limited បានចុះកិច្ចព្រមព្រៀងដែលមិនជាប់កាតព្វកិច្ច (LOI) ជាមួយក្រុមហ៊ុន Worldbridge Industrial Developments Limited (WBID) ក្នុងគោលបំណងបង្កើតក្រុមហ៊ុនវិនិយោគរួម (JVCo) មួយសម្រាប់ការផ្គត់ផ្គង់ និងចែកចាយឥន្ធនៈឧស្ម័ន (LPG) នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១០ ខែមីនា។
ក្រុមហ៊ុននេះបន្តថា សកម្មភាពអាជីវកម្ម និងប្រតិបត្តិការនៃការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងធ្វើឡើងត្រឹមចុងឆ្នាំ ២០២១។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Union Gas នឹងគ្រប់គ្រងភាគហ៊ុន ៥៥ ភាគរយ នៅក្នុងក្រុមហ៊ុន JVCo ហើយនឹងមានបុគ្គលិកគ្រប់គ្រងដែលមានបទពិសោធកម្រិត ២ មកពីការិយាល័យនៅប្រទេសសិង្ហបុរី ដើម្បីគាំទ្រដល់បុគ្គលិកកម្ពុជាពីចម្ងាយជាលើកដំបូង និងបន្ទាប់មកនៅតាមទីតាំងផ្ទាល់ នៅពេលស្ថានភាពជំងឺកូវីដ ១៩ ធូរស្រាលខ្លាំង និងការលុបចោលការធ្វើដំណើរ និងការរឹតបន្តឹងនៅកន្លែងធ្វើការងារជាបណ្ដើរអាចឱ្យបរិយាកាសកាន់តែល្អប្រសើរ។
ក្រុមហ៊ុន WBID នឹងគ្រប់គ្រងភាគហ៊ុន ៤៥ ភាគរយ ហើយនឹងផ្ដល់ដល់ក្រុមហ៊ុន JVCo នូវលទ្ធភាពទទួលបានបណ្ដាញអាជីវកម្មក្នុងស្រុក និងការតភ្ជាប់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ក្រុមហ៊ុន Union Gas និងក្រុមហ៊ុន WBID បានពិភាក្សាគ្នា ដើម្បីស្វែងរកភាពជាដៃគូយុទ្ធសាស្ដ្រ ប៉ុន្តែដំណើរការនេះត្រូវបានផ្អាក ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០។
លោក Teo Hark Piang នាយកប្រតិបត្តិនៃ Union Gas បានឱ្យដឹងថា ការអភិវឌ្ឍនេះ ជាការបំពេញទិសដៅរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅបរទេស។
លោកថ្លែងថា៖ «យើងមានសេចក្ដីរីករាយដែលបានជួបដៃគូដែលគួរឱ្យគោរពនៅក្នុងក្រុមហ៊ុន WBID ដើម្បីរៀបចំផែនការផ្លាស់ប្តូរទៅបរទេសជាលើកដំបូងរបស់យើងនៅក្នុងទីផ្សារដែលរីកចម្រើនរហ័ស»។
លោកបន្ថែម៖ «ទោះយ៉ាងណា យើងគិតថា យើងនឹងត្រូវការពេលវេលាក្នុងការធ្វើឱ្យមានភាពស្និទ្ធស្នាលរបស់ពួកយើងជាមួយនិយតករក្នុងស្រុក និងបរិយាកាសទីផ្សារ ហើយអាស្រ័យហេតុនេះ យើងកាន់តែខិតចូលជិតការវិនិយោគរួមនេះ ជាមួយនឹងការប្រុងប្រយ័ត្នដែលរួមទាំងការចាប់ផ្ដើមការវិនិយោគលើកដំបូងតិចតួច និងជ្រើសរើសយកអាជីវកម្ម LPG»៕LA