ភ្នំពេញៈ ក្រុមហ៊ុន Mohammad Omar Bin Haider Holding Group P.S.C របស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគនៅកម្ពុជាក្នុងវិស័យជាច្រើន ខណៈអ្នកជំនាញអះអាងថា ការទទួលបានវិនិយោគពីប្រទេសថ្មីៗនឹងជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានលំនឹង។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីចុងសប្តាហ៍មុន លោក Abdo Ali Kayali នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិរបស់ក្រុមហ៊ុន Mohammad Omar Bin Haider Holding Group P.S.C បានប្រាប់ថា ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា អចលនទ្រព្យ កាត់ដេរ កសិកម្ម (ស្រូវអង្ករ) ទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោកបន្តថា សព្វថ្ងៃក្រុមហ៊ុនលោកមានរោងចក្រកាត់ដេរនៅប្រទេស បង់ក្លាដែស រួចហើយ ប៉ុន្តែក្រុមហ៊ុនចង់មកពង្រីកផលិតកម្មបន្ថែមទៀតនៅកម្ពុជា ខណៈកម្ពុជាមានបរិយាកាសធុរកិច្ចល្អ ព្រមជាមួយនឹងភាពអំណោយផលជាច្រើនទៀត។ ចំណែកវិស័យកសិកម្មក្រុមហ៊ុនមានបំណងស្វែងយល់បន្ថែមពីការធ្វើអាជីវកម្មស្រូវ អង្ករនៅកម្ពុជា ដោយក្រុមហ៊ុនមិនត្រឹមតែចង់ធ្វើការនាំចេញអង្ករកម្ពុជាទៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏ចង់វិនិយោគក្នុងខ្សែចង្វាក់ផលិតកម្មអង្ករទាំងមូល ចាប់ពីការធ្វើស្រែរហូតដល់ការនាំចេញ។
លោក Abdo Ali Kayali ឲ្យដឹងថា ក្រុមហ៊ុនក៏នឹងសិក្សាពីឱកាសវិនិយោគនៅក្នុងវិស័យសណ្ឋាគារនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះផែនការវិនិយោគនេះ។ លោកបានបន្តថា វិស័យកាត់ដេរនៅកម្ពុជាគឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសនានាលើពិភពលោក ព្រោះកម្ពុជាតែងប្រកាន់ខ្ជាប់ និងអនុលោមតាមស្តង់ដារបស់អង្គការពលកម្មពិភពលោកតាមរយៈការអនុវត្តកម្មវិធី «រោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia)»។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពិនិត្យ និងពិភាក្សាបន្តជាមួយក្រុមហ៊ុនឯកជនក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជាដើម្បីអាចឈានទៅចាប់ជាដៃគូជាមួយគ្នាជំរុញការអភិវឌ្ឍវិស័យនេះតាមរយៈការសាងសង់រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុក និងធ្វើទំនើបកម្មផ្សេងៗ។
ក្រុមហ៊ុន Mohammad Omar Bin Haider Holding Group P.S.C មានក្រុមហ៊ុនបុត្រសម្ព័ន្ធប្រមាណ ៦០ និងកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសចំនួន ៥ លើពិភពលោក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ការបង្ហាញពីចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនអារ៉ាប់មួយនេះ ជារឿងល្អសម្រាប់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាមិនសូវមានក្រុមហ៊ុនមកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម មកវិនិយោគទេ។
លោកបន្តថា អេមីរ៉ាតអារ៉ាប់រួម អាចជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលកសិកម្មកម្ពុជា ដោយបច្ចុប្បន្នក៏មានក្រុមហ៊ុននៅកម្ពុជាមួយចំនួនកំពុងដាំចេកសម្រាប់នាំទៅកាន់ទីនោះផងដែរ។
លោកថ្លែងថា៖ «នៅពេលមានអ្នកវិនិយោគចូលមកកម្ពុជាកាន់តែច្រើនទោះបីជាក្នុងនាមជាភ្ញៀវទេសចរក្តី គឺសុទ្ធតែបង្ហាញពីភាពវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា»។
កន្លងមកខ្សែរាជវង្សរបស់អេមីរ៉ាតអារ៉ាប់រួម ក៏ធ្លាប់បានធ្វើទស្សនកិច្ចមកកម្ពុជាដើម្បីបង្កើនចំណងមិត្តភាព និងបង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជាផងដែរ។ ពេលនោះក៏មានការពិភាក្សាពីផែនការសាងសង់រោងចក្រផលិតម្ហូប «អាហារហាឡាល់» សម្រាប់នាំចេញទៅប្រទេស អេមីរ៉ាតអារ៉ាប់រួម ផងដែរ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បាននិយាយថា ជារឿងល្អបើកម្ពុជាអាចទទួលបានការវិនិយោគថ្មីៗពីសំណាក់ប្រទេសនៅតំបន់អារ៉ាប់ ខណៈកម្ពុជាកំពុងប្រឈមមុខនឹងការប្រែប្រួលចំពោះការនាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ លោកអះអាងថា៖ «នេះជាការចាប់ផ្តើមដ៏ល្អ បើទោះបីជាវានឹងត្រូវឆ្លងកាត់ដំណាក់កាលសិក្សាជាច្រើនទៀតក្តី»។
លោក ជូ បានលើកឡើងថា ដោយសារបច្ចុប្បន្នការវិនិយោគពីបរទេសនៅកម្ពុជាភាគច្រើនមកពីប្រទេស ចិន នោះ ដូច្នេះបើសិនទទួលបានការវិនិយោគពីប្រទេសផ្សេងៗនោះវានឹងរឹតតែល្អ ដោយវាអាចចៀសផុតពីហានិភ័យនៅពេលប្រទេស ចិន មានបញ្ហាសេដ្ឋកិច្ច ឬទំនាក់ទំនងរវាងកម្ពុជា និងចិន មានបញ្ហា។
លោកថ្លែងថា៖ «បើយើងមានប្រភពផ្សេងពីប្រទេស ចិន នោះក៏ជារឿងមួយល្អផងដែរ ដែលវាអាចកាត់បន្ថយហានិភ័យទាក់ទងនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច»៕ LA