ភ្នំពេញៈ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Xiamen Air ​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ​ខ្លួន​​បាន​ដំណើរ​ការ​ផ្លូវ​ហោះ​ហើរ​ត្រង់​ជា​ផ្លូវការ​ពី​ទី​ក្រុង ​Xiamen​ ខេត្ត​ Fujian​ មក​ទី​ក្រុង​ភ្នំពេញ​ជា​មួយ​ជើង​ហោះហើរ​ទៀង​ទាត់​៤​ដង​ក្នុ​ង​មួយ​សប្ដាហ៍​។

លោក ​Zheng ​Congming ​អ្នក​គ្រប់​គ្រង​ទូទៅ​ទទួល​បន្ទុក​ផ្នែក​លក់ ​និង​ទី​ផ្សារ​​ក្រុម​ហ៊ុន ​Xiamen ​Airlines ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ​គឺ​ជា​ផ្លូវ​ហោះ​ហើរ​ទី ៣​ សម្រាប់​ក្រុម​ហ៊ុន​របស់​លោក​ដែល​តភ្ជាប់​ប្រទេស​ចិន ​និង​កម្ពុជា​ បន្ទាប់​ពី​​ក្រុម​ហ៊ុន​នេះ​​បាន​បើក​ដំណើរ​ការ​ផ្លូវ​ហោះ​ហើរ​ «​សៀមរាប​ Xiamen»​​ និង​ «សៀម​រាប​ Fuzhou» ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤​។

លោក ​Zhen ​ថ្លែង​ថា ​ចាប់​តាំង​ពី​ការ​បើក​ដំណើរ​ការ​ផ្លូវ​ហោះ​ហើរ​ពីរ​លើក​ដំបូង​មក​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Xiamen ​Airlines ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​សរុប​ ១៥៤ ​០០០​ នាក់​ពី​ប្រទេស​ចិន​មក​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។

លោក​ថ្លែង​ថា៖ «​យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ជា​មួយ​នឹង​ការ​បើក​ដំណើរ​ការ​ផ្លូវ​ហោះ​ហើរ​នេះ​ ភ្ញៀវ​ទេសចរ​ជន​ជាតិ​​ចិន​កាន់​តែ​ច្រើន​​នឹង​ចូល​មក​ម្ពុជា​ ដើម្បី​ទទួល​បាន​បទ​ពិសោធទី​ក្រុង​ភ្នំពេញ​ដ៏​រស់​រវើក​ ហើយ​នឹង​​មាន​អ្នក​​ដំណើរ​ជន​ជាតិ​កម្ពុជា ​​កាន់​តែ​​ច្រើន​​ទៅ​កាន់​ទីក្រុង Fujian​»​។

លោក ​ម៉ៅ​ ហាវណ្ណាល់ ​រដ្ឋលេខាធិការ​នៃ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​សង្ឃឹម​ថា​ ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ​នឹង​ជំរុញ​ និង​សហ​ប្រតិបត្តិការ​យ៉ាង​សកម្ម​រវាង​ប្រទេស​ទាំង ២។​ ​

លោក​ថ្លែង​ថា​៖ «​វា​នឹង​ដើរ​តួ​នាទី​ដ៏​សំខាន់​សម្រាប់​ឧស្សាហ​កម្ម​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន​ ២​ លាន​នាក់​ត្រឹម​ឆ្នាំ​ ២០២០​»​៕ LA