ភ្នំពេញ ប៉ុស្ដិ៍ | ​ក្រុមហ៊ុន​ឯកជន​នឹង​ឡើង​ផ្សារ​ហ៊ុន​ខែ​៣

ក្រុមហ៊ុន​ឯកជន​នឹង​ឡើង​ផ្សារ​ហ៊ុន​ខែ​៣

សេដ្ឋកិច្ច

កាលបរិច្ឆេទផ្សាយ:
០៧ កុម្ភៈ ២០១៣ | ១៧:០៤

អ្នកយកព័ត៌មាន:
ម៉ៃ គុណមករា and Sarah Thust

ប្រធានបទផ្សេងៗ

ភ្នំពេញៈ ក្រុមហ៊ុន Grand Twins International (Cambodia) Plc ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​នឹង​ឡើង​ផ្សារ​ហ៊ុន​កម្ពុជា (CSX) នៅ​ខែ​មីនា ឆ្នាំ​២០១៣ ដោយ​នឹង​ចេញ​លក់​ភាគ​ហ៊ុន​១២​លាន​ហ៊ុន។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​មូលបត្រ​ភ្នំពេញ (PPS) ដែល​ជា​អ្នក​ធានា​ទិញ​មូលបត្រ​របស់​ក្រុមហ៊ុន GTI បាន​អះ​អាង​ថា ក្រុមហ៊ុន​នេះ​នឹង​លក់​ក្នុង​តម្លៃ​០,២៥​ដុល្លារ​ក្នុង​មួយ​ហ៊ុន។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១២ ដើម​ទុន​សរុប​របស់​ក្រុមហ៊ុន​មាន​៣១,៦​លាន​ដុល្លារ​និង​មូលធន​សរុប​២៧,៧​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​តៃវ៉ាន់​។

លោក មិញ បាន​កុសល អគ្គ​នាយក​នៃ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​ពុធ​។ មន្ត្រី PPS ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា PPS បាន​បញ្ជូន​ឯកសារ​ទៅ SECC កាល​ពី​ខែ​មុន។

លោក Min Kyoung Hoon អគ្គ​នាយក​រង CSX បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មិន​បាន​ទទួល​ឯកសារ​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ឡើយ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ពេល​វេលា​នេះ​អាច​ធ្វើ​ទៅ​បាន​។ លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ឮ​អំពី​ការ​ចុះ​បញ្ជី​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ទេ។ វា​អាច​នឹង​ទៅ​រួច​ហើយ​នឹង​មិន​អាច​។ ប៉ុន្តែ​នេះ​ជា​ការ​ល្អ​សម្រាប់​យើង ដោយ​សារ​វា​ធ្វើ​ឲ្យ​ទី​ផ្សារ​នេះ​កាន់​តែ​សកម្ម ដូច្នេះ​វិនិយោគិន​នឹង​មាន​ជម្រើស​ច្រើន»។

លោក ស្វាយ ហៃ ប្រធាន​មូលបត្រ​របស់​អេស៊ីលីដា ដែល​ជា​ឈ្មួញ​ជើង​សា​បាន​ឲ្យ​ដឹង​ថា ការ​ចូល​រួម​របស់​ក្រុមហ៊ុន​ឯកជន នៅ​លើ​ផ្សារ​ហ៊ុន ឆ្លុះ​បញ្ចាំង​អំពី​ទំនុក​ចិត្ត​លើ​ផ្សារ​ហ៊ុន​ដែល​ទើប​នឹង​បង្កើត​ថ្មី។

លោក​បន្ត​ថា៖ «វា​ជា​ជម្រើស​ផ្សេង​មួយ​ទៀត​សម្រាប់​វិនិយោគ​ដែល​ចង់​មក​បណ្តាក់​ទុន​នៅ​លើ​ផ្សារ​មូលធន»។

ផ្សារ​ហ៊ុន​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​រដ្ឋាករ​ទឹក ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ​មុន។

តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​គឺ ៦ ២០០​រៀល កាល​ពី​ម្សិល​មិញ ដោយ​ទំហំ​ជួញ​ដូរ​មាន​ចំនួន​៨៥៤​ហ៊ុន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ភាគ​ហ៊ុន​នេះ​ព្យាករ​ថា​នឹង​សម្រេច​បាន​ការ​លក់​របស់​ខ្លួន​ក្នុង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​ប្រហែល​២៩,៣៧​ភាគ​រយ ដោយ​រក្សា​ប្រាក់​ចំណេញ​សុទ្ធ​ជាង​១០​ភាគ​រយ រៀង​រាល់​ឆ្នាំ​។ វា​មិន​ត្រឹម​តែ​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើន​ដើម​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​វិនិយោគិន​ក្នុង​ការ​ចែក​រំលែក​លទ្ធផល​ជា​ផ្លែ​ផ្កា​ដែល​ផ្តល់​ជូន​ក្នុង​តម្លៃ​ទាប​ផង​ដែរ​»​៕CS

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com