ភ្នំពេញៈ Goldwell Capital ជា​ក្រុមហ៊ុន​ជើងសា​ឧបករណ៍​និស្សន្ទ​អន្តរជាតិ ចុះបញ្ជី​នៅ​កម្ពុជា និង​ក្រុមហ៊ុន Sun Hill Assets ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​រួម​សហការ​គ្នា​ដើម្បី​លើកកម្ពស់​ទីផ្សារ​ឧបករណ៍​និស្សន្ទ​របស់​កម្ពុជា​ទៅក្នុង​តំបន់​ និង​ពិភពលោក ព្រមទាំង​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ចូលមក​ទីផ្សារ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ ២ ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​ស្ដីពី​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​មើល​ឃើញ​ថា ទីផ្សារ​ឧបករណ៍​និស្សន្ទ​របស់​កម្ពុជា​បាន​ក្លាយ​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​។

លោក George Black ប្រធាន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន Goldwell Capital បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ភាព​ជា​ដៃគូ​នេះ​នឹង​ណែនាំ​ប្រទេស​កម្ពុជា​ទៅកាន់​សេវាកម្ម​វិនិយោគ និង​ផលិតផល​វិនិយោគ​អន្តរជាតិ​ដែល​មាន​ជំនាញ និង​វិជ្ជាជីវៈ​ខ្ពស់​។

លោក​និយាយថា​៖ «​នេះ​ជា​អ្វីដែល​កម្ពុជា​ចាំបាច់​ត្រូវ​ទទួលបាន​ក្នុងសម័យ​វិជ្ជាជីវៈ និង​ភាព​គួរ​ឲ្យ​គោរព​នៅក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅទីនេះ​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​ទទួលបន្ទុក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ដែល​បាន​ធ្វើជា​សាក្សី​នៅក្នុង​ការចុះហត្ថលេខា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ភាព​ជា​ដៃគូ​នេះ​នឹង​រួមចំណែក​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ ព្រមទាំង​ជួយ​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ធ្វើការងារ​ជាច្រើន​លើ​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នេះ​ដោយសារ​តែ​យើង​បាន​មើលឃើញ​ថា ទីផ្សារ​នេះ​កំពុង​រីកចម្រើន​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​នោះ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន Goldwell ជា​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​មួយ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី SECC ​តាមរយៈ​ការពង្រីក​ទីផ្សារ​នេះ​ និង​តាមរយៈ​ភាពជា​ដៃគូ​»​។

លោក George បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ធ្វើការងារ​ជាមួយ SECC ក្នុង​ការផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​មិន​គិត​ប្រាក់​ដល់​សាធារណជន​ទាំង​ ២៥ ​ខេត្ត​ក្រុង​កាលពី​ឆ្នាំមុន​។

ទិន្នន័យ​របស់ SECC បាន​បង្ហាញ​​ថា ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​បាន​កើនឡើង​ពី​ ៨៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់ ២០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ បច្ចុប្បន្ន​ទីផ្សារ​ឧបករណ៍​និស្សន្ទ​មាន​សមភាគី​កណ្ដាល​ចំនួន​ ៥ ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ ២៧ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ៥ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ចំនួន​ ៥៕LA