ហ្រ្វេងហ្វឺតៈ Adidas ​ជា​ក្រុមហ៊ុន​​ផលិត​សម្លៀក​បំពាក់​កីឡា​របស់​ប្រទេស ​អាល្លឺម៉ង់ ​បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​​បាន​កត់ត្រា​កំណើន​ប្រាក់​ចំណេញ​ខ្ពស់​កាល​ពី​ឆ្នាំ ​២០១​៨ ​ប៉ុន្តែ​បាន​កាត់​បន្ថយ​ការ​រំពឹង​ទុក​​របស់​ខ្លួន​សម្រាប់​ឆ្នាំ ​២០១​៩​​នេះ ​ដោយ​សារ​សមត្ថភាព​ការ​ផលិត​ត្រូវ​បាន​កម្រិត​។​

ក្រុមហ៊ុន ​Adidas ​បាន​​ឲ្យ​ដឹង​​​ថា ​ប្រាក់​ចំណេញ​សុទ្ធ​របស់​​ក្រុមហ៊ុន ​ដែល​​មាន​មូលដ្ឋាន​នៅ​​ក្រុង Herzogenaurach ​​​កើន​ឡើង ៤៥ ​ភាគរយ​​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ ២០១៧ ​ដល់ ​១,៧ ​ពាន់​លាន​អឺរ៉ូ​ (១,៩ ​ពាន់​លាន​ដុល្លារ​​)។​

ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​កំណើន​​ប្រាក់​ចំណូល ​៣ ​ភាគរយ​ ដល់​កំណើន​ខ្ពស់​បំផុត ​២១,​៩ ​​ពាន់​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ​២០១៨ ​ជា​តួលេខ​មួយ​ ដែល​ក្រុមហ៊ុន​នេះ​មាន​បំណង​​បង្កើន​​ឲ្យ​បាន​ «ចន្លោះ​ពី​ ៥ ទៅ ​៨ ​ភាគរយ​» ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។​

ប៉ុន្តែ​ ខណៈ​ក្រុមហ៊ុន ​Adida​s ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ខ្លួន​បាន​​មើល​ឃើញ​ «​កំណើន​ខ្លាំង​​លើ​តម្រូវ​ការ» ​«កង្វះ​ចង្វាក់​ផ្គត់ផ្គង់​»​ របស់​ខ្លួន​នឹង​មិន​អាច​បន្ត​បាន​ខ្ពស់​ទេ​។​ ក្រុមហ៊ុន​​​​បន្ត​ថា​៖ «​កំណើន​​ត្រូវ​បាន​រំពឹង​ថា​ នឹង​ត្រូវ​​បាន​ប៉ះពាល់​អវិជ្ជមាន ​ជា​ពិសេស​នៅ​អាមេរិក​ខាង​ជើង ក្នុង​​អំឡុង​ឆមាសទី​១ ​ឆ្នាំ​នេះ​»​។

លោក​ Kasper​ Rorsted ​ប្រធាន​​ប្រតិបត្តិ​បាន​ឲ្យ​ដឹង​ថា ​តំបន់​នេះ​ជា​កត្តា​ជំរុញ​មួយ​ក្នុង​ចំណោម «​កត្តាជំរុញ​កំណើន​យុទ្ធសាស្រ្ដ​ជា​ច្រើន»​ ដែល​រួម​ចំណែក​បង្កើន ​២ ខ្ទង់​ដល់​លទ្ធផល​​​កាល​ពី​ឆ្នាំ ​២០១៨ ​ស្រប​ជា​​មួយ​នឹង​ប្រទេស ​ចិន​ និង​កំណើន​​ប្រតិបត្តិការ​ពាណិជ្ជកម្ម​​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​​​​។

នៅ​ទូទាំង​ពិភព​លោក ​យីហោ​​ឆ្នូត ​៣ ​ល្អ​បំផុត​របស់​ក្រុមហ៊ុន ​Adidas បាន​មើល​ឃើញ​ការ​លក់​​កើន​ឡើង​ ៩​ ភាគរយ​។

ប៉ុន្តែ​ប្រាក់​ចំណេញ​របស់​ Reebok ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ បាន​ធ្លាក់​ចុះ ​៣ ​ភាគរយ​ ដែល​បន្ត​ជម្នះ​សម្រាប់​កំណើន​​ដែល​​បាន​បន្ត ​​តាំង​ពី ​Adidas ទទួល​បាន​កាល​ពី​ឆ្នាំ ​២០០៥​។​

ការ​សម្លឹង​ឆ្ពោះ​ទៅ​ឆ្នាំ ២០១​៩ ​អាស៊ី​នឹង​ការពារ​មុខ​តំណែង​របស់​ខ្លួន​ជា​មហា​អំណាច​ផ្នែក​លក់​របស់​​ក្រុមហ៊ុន​ Adidas ​ជា​​​មួយ​នឹង​កំណើន​ ២ ខ្ទង់ ​ខណៈ​​​ទីផ្សារ​អាមេរិក​ខាង​ជើង ​និង​ទីផ្សារ​រីក​ចម្រើន​ខ្លាំង​ផ្សេង​ទៀត​ត្រូវ​បាន​រំពឹង​ថា ​នឹង​​បន្ថែម​កំណើន ​១ ​ខ្ទង់​។​

ទន្ទឹម​នឹង​នេះ ​ក្រុមហ៊ុន​នេះ​សង្ឃឹម​ថា «ប្រាក់​ចំណេញ​នឹង​កើន​​ឡើង» ​នៅ​អឺរ៉ុប​ បន្ទាប់​ពី​ការ​​ធ្លាក់​ចុះ​ការ​លក់​ ៦ ​ភាគរយ​នៅ​ត្រី​មាស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ​២០១៨ ​ដែល​ព្យាករ​ថា «​នឹង​កើន​ឡើង​បន្តិច​បន្តួច​» ​លើ​ប្រាក់​ចំណេញ​​ដែល​កែ​តម្រូវ​តាម​រូបិយប័ណ្ណ​។​

ក្រុមហ៊ុន​ Adidas មាន​បំណង​​បង្កើន​ប្រាក់​ចំណេញ​ នៅ​​ចន្លោះ​ពី ​១០ ​ទៅ ១១ ​ភាគរយ​ខ្ពស់​ជាង​ឆ្នាំ ​២០១៨ ​​រហូត​ដល់ ​១,៩៥ ​ពាន់​លាន​​អឺរ៉ូ​។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ផ្ដល់​ដល់​ក្រុម​វិនិយោគិន​​នូវ​ភាគលាភ​ចំនួន ​៣,៣៥ ​អឺរ៉ូ​ក្នុង ​១ ​ភាគហ៊ុន​សម្រាប់​ឆ្នាំ​មុន ​កើន​ឡើង ​២៩ ​ភាគរយ​កាល​ពី​ឆ្នាំ​ ២០១៧​។​

ប៉ុន្តែ​ការ​ចំណាយ​កាន់​តែ​ខ្ពស់ ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​​ឲ្យ​មាន​​ការ​ចាប់​អារម្មណ៍​លើ​ទីផ្សារ​​នេះ​ ដោយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ធ្លាក់​ចុះ​ ៥,៦ ​ភាគរយ​មក​នៅ​ត្រឹម ​១៩៨,​១៥ ​អឺរ៉ូ ​កាល​ពី​ម្សិលមិញ​​នៅ​ទីក្រុង​ហ្រ្វេងហ្វឺត​ ​ដែល​​តាម​ពី​ក្រោយ​​​សន្ទស្សន៍​តម្លៃ​ភាគហ៊ុន​វិនិយោគ​ DAX៕ AFP/LA