ភ្នំពេញ: ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life Insurance (Cambodia) PLC បានចុះអនុស្សរណៈយោគយល់គ្នា ( MoU) ជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ Viettel Cambodia(Metfone) និងក្រុមហ៊ុន E-Money Payment Solutions ដើម្បីសហការគ្នាលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
Metfone ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទគ្រប់គ្រងដោយរដ្ឋវៀតណាម និងក្រុមហ៊ុន E-Money ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទស្មាតហ្វូននឹងសហការគាំទ្រក្រុមហ៊ុន Dai-ichi Life ជាធានារ៉ាប់រងអាយុជីវិតតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា។
លោក Allen Thai អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life Insurance ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings Inc ចុះបញ្ជីនៅផ្សារភាគហ៊ុនតូក្យូបានថ្លែងក្នុងពិធីចុះអនុស្សរណៈកាលពីថ្ងៃពុធថា MoU នឹងជួយឱ្យក្រុមហ៊ុនទាំង ៣ នេះសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យអតិថិជនទាំងអស់នៅកម្ពុជា ខណៈសេវាកម្មធានារ៉ាប់រងអាយុជីវិតកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។
លោកថ្លែងថា៖ «នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូដ៏ពិសេស ១ ដែលធ្វើឱ្យក្រុមហ៊ុនខ្ញុំអាចផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ និងមានភាពប្រកួតប្រជែងក្នុងការទូទាត់សាច់ប្រាក់សម្រាប់ប្រជាជនកម្ពុជាយ៉ាងទូលំទូលាយលើប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនមិត្តហ្វូន និងអ៊ីម៉ានី»។
លោក Phung Van Cuong អគ្គនាយកនៃក្រុមហ៊ុន Metfone បានឱ្យដឹងថា ក្រុមហ៊ុន Metfone នឹងផ្គត់ផ្គង់សេវាកម្មប្រមូលបុព្វលាភធានារ៉ាប់រងដែលអតិថិជនបង់ជូនក្រុមហ៊ុន Dai-ichi Life តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័ស E-Money ឬតាមគណនីទូរស័ព្ទចល័ត។ ក្រុមហ៊ុនធានារ៉ាប់រងនេះក៏នឹងអាចធ្វើការទូទាត់សាច់ប្រាក់ទៅឱ្យអតិថិជន និងផ្សាយពាណិជ្ជកម្មនូវសេវាធានារ៉ាប់រងនៅលើកម្មវិធី E-Money និងកម្មវិធី My Metfone។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា MoU នេះនឹងផ្តល់នូវដំណោះស្រាយដែលមានសេវាកម្មរហ័សទាន់ចិត្តសន្សំសំចៃពេលវេលា ហើយអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុននេះ»។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកម្មវិធីសម្ពោធសាខារបស់ក្រុមហ៊ុនធានារ៉ាប់រង AIA កាលពីថ្ងៃពុធថា វិស័យធានារ៉ាប់រងនៅកម្ពុជាកំពុងក្លាយជាសសរស្តម្ភមួយទៀតនៃវិស័យហិរញ្ញវត្ថុ និងធនាគារ។
លោកថ្លែងថា៖ «ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យធានារ៉ាប់រងនៅកម្ពុជានោះទេ។ រដ្ឋាភិបាលនឹងបន្តជំរុញឱ្យក្រុមហ៊ុនអន្តរជាតិបន្តវិនិយោគលើវិស័យនេះបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនប្រជាជនកម្ពុជា»។
យោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានបុព្វលាភប្រមាណ ១៣៣,៥ លានដុល្លារកើនឡើងជាង ១២,១ ភាគរយក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១១៩,១ លានដុល្លារ។
បើតាមលោក ម៉ី វ៉ាន់ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងប្រតិបត្តិការចំនួន ៣៨ ក្រុមហ៊ុនក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៦ ។ ចំណែកបុព្វលាភធានារ៉ាប់រងដុលសរុបមានចំនួន ២៥២ លានដុល្លារកាលពីឆ្នាំ ២០១៩ កើន ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈការទូទាត់សំណងជូនអតិថិជនប្រមាណ ៣៦ លានដុល្លារកាលពីឆ្នាំមុន៕