ក្រុងឌូបៃៈ យន្តហោះ 737 MAX ដែលកំពុងជួបបញ្ហារបស់ក្រុមហ៊ុន Boeing កាលពីថ្ងៃអង្គារបានទទួលការជំរុញមួយផ្សេងទៀត ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Astana របស់ប្រទេស កាហ្សាក់ស្ថាន បានឲ្យដឹងថា ខ្លួនមានផែនការទិញយន្តហោះដែលត្រូវបានចតទុកចោលនេះចំនួន ៣០ គ្រឿង។
ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិកមួយនេះបានប្រកាសនៅក្នុងពិព័រណ៍យន្តហោះក្រុងឌូបៃកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបានលក់យន្តហោះម៉ូដែលនេះបានចំនួន ១០ គ្រឿង ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ SunExpress របស់ប្រទេសតួកគីនៅក្នុងការបញ្ជាទិញរឹងមាំមួយគិតចាប់ពីយន្តហោះនេះត្រូវបានចតទុកចោលបន្ទាប់ពីមានធ្លាក់យន្តហោះ ២ លើកដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Air Astana បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនខ្លួនបានចុះហត្ថលេខាលើ «លិខិតបង្ហាញឆន្ទៈ» មួយ ដើម្បីទិញយន្តហោះ 737 MAX-8 ចំនួន ៣០ គ្រឿង ដោយការបញ្ជាទិញនឹងត្រូវបានបញ្ចប់នៅក្នុងពេលខាងមុខ។
ក្រុមហ៊ុន Boeing បានឲ្យដឹងថា យន្តហោះនេះនឹង «បម្រើជាឆ្អឹងខ្នង» របស់ក្រុមហ៊ុន FlyArystan ដែលបម្រើសេវាហោះហើរតម្លៃទាបរបស់ក្រុមហ៊ុន Air Astana។
ព្រឹត្តិការណ៍ពាណិជ្ជកម្មគួរឲ្យកត់សម្គាល់ចុងក្រោយនេះសម្រាប់យន្តហោះដែលមានបញ្ហានេះបានកើតមាននៅខែមិថុនានៅពេលដែលក្រុមហ៊ុន Boeing ទទួលបានលិខិតបង្ហាញឆន្ទៈមួយដែលផ្តល់ដោយក្រុមហ៊ុន IAG ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ដើម្បីទិញយន្តហោះម៉ូដែលនេះចំនួន ២០០ គ្រឿង។
ការចតចោលរបស់យន្តហោះ 737 MAX បានកើតមានឡើងយូរជាងការរំពឹងទុកបឋម ខណៈក្រុមហ៊ុន Boeing បានកែលម្អប្រព័ន្ធនានា និងប្រឈមនឹងការឆ្លើយសំណួរពីនិយតករ និងអ្នកនយោបាយជុំវិញយន្តហោះនេះ។
វិបត្តិនេះគឺជាវិបត្តិមួយក្នុងចំណោមវិបត្តិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ១០៣ ឆ្នាំ របស់ក្រុមហ៊ុន Boeing ហើយបានបង្កឲ្យក្រុមហ៊ុននេះខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារក្នុងគ្រាដែលមានការស៊ើបអង្កេតជាច្រើនដោយអាជ្ញាធរអាមេរិក និងបណ្តឹងពីគ្រួសាររបស់ជនរងគ្រោះ។
ក្រុមហ៊ុនអាកាសចរណ៍ SunExpress បានឲ្យដឹងថា ការទិញយន្តហោះចំនួន ១០ គ្រឿងនេះ គឺជាការបន្ថែមទៅលើការបញ្ជាទិញយន្តហោះចំនួន ៣២ គ្រឿងកន្លងមក។
លោក Jens Bischof អគ្គនាយកក្រុមហ៊ុន SunExpress ថ្លែងថា៖ «យើងមានទំនុកចិត្តពេញលេញថា ក្រុមហ៊ុន Boeing នឹងចែកចាយឲ្យយើងនូវយន្តហោះប្រកបដោយសុវត្ថិភាព ទុកចិត្ត និងមានប្រសិទ្ធភាព»៕ KC