ក្រុង​បាងកកៈ ​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group) និង​ដៃ​គូ​អន្តរ​ជាតិ​របស់​ខ្លួន​ កំពុង​រៀប​ចំ​ដេញ​ថ្លៃ​គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿន​ភ្ជាប់​ព្រលាន​យន្ត​ហោះ​សំខាន់ៗ​ចំនួន​បី​។ នេះ​បើ​តាមកាសែត​បាង​កកប៉ុស្តិ៍។

កាសែត​បាង​កក​ប៉ុស្តិ៍​បានដក​ស្រង់​សំដី​របស់​លោក​ Adiruth Thothaveesansuk អនុ​ប្រធាន​ការិយា​ល័យ​អភិវឌ្ឍន៍​គម្រោង​ពិសេស​របស់​ក្រុម​ហ៊ុន CP Group ខណៈ​លោក​ថ្លែង​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្រុម​ហ៊ុន​និង​សម្ព័ន្ធ​មិត្ត​អាជីវ​កម្ម​របស់​ខ្លួន​បាន​បង្កើត​សម្ព័ន្ធ​ក្រុម​ហ៊ុន​មួយ​ដែល​នឹង​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ដើម្បី​ភ្ជាប់​ប្រលាន​យន្ត​ហោះ U-Tapao នៅ​ក្នុង​ខេត្ត​រ៉ាក់​យ៉ង ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ និង​ព្រលាន​យន្ត​ហោះ​ដន​មឿង​ក្នុង​ទី​ក្រុង​បាង​កក។

លោក ​Adiruth បាន​ថ្លែង​ថា​៖ «សម្ព័ន្ធ​ក្រុម​ហ៊ុន​នេះ​មាន​ដៃ​គូ​ពាណិជ្ជ​កម្ម​ឈាន​មុខ​​ជា​ច្រើន​មក​ពី​ប្រទេស​ថៃ ​និង​ក្រៅ​ប្រទេស​​ដែល​នឹង​នាំ​មក​នូវ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​កម្រឹត​ពិភព​លោក​ ដើម្បី​មក​អភិវឌ្ឍ​គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿន​ដែល​ភ្ជាប់​ព្រលាន​យន្ត​ហោះ​សំខាន់ៗ​ចំនួន​ ៣​»។

លោក​បន្ថែមថា៖ «ភាគី​ទាំង​អស់​មាន​ឆន្ទៈ​និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ថៃ​ឲ្យ​អស់​ពី​សមត្ថ​ភាព​របស់​ពួក​គេ»។

សម្ព័ន្ធ​ក្រុម​ហ៊ុន​ថ្មីនេះ និង​ដៃ​គូ​របស់​ខ្លួន​រួម​មាន​ក្រុម​ហ៊ុន ​Charoen Pokphand Holding (Thailand) ក្រុម​ហ៊ុន​ China Railway Construction Corporation (សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន)​ ក្រុម​ហ៊ុន​ Bangkok Expressway ក្រុម​ហ៊ុន​ Metro Public Company Limited (Thailand) និង​ក្រុម​ហ៊ុន​អុីតាលី-ថៃ Development Public Company Limited ៕ NS