ភ្នំពេញៈ ក្រុមហ៊ុន EU Land and Pepper Investment Co., Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ឆែក និង​កម្ពុជា​នឹង​ប្រមូល​ទិញ​ម្រេច ៥០ ​ភាគរយ​ពី​កសិករ​ខ្នាតតូច​បំផុត​នៅក្នុង​ឆ្នាំ​ ២០២១ ដើម្បី​បង្កើន​ការនាំចេញ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស ពិសេស​ទីផ្សារ​អឺរ៉ុប​។

លោក David Pavel អគ្គនាយក​ក្រុមហ៊ុន EU Land and Pepper Investment Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់តាំងពី​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១៨ មក គម្រោង​របស់​ក្រុមហ៊ុន​បាន​ផ្ដោត​ការយកចិត្ត​ទុកដាក់​សំខាន់​លើ​ការជួយ​ដល់​កសិករ​ម្រេច​កំពត​ខ្នាតតូច​បំផុត ដែល​មិនអាច​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯងបាន​។

លោក​ថ្លែងថា​៖ «​យើង​មិន​គ្រប់គ្រង​កសិដ្ឋាន​ណាមួយ​ទេ​សម្រាប់​មូលហេតុ​នេះ​។ យើង​បង្កើត​ក្រុមហ៊ុន​ឯកជន​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១៨ ដើម្បី​ជួយ​កសិករ និង​ទិញ​ម្រេច​កំពត​ក្នុងតម្លៃ​ពាណិជ្ជកម្ម​សមរម្យ ១០០ ​ភាគរយ ហើយ​តែង​បង់ប្រាក់​ដល់ដៃ​ពួកគេ​ដោយផ្ទាល់​»​។

លោក​បាន​បន្ថែមថា បន្ទាប់ពី​ទិញ ក្រុមហ៊ុន​លោក​ទទួល​ខុសត្រូវ​រាល់​អ្វីៗ​គ្រប់យ៉ាង និង​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ឡូជីស្ទិក ក្រដាស​ស្នាម ការនាំចេញ ការគ្រប់គ្រង​គុណភាព និង​ការវេចខ្ចប់​។

លោក​ឱ្យដឹងទៀតថា ក្រុមហ៊ុន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ដ្រី​នៅ​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA)​។

លោក​ប្រាប់ថា​៖ «​យើង​ប្តេជ្ញាចិត្ត​ថា នឹង​ទិញ​ការផលិត​ ៥០ ​ភាគរយ​ពី​កសិករ​ខ្នាតតូច​បំផុត​របស់​យើង​ក្នុង​ឆ្នាំ​ ២០២១ (​ប្រហែល​ ១៧៥ ​កសិដ្ឋាន​ដែលមាន​ចំនួន​ ១០ ​តោន​)​។ នៅ​ឆ្នាំក្រោយ និង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ យើង​ចង់​ទិញ​ផលិតផល​របស់​ពួកគេ​ ១០០ ​ភាគរយ​។ ទាំងអស់នេះ​គឺ​នៅ​បន្ទាប់ពី​រយៈពេល ៣ ​ឆ្នាំ​នៃ​វត្តមាន​គម្រោង​របស់​យើង​»​។

កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន យ៉ាងហោចណាស់​គ្រួសារ​ដាំ​ម្រេច​កំពត ១៧០ នាក់​បាន​ចូល​ចុះ​កិច្ចព្រមព្រៀង​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​ផ្គត់ផ្គង់​ម្រេច ១០ ​តោន​ឱ្យដល់​ក្រុមហ៊ុន EU Land and Pepper Investment Co Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ឆែក​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

លោក ងួន ឡាយ ប្រធាន KPPA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា​ជំនួយ​របស់​ក្រសួង​នឹង​ជួយផ្ដល់​ទីផ្សារ​ល្អ​សម្រាប់​ម្រេច​កំពត​នៅលើ​ឆាក​អន្តរជាតិ​។

លោក​លើកឡើងថា​៖ «​ការផ្ដល់យោបល់​កាន់តែ​ច្រើន​នឹង​ផ្ដល់ឱ្យ​អ្នក​ដាំដុះ​នូវ​ក្ដីសង្ឃឹម​កាន់តែ​ច្រើន​។ ក្រសួង​ពាណិជ្ជកម្ម​នឹង​ជួយ​រៀបចំ​យុទ្ធសាស្ដ្រ​ឆ្នាំ​ ២០២១-២០២៣ សម្រាប់​ម្រេច​កំពត​»​។

លោក​ឱ្យដឹងទៀតថា ក្រុមហ៊ុន​ចំនួន ៤២ ​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ​ម្រេច​កំពត​ខ្នាតតូច​នៅក្នុង​រដូវ​ប្រមូលផល​ឆ្នាំ​ ២០២១​។

លោក​បន្ថែមថា កម្ពុជា​បាន​នាំចេញ​ម្រេច​កំពត​ជាង​ ៧០ ​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំមុន​។ ម្រេច​ត្រូវបាន​នាំទៅ​បណ្ដា​ប្រទេស​ជាង​ ៥០ ដោយ​ភាគច្រើន​នៅ​តំបន់​អឺរ៉ុប​។

លោក David ឱ្យដឹងទៀតថា ក្រុមហ៊ុន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ទីផ្សារ​ផ្សេងៗ​គ្នា​ទាំងស្រុង និង​នវានុវត្តន៍ ដែលមាន​ផលប៉ះពាល់​លើ​ការលក់ និង​ការនាំចេញ​។

លោក​បន្តថា​៖ «​ការប្ដេជ្ញាចិត្ត​របស់​យើង​សម្រាប់​ឆ្នាំ​ ២០២១ គឺមាន​ចំពោះ​កសិករ​ខ្នាតតូច​បំផុត និង​ KPPA ចំនួន​ ១០ ​តោន​ហើយ​យើង​នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុននាំចេញ និង​ក្រុមហ៊ុន​កែច្នៃ​ម្រេច​កំពត​ធំជាងគេ​ជាច្រើន​»​។

លោក​បន្តថា ដោយសារ​តែ​ការជំរុញ​ទីផ្សារ និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​នៅ​ទីផ្សារ​អឺរ៉ុប​លោក​បាន​ជួបប្រជុំ​ជាច្រើនលើក​រួចមកហើយ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ហើយ​ក្នុង​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​នឹង​ចូលរួម​ក្នុង​ទីផ្សារ​កាន់តែច្រើន និង​ផ្សព្វផ្សាយ​ម្រេច​កំពត​នៅ​ទូទាំង​ពិភពលោក ព្រមទាំង​ធ្វើការ​ងារ​ជិតស្និទ្ធ​ជាមួយ​ KPPA​។

យោងតាម KPPA ផ្ទៃដី​ដែល​បានកំណត់​សម្រាប់​ការដាំដុះ​ម្រេច​បាន​កើន​ពី​ ១០ ​ហិកតា​កាលពី​ឆ្នាំ​ ២០១០ ដល់​ ២៩០ ​ហិកតា​គិត​ត្រឹម​ខែមេសា​ឆ្នាំមុន ជាពិសេស​ក្នុង​ខេត្ត​កែប និង​កំពត ដែល​អាច​ផ្ដល់​ផល ៨២,៧៨ ​តោន​ក្នុង ១ ​ឆ្នាំ​។

លោក ងួន ឡាយ បានឱ្យ​ដឹងថា ម្រេច​នៅពេលនេះ​មានតម្លៃ ១៥ ​ដុល្លារ​ក្នុង​​ ១ ​គីឡូក្រាម សម្រាប់​ម្រេចខ្មៅ ២៥ ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង​ ២៨ ​ដុល្លារ​សម្រាប់​ម្រេចស​។ តម្លៃ​នេះ​មិនបាន​ប្រែប្រួល​ទេ​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។

ទិន្នន័យ​របស់ KPPA ដែល​ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ​ ២០២០ បង្ហាញថា សមាជិក​ខ្លួន​បាន​កើន​ដល់ ៤៥៥ ​គ្រួសារ​ធៀប​នឹង​ចំនួន ១១៨ កាលពី​ឆ្នាំ​ ២០១០ នៅពេល​សមាគម​នេះ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ទោះជា​យ៉ាងណា លោក ងួន ឡាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ថា សមាជិក ៦៨ ​ក្នុងចំណោម​គ្រួសារ ៤៤៧ របស់​សមាគម​បាន​បោះបង់ចោល​ការដាំដុះ​ម្រេច​៕ LA