ភ្នំពេញៈ ក្រុមហ៊ុន​ក្នុង​ស្រុក​ធូប​ច័ន្ទ​ក្រស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global Co., Ltd របស់​ថៃ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ពី​ការ​វិនិយោគ​រួម​​គ្នា​លើ​ដើម​ចន្ទន៍​ក្រស្នា និង​គម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងចន្ទន៍​ក្រស្នា​នៅ​កម្ពុជា​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តាមរយៈ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការ​គ្រប់គ្រង​ដើម​ចន្ទន៍​ក្រស្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​ដឹង​ឮ​ពី​រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម​។

តាម​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន FCG នឹង​ផ្តល់​ការ​ថែទាំ​ដើម​ចន្ទន៍​ក្រស្នា​ ១ ​លាន​ដើម​តាម​បច្ចេកទេស​នៅ​កម្ពុជា​ដែល​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​ខេត្ត​ព្រះសីហនុ​។

ក្រុមហ៊ុន​ទាំង ២ ​ក៏​បាន​ផ្សព្វផ្សាយ​ពី​ការ​បើក​ចំហ​ទីផ្សារ និង ការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ចន្ទន៍​ក្រស្នា​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​នឹង​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ MOU លោក Sean Goh អគ្គនាយក​ក្រុមហ៊ុន FCG ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដោត​លើ​ការ​រៀបចំ និង​ការ​កែលម្អ​គុណភាព​ដើម​ចន្ទន៍​ក្រឹស្នា និង​លទ្ធភាព​ក្នុង​ការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងចន្ទន៍​ដើម្បី​នាំ​ចេញ​។

លោក Goh ថ្លែង​ថា​ក្រុមហ៊ុន​បម្រុង​ទុនវិនិយោគ​ដំបូង​ ១០០ ​លាន​ដុល្លារ​សម្រាប់​ការ​រៀបចំ​គ្រប់គ្រង និង​ការ​ថែទាំ​ដើម​ចន្ទន៍ក្រស្នា​ដោយសារ​តែ​វា​ជា​ប្រភេទ​ដើម​ឈើ​ពិសេស​ដែល​ត្រូវការ​បច្ចេកវិទ្យា​ពិសេស​។ ទឹកប្រាក់​ ១០០ ​លាន​ដុល្លារ​នេះ​មិន​រាប់​បញ្ចូល​គម្រោង​វិនិយោគ​រោងចក្រ​នោះ​ទេ​។

ពេល​សួរ​តើ​វា​សម​ហេតុផល​ដែរ​ទេ​ដែល​ត្រូវ​ចំណាយ​រហូត​ដល់​ ១០០ ​លាន​ដុល្លារ​ដោយ​តែ​គ្រាន់​តែ​ការ​គ្រប់គ្រង និង​ថែទាំ​ដើម​ចន្ទន៍​ក្រស្នា​នោះ​លោក Goh ថ្លែង​ថា​ដើម​ចន្ទន៍​ក្រស្នា​គឺជា​ប្រភេទ​ដើមឈើ​ពិសេស និង​មាន​តម្លៃ​ខ្ពស់ ហើយ​វា​ត្រូវការ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធ្វើឲ្យ​ដើមឈើ​នេះ​អាច​ផលិត​ប្រេង​បាន​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ល្អ​បំផុត និង​ពិត​ហើយ​យើង​ត្រូវ​តែ​ថែរក្សា​ដើមឈើ​នេះ​ឲ្យ​បាន​ល្អ​ផង​ដែរ​។ យើង​ត្រូវការ​ការ​វិនិយោគ​មូលធន​សម្រាប់​ដើមឈើ​នេះ ពិត​ហើយ​យើង​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ប្រសើរ​ដោយសារ​តែ​យើង​នឹង​ផលិត​បាន​ប្រេង​ប្រក​បដោយ​គុណភាព​ខ្ពស់​»​។

លោក​បន្ត​ថា​ក្រុមហ៊ុន​ក៏​នឹង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ចន្ទន៍​ក្រស្នា ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​បន្ទាប់ពី​រយៈពេល​ ៦ ​ខែ​នៃ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ដើម​ឈើ​នេះ​។ រោងចក្រ​នេះ​នឹង​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ស្ទឹងឆាយ ឃុំ​ស្ទឹងឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

លោក Goh ថ្លែង​ថា​ដើម​ចន្ទន៍​ក្រស្នា អាច​ត្រូវ​បាន​ផលិត​ជា​ប្រេង​ក្រអូប​ចន្ទន៍ក្រស្នា ហើយ​បន្ទាប់​មក​នឹង​ត្រូវ​បាន​កែច្នៃ​ទៅ​ជា​ទឹក​អប់ ប្រេង​ស្ប៉ា និង​ផលិតផល​ម៉ាស្សា ឬ​ផលិតផល​ថែរក្សា​ស្បែក​ជាដើម​។

លោក ស្រី កែវ សុគន្ធា នាយិកា​ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​បាន​ឲ្យ​ដឹង​ថា​នេះ​ជា​វិនិយោគ​ដ៏ធំ​លើ​ដើម​ចន្ទន៍​ក្រស្នា​ដំបូង​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​៖ «​ក្រុមហ៊ុន​នាង​ខ្ញុំ និង​វិនិយោគ​ជា​ដៃគូ និង​សហការ​បង្កើត​គម្រោង​រួម​គ្នា បង្កើត​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចម្រាញ់​ប្រេងចន្ទន៍​ក្រស្នា​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់​»​។

បើ​តាម​អ្នកស្រី កែវ សុគន្ធា កសិករ​ដាំ​ដើម​ចន្ទន៍​ក្រស្នា​ភាគច្រើន​មាន​នៅ​ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង និង​ខេត្តពោធិ៍សាត់ ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​ភាគច្រើន​បាន​បោះបង់​ចោល​ដោយសារ​គ្មាន​ទីផ្សារ​៕ LA