ក្រុង​ញុវយ៉កៈ ក្រុមហ៊ុន General Motors បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ថា ក្រុមហ៊ុន​មាន​ផែនការ​បន្ថែម​ការងារ​ចំនួន ៧០០ កន្លែង​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ជំរុញ​ផលិតកម្ម​រថយន្ត​ប្រភេទ SUV ដ៏​មាន​ប្រជា​ប្រិយភាព​របស់​ខ្លួនសម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី និង​នូវ៉ែលសេឡង់។​

ការ​សម្រេច​នេះ​ធ្វើឡើង​ក្នុង​រយៈ​ពេល​ជាង ២ ​សប្តាហ៍ បន្ទាប់ពី​ក្រុមហ៊ុន​នេះ បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​ខ្លួន​កាត់​បន្ថយ​ការ​ងារ​ចំនួន ១៥០០ កន្លែង​នៅ​រោង​ចក្រ​ផ្សេង​ទៀត ដែល​ផលិត​​រថយន្ត​ខ្នាត​តូច ដែល​បាន​មើល​ឃើញ​ពី​ការ​ធ្លាក់ចុះ​​តម្រូវ​ការ​។

ចំនួន​ការ​ងារ​ថ្មីនេះ នឹង​ត្រូវ​ដាក់​បន្ថែមនៅ​រោង​ចក្រ​ផលិត​រថយន្ត​នៅ​ទីក្រុង​ស្រ្ពីងហ៊ីល (Spring Hill) ក្នុង​រដ្ឋ​ធែនណេសស៊ី (Tennessee) ដែល​នឹង​ផលិត​រថយន្ត​ប្រភេទ crossover ដែល​មាន​ចំណែក​ទីផ្សារ ៤៨,៥​ ភាគ​រយនៃ​ទីផ្សារ​លក់​រាយ​នៅ​សហរដ្ឋ​អាមេរិក។​

លោក Dayna Hart អ្នក​នាំពាក្យ​ក្រុមហ៊ុន GM បាន​ឲ្យ​ដឹង​តាម​អ៊ីម៉ែលផ្ញើរទៅ​កាន់ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​របស់​អាមេរិក​មួយ​នេះ នឹង​បន្ថែម​វេនការ​ងារ​ទីបី​នៅ​រោង​ចក្រ​ផលិត​​រថយន្ត​នេះ «ដោយ​សារ​តម្រូវ​ការ​ទីផ្សារ​រថយន្ត​ម៉ូដែល GMC Acadia និង​ម៉ូដែល Cadillac XT5 បាន​កើន​ឡើង»។ AFP/BP