ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ការវិនិយោគលើថាមពលកកើតឡើងវិញពីប្រទេស អាល្លឺម៉ង់ ដែលជាការរួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ខណៈតម្រូវការបន្តកើនឡើងចន្លោះពី ១៥ ទៅ ២០ ភាគរយ ប្រចាំឆ្នាំ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានធ្វើការអំពាវនាវនៅក្នុងសន្និសីទមួយស្ដីពីឧស្សាហកម្ម និងពាណិជ្ជកម្មថាមពលសូឡានៅកម្ពុជាដែលបានរៀបចំដោយគណៈប្រតិភូនៃឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសអាល្លឺម៉ង់ប្រចាំនៅមីយ៉ាន់ម៉ានៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារ។
លោកថ្លែងថា៖ «វាជាពេលវេលាត្រឹមត្រូវសម្រាប់វិនិយោគិនអាល្លឺម៉ង់ក្នុងការវិនិយោគលើថាមពលសូឡា និងថាមពលកកើតឡើងវិញនៅក្នុងប្រទេសរបស់យើង ដោយសារយើងទទួលបានស្ថិរភាពនយោបាយខ្លាំងបំផុត។ ជាមួយគ្នានេះដែរអាកាសធាតុក៏មានលក្ខណៈអនុគ្រោះសម្រាប់ការវិនិយោគបែបនេះផងដែរ»។
លោកបានថ្លែងថា៖ «ដោយមានស្ថិរភាពនយោបាយល្អប្រសើរ បង្កើតទំនុកចិត្តសម្រាប់ពួកគេក្នុងការចាក់បញ្ចូលសាច់ប្រាក់របស់ពួកគេសម្រាប់ការវិនិយោគ ដោយសារតែវាក៏អាចរួមចំណែកសម្រាប់ការអភិវឌ្ឍថាមពល ការបង្កើតការងារ និងការរក្សាបរិសា្ថនស្អាត»។
លោក ហ្សូនា ឲ្យដឹងថា រដ្ឋាភិបាលកំណត់បង្កើតថាមពលសូឡាឲ្យបាន ៤១០ មេហ្គាវ៉ាត់ ត្រឹមចុងឆ្នាំ ២០២០ ដែលស្មើនឹង ១៥ ទៅ ១៧ ភាគរយ នៃថាមពលសរុប។ លោកបន្តថា៖ «នៅអាស៊ានខ្ញុំមិនមើលឃើញប្រទេសណាមួយអាចមានថាមពលសូឡា ១០ ភាគរយនៃប្រភពថាមពលរបស់ពួកគេច្រើនជាងផែនការរបស់យើងនោះទេ»។
លោក Martin Klose គណៈប្រតិភូនៃឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេស អាល្លឺម៉ង់ ប្រចាំនៅប្រទេស មីយ៉ាន់ម៉ា បាននាំក្រុមហ៊ុនថាមពលដ៏សកម្ម ៤ របស់អាល្លឺម៉ង់ ពិសេសផ្នែកថាមពលកកើតឡើងវិញ និងសូឡា និងអ្នកជំនាញផ្សេងទៀតមកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនក្នុងស្រុក ការផ្លាស់ប្តូរព័ត៌មាន និងក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេស កម្ពុជា។ លោកថ្លែងថា៖ «យើងកំពុងជំរុញឲ្យវិនិយោគិនអាល្លឺម៉ង់ វិនិយោគលើថាមពលសូឡានៅកម្ពុជា»។
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំនៅកម្ពុជាបានឲ្យដឹងថា នឹងមានការិយាល័យអាល្លឺម៉ង់ត្រូវបានបង្កើតឡើងនៅក្នុង EuroCham Cambodia ដើម្បីចែករំលែកព័ត៌មាន និងសេវារវាងប្រទេសទាំង ២ ទៅដល់ក្រុមវិនិយោគិន។
លោក ហ្សូនា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបង្កើតរួចហើយនូវកសិដ្ឋានបន្ទះសូឡានៅក្រុងបាវិត ខេត្តស្វាយរៀង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យដែលរំពឹងថា នឹងមាន ៤១០ មេហ្គាវ៉ាត់ត្រឹមឆ្នាំ ២០២០។ ការវិនិយោគលើវិស័យនេះរដ្ឋាភិបាលផ្ដល់ការលើកលែងពន្ធរយៈពេល ៩ ឆ្នាំ សម្រាប់វិនិយោគិន និងមិនយកពន្ធលើសម្ភារនាំចូលដើម្បីផ្គត់ផ្គង់សម្រាប់ការសាងសង់នេះ។
កាលពីឆ្នាំមុនកម្ពុជាបានប្រើប្រាស់ថាមពល ២ ៦៥០ មេហ្គាវ៉ាត់ កើនឡើង ១៥ ភាគរយ ធៀបនឹងឆ្នាំ ២០១៧៕LA