ភ្នំពេញៈ ​ក្រសួង​ពាណិជ្ជកម្ម​នៅ​បន្ត​ផ្តល់​សេវាសាធារណៈ​នៃ​ការទទួល​ពាក្យស្នើសុំ​បង់​កម្រៃ​សេវា​ចុះបញ្ជី​ម៉ាក​ និង​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ថ្មី​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​អំឡុងពេល​បិទខ្ទប់​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្តកណ្តាល) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

សេវាសាធារណៈ​នេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី ២៨ ខែមេសា និង​អាច​ពន្យារពេល​តាម​ការចាំបាច់។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​បាន​ផ្សាយ​កាលពី​ថ្ងៃទី ២១ មេសា បាន​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​សូម​ជូនដំណឹង​ដល់​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ទាំងអស់ និង​អ្នកដាក់ពាក្យសុំ​ចុះបញ្ជី​ម៉ាក (រូបវន្តបុគ្គល ឬ​នីតិបុគ្គល) ជ្រាបថា ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្តល់​សេវាសាធារណៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់តាំង​មន្ត្រី​តាម​គោល​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ឲ្យ​ប្រចាំការ​ក្នុង​ការផ្តល់សេវា​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ម៉ាក។

សេចក្តី​ជូនដំណឹង​បន្តថា៖ «ជាមួយ​គ្នា​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការមក​ទទួល​សេវាសាធារណៈ​ដោយផ្ទាល់ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​បង់​កម្រៃ​សេវា​ចុះបញ្ជី និង​កិច្ចការផ្សេងៗ​ទាក់ទង​នឹង​ការចុះបញ្ជី​ម៉ាក​ក្នុង​អំឡុងពេល​នៃ​វិធាន​ការបិទ​ខ្ទប់​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្តកណ្តាល)។ ប៉ុន្តែ​ក្រសួង​ទទួល​ការផ្តល់​សេវា​តាម​ប្រព័ន្ធ​អនឡាញ​ជាធម្មតា»។

សេចក្តី​ជូនដំណឹង​ឲ្យ​ដឹងថា សម្រាប់​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​បាន​ចុះឈ្មោះ និង​ទទួល​បាន​គណនី​សូម​ប្រើប្រាស់​តាម​ប្រព័ន្ធ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ា​តាមរយៈ www.efiling.cambodiaip.gov.kh ដូចដែល​ធ្លាប់បាន​អនុវត្ត​នាពេល​កន្លងមក។

សម្រាប់​អ្នក​ដាក់ពាក្យ (រូបវន្តបុគ្គល ឬ​នីតិបុគ្គល) ដែល​បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​រួចហើយ ឬ​មានបំណង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​ថ្មី ឬក៏​កិច្ចការ​ផ្សេងៗ​ទាក់ទង​នឹង​ការចុះបញ្ជី​ម៉ាក​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​អ៊ីមែលៈ marksreception@gmail.com ។

រីឯ​កម្រៃ​សេវាសាធារណៈ​ទាក់ទង​នឹង​ការចុះបញ្ជី​ម៉ាក​ត្រូវ​បង់​តាមរយៈ​ធនាគារ​មួយណា​ក៏បាន​ក្នុង​ចំណោម ៣ រួមមាន កាណាឌីយ៉ា (CANADIA BANK) អេស៊ីលីដា (ACLEDA BANK) និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)។ រាល់​ប្រតិបត្តិការ​បង់​កម្រៃ​សេវា​នីមួយៗ​តាម​លេខ​គណនី​ធនាគារ​ណាមួយ​ខាងលើ​សូម​បញ្ចូល​លេខ​សម្គាល់ ១៥១៨ នៅក្នុង​ប្រអប់​សម្គាល់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគារ។

ក្នុង​ឆ្នាំ ២០២០ ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចំនួន ៦ ១១៦ កើនឡើង ៦ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦ ៥។នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២១។

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ដើម​ខែមេសា​ថា​ការចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​នឹងត្រូវ​បាន​ការពារ​ដោយមាន​ដើមកំណើត​ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ មាន​គុណភាព និង​គុណ​តម្លៃ​ច្បាស់លាស់ ព្រម​ទាំង​ធ្វើឱ្យ​ប្រជាជន និង​ផលិតករ​ក្នុង​តំបន់​អាចធ្វើ​ការផ្ទេរ​ចំណេះ និង​ជំនាញ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត។

លោក​ថ្លែងថា៖ «ការចុះបញ្ជី GI គឺជា​ឧបករណ៍​ដ៏សំខាន់​ក្នុង​ការលើក​ទឹកចិត្ត​ឱ្យ​សហគមន៍​ផលិត​នូវ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដែល​មាន​គុណភាព​ខ្ពស់​តាមរយៈ​ការពង្រឹង និង​ពង្រីក​ចង្វាក់​ផលិតកម្ម បង្កើន​ការត្រួតពិនិត្យ​គុណភាព​ជា​ប្រព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ និង​ឈានទៅ​នាំ​ចេញទៅ​ក្រៅ​ប្រទេស»។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ម៉ាក​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន ៧ ៩៩៧ ម៉ាក​កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុងនោះ ការចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​ជាតិ​បាន​ចំនួន ៥ ៦២៨ ម៉ាក​កើនឡើង ៣២ ភាគរយ ខណៈ​ការចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អន្តរជាតិ​ម៉ាឌ្រីដ (Madrid System) បាន​ចំនួន ២ ៣៦៩ ម៉ាក កើនឡើង ២៥ ភាគរយ៕