
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី។ រូបថត សហការី
ភ្នំពេញៈ ជាមួយនឹងការតាមដានដ៏ល្អនៃរបាយការណ៍ឥណទានអតិថិជនក្នុងប្រតិបត្តិការរយៈពេល ១ ឆ្នាំក្នុងការរួមចំណែកការគ្រប់គ្រងហានិភ័យរបស់វិស័យហិរញ្ញវត្ថុដែលទទួលបាននូវកំណើនយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) អិលធីឌី (ស៊ីប៊ីស៊ី) ទទួលបានពានរង្វាន់ « Excellence in Consumer Credit Reporting» នៅព្រះរាជាណាចក្រកម្ពុជាពី Global Business Outlook (GBO) ដែលជាទស្សនាវដ្ដីល្បីឈ្មោះមួយនៅចក្រភពអង់គ្លេស។
គណៈកម្មការវិនិច្ឆ័យនៃ GBO បានជ្រើសរើស និងវាយតម្លៃ ស៊ីប៊ីស៊ី សម្រាប់ពានរង្វាន់មួយនេះដោយផ្អែកលើសកម្មភាពរបស់ស៊ីប៊ីស៊ី ក្នុងទិដ្ឋភាពរាយការណ៍ស្តីពីការប្រើប្រាស់ឥណទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលប្រតិបត្តិការជាង ៨ ឆ្នាំកន្លងមក។ ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលបានពានរង្វាន់ GBO នៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។
ពានរង្វាន់របស់ GBO ទទួលស្គាល់ក្រុមហ៊ុននៅជុំវិញពិភពលោកចំពោះសមិទ្ធផល គុណតម្លៃ អាជីវកម្មគំរូ និងទទួលស្គាល់នៅក្នុងទីផ្សារ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ីបានឲ្យដឹងថា ពានរង្វាន់នេះបង្ហាញពីការខិតខំរបស់ក្រុមហ៊ុនក្នុងការចូលរួមដើម្បីហានិភ័យក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
លោកបានបញ្ជាក់ថា៖ «ពានរង្វាន់នេះទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ស៊ីប៊ីស៊ីនៅក្នុងការគ្រប់គ្រងហានិភ័យឥណទានក្នុងវិស័យទាំងមូល តាមរយៈការបំពេញកង្វះខាតនៃព័ត៌មានរវាងអ្នកផ្ដល់កម្ចី និងអ្នកប្រើប្រាស់កម្ចី។ ស៊ីប៊ីស៊ី បានលើកកម្ពស់ទីផ្សារឥណទានឲ្យមានតម្លាភាព និងប្រសិទ្ធភាពដែលធ្វើឲ្យវិស័យទាំងមូលមានស្ថិរភាព»។
កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ស៊ីប៊ីស៊ី បានដាក់ឲ្យដំណើរការ «K-score» ជំនាន់ទី ២ ដែលជាកម្មវិធីដាក់ពិន្ទុឥណទានថ្មីមួយដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការ និងតម្រូវការរបស់ទីផ្សារក្នុងការបង្កើនទំនុកចិត្ត និងព្យាករការវាយតម្លៃហានិភ័យឥណទាន ហើយកាលពីដើមឆ្នាំ ២០២០ ស៊ីប៊ីស៊ី បានដាក់ឲ្យដំណើរការសេវាវិភាគទិន្នន័យថ្មីដែលអនុញ្ញាតឲ្យមានសមាជិកគ្រឹះស្ថានហិរញ្ញវត្ថុតាមដាន និងត្រួតពិនិត្យទៅលើប្រតិបត្តិការ ព្រមទាំងកម្រិតហានិភ័យដែលធៀបទៅនឹងវិស័យទាំងមូល។
ស៊ីប៊ីស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ បច្ចុប្បន្នផ្ដល់ដំណោះស្រាយរបាយការណ៍ឥណទានរបស់ប្រជាជនប្រមាណជាង ៦ លាននាក់ ដែលជួយដល់ការវាយតម្លៃកម្រិតហានិភ័យ និងតម្រូវការវិភាគទិន្នន័យរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦៧។
ស៊ីប៊ីស៊ី បានចូលរួមចំណែកយ៉ាងសកម្មក្នុងបរិយាប័ន្នហិរញ្ញវត្ថុ និងបរិបទពាណិជ្ជកម្មនៃប្រទេសកម្ពុជា ខណៈពេលដែលវិស័យហិរញ្ញវត្ថុនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ៕LA