ភ្នំពេញៈ ក្រុមហ៊ុន ៣ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម បានរាយការណ៍ប្រតិបត្តិការល្អប្រសើរដោយឃើញការស្ទុះងើបឡើងវិញចាប់ពីត្រីមាសទី ៤ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងមកពីវិធានការដ៏សកម្មរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចបន្តរស់បាន ទោះបីជាការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។
នៅក្នុងឯកសាររបស់ខ្លួនផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃចន្ទ ធនាគារ ABA បានរាយការណ៍ថា កាលពីត្រីមាសទី ៤ កម្ចីប្រហែល ១១ ៣៣១ ឬមានតម្លៃ ៧២៤,២ លានដុល្លារ ត្រូវបានបញ្ចេញ។ ធនាគារមួយនេះបានបង្កើនផលបត្រកម្ចីដុលចំនួន ១២ ភាគរយដែលមានចំនួនសរុប ៣,៨ ពាន់លានដុល្លារ។ ធនាគារ ABA បានមើលឃើញកំណើនជាបន្តបន្ទាប់នៃផលបត្រប្រាក់បញ្ញើរបស់ខ្លួនដែលស្មើនឹង ៤,៩ ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី ៤ មានកំណើន ៩ ភាគរយធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២០។
លោក Yves Jacquot ប្រធានធនាគារ ABA បានឱ្យដឹងថា កាលពីចុងត្រីមាសទី ៤ ចំនួនសរុបនៃការរៀបចំឥណទានឡើងវិញបានកើនឡើងដល់ ១០ ៧៦៨ ដែលមានតម្លៃ ៥៥១ លានដុល្លារអាមេរិក។ ចំណែកការរៀបចំឥណទានឡើងវិញនៅក្នុងផលបត្រសរុបបានធ្លាក់ចុះពី ១៦ ភាគរយមកនៅត្រឹម ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសមុន។
លោកថា៖ «ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ដ្រពាណិជ្ជកម្មរបស់ខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់លើផលិតហិរញ្ញវត្ថុឌីជីថល និងឥណទានសម្រាប់ការវិនិយោគដល់ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យពិតប្រាកដនៃសេដ្ឋកិច្ច។ ខណៈដែលការធ្វើនវានុវត្តន៍ជាបន្តសម្រាប់ដំណោះស្រាយធនាគារ ធនាគារនេះអនុវត្តវប្បធម៌គ្រប់គ្រងហានិភ័យដ៏រឹងមាំដោយពង្រឹងតាមរយៈមុខងារសវនកម្ម និងអនុលោមភាព»។
RMAC ជាក្រុមហ៊ុនរថយន្តឈានមុខគេមួយ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២០ របស់ខ្លួន ជាមួយនឹងការលក់នៅត្រីមាសទី ៤ ដ៏រឹងមាំមានកំណើន ២០,៧ ភាគរយ និងលទ្ធផលប្រាក់ចំណេញសុទ្ធកើន ១៥៤ ភាគរយលើសពីត្រីមាសទី ៤ ឆ្នាំ ២០១៩។
សារពើពន្ធឆ្នាំ ២០២០ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ បានបង្ហាញកំណើន ៥៥,២ ភាគរយ លើសពីត្រីមាសទី ១ ឆ្នាំ ២០១៩។ ប៉ុន្តែកំណើននេះត្រូវបានថមថយកាលពីត្រីមាសទី ២ ឆ្នាំ ២០២០ ដែលកំណើនការលក់បានធ្លាក់ចុះ ៤០,៩ ភាគរយធៀបនឹងត្រីមាសស្មើគ្នារបស់ខ្លួនកាលពីឆ្នាំ ២០១៩ ដោយសារតែការរឹតបន្តឹងការធ្វើដំណើរព្រោះតែជំងឺកូវីដ១៩។ ត្រីមាសទី ៣ បានកើនឡើងវិញជាថ្មី ដែលបង្ហាញការស្ទុះងើបឡើងវិញប្រកបដោយជោគជ័យ ប៉ុន្តែនៅតែស្ថិតក្រោមបន្តិចតួលេខឆ្នាំ ២០១៩ (ដក ០,៤ ភាគរយ)។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនដែលផ្ញើទៅ CSX។
លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMAC បានឱ្យដឹងថា ក្រុមហ៊ុន RMAC បានរក្សាមូលដ្ឋានគ្រឹះល្អប្រសើរពេញមួយឆ្នាំ ២០២០ តាមរយៈការបន្ទាបកម្រិតស្តុក និងទុនបង្វិលរបស់ខ្លួន ខណៈដែលមានដំណោះស្រាយក្នុងការចំណាយប្រកបដោយការប្រុងប្រយ័ត្ន។ ផែនការផលិតផលនេះ ត្រូវបានរក្សាកាលពីចុងត្រីមាសទី ៤ ឆ្នាំ ២០២០ នៅកម្រិតមួយប្រកបដោយភាពល្អប្រសើរ។
លោកលើកឡើងថា៖ «ក្រុមហ៊ុនបន្តដាក់ឱ្យដំណើរការផលិតផលបានពីក្រុមហ៊ុនផ្គត់ផ្គង់របស់យើង ដោយផ្តោតការយកចិត្តទុកដាក់លើតម្រូវការអតិថិជនរបស់កម្ពុជា និងការធានាថា យើងកំពុងផ្ដល់ផលិតផលដែលមានលក្ខណៈបច្ចេកវិទ្យាថ្មីបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការបន្ទាបការប្រើប្រាស់ប្រេងឥន្ធនៈ និងមានចក្ខុវិស័យជាប្រចាំឆ្ពោះទៅសុវត្ថិភាពនៃអតិថិជនរបស់យើងក្នុងផលិតផលដែលយើងលក់»។
ទន្ទឹមនឹងនេះ ធនាគារ ហត្ថា បានរាយការណ៍ថា កាលពីត្រីមាសទី ៤ ផលបត្រកម្ចីរបស់ធនាគារហត្ថា បានកើនឡើងដល់ ១,៣២៣ លានដុល្លារ កើនឡើង ១៦ ភាគរយធៀបនឹងត្រីមាសមុន ខណៈដែលប្រាក់បញ្ញើបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយដល់ ៧៩៣ លានដុល្លារ កើនឡើង ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសមុន។ សម្រាប់កម្រិតឥណទានមិនដំណើរការ PAR30+ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១,៤៤ ភាគរយមកនៅត្រឹម ០,៧០ ភាគរយ។
លោក Dan Harsono ប្រធានធនាគារ ហត្ថា បាន បញ្ជាក់ថា៖ «កាលពីត្រីមាសទី ៤ ឆ្នាំ ២០២០ សេដ្ឋកិច្ចប្រទេសកម្ពុជាបានបន្តស្ទុះងើបឡើងវិញ ទោះបីជាស្ថានការណ៍ជំងឺកូវីដ១៩លើពិភពលោក នៅតែបន្ត និងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់ក៏ដោយ។ ក្រុមហ៊ុនក្នុងស្រុក និងការប្រើប្រាស់ក្នុងស្រុកដែលជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង»។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរវិធានការសកម្មមុនពីរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការដោះស្រាយតម្រូវការក្រុមហ៊ុន បុគ្គល និងគ្រឹះស្ថានហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងនេះបានជំរុញដល់សកម្មភាពអាជីវកម្មបន្តទៅមុខ ទោះបីជាមានបញ្ហាប្រឈមជាច្រើនដោយសារតែការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ»៕LA