ក្រុងញូវយ៉កៈ ក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រ និងព្រីនធ័រ កាលពីថ្ងៃសៅរ៍បានបញ្ជាក់ជាថ្មីពីការបដិសេធរបស់ខ្លួនទៅនឹងសំណើការសុំទិញតម្លៃ ៣៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន Xerox ដោយលើកឡើងថា ចំនួនប្រាក់នេះ «ផ្ដល់តម្លៃទាបខ្លាំង» ដល់ក្រុមហ៊ុនរបស់ខ្លួន។
ការបង្កើតចំណងណាមួយនឹងរួបរួមក្រុមហ៊ុនទាំង ២ ជាមួយនឹងរឿងរ៉ាវប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Xerox ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩០៦ ហើយបានក្លាយជាឈ្មោះរបស់គ្រឿងម៉ាស៊ីនថតចម្លង។
ក្រុមហ៊ុន HP ដែលប្រវត្ដិសាស្ដ្ររបស់ខ្លួនមានតាំងពីឆ្នាំ ១៩៣៩ មកនោះ បានចាប់ផ្ដើមផលិតឧបករណ៍សោតទស្សន៍ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ចប់ឈ្មោះជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗនានាខាងផ្នែកឧស្សាហកម្មបច្ចេកវិទ្យានេះនៅតំបន់ Silicon Valley។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HP បានឲ្យដឹងនៅក្នុងលិខិតមួយថា៖ «យើងបញ្ជាក់ជាថ្មីថា យើងបដិសេធសំណើរបស់ក្រុមហ៊ុន Xerox ដោយសារតែក្រុមហ៊ុននេះផ្ដល់តម្លៃទាបខ្លាំងដល់ក្រុមហ៊ុន HP »។
ក្រុមប្រឹក្សាភិបាលបន្តថា៖ «បន្តមានភាពមិនច្បាស់លាស់ទាក់ទងនឹងសមត្ថភាពរបស់ក្រុមហ៊ុន Xerox ក្នុងបង្កើនចំណែកសាច់ប្រាក់នៃសំណើដែលស្នើឡើង»។
ក្រុមហ៊ុន Xerox កាលពីសប្ដាហ៍មុនបានឲ្យដឹងថា ខ្លួន «មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការបដិសេធលើកដំបូងរបស់ក្រុមហ៊ុន HP ទៅនឹងសំណើទិញជាសាច់ប្រាក់ និងភាគហ៊ុនរបស់ខ្លួនដែលកំណត់តម្លៃ ២២ ដុល្លារក្នុង ១ ហ៊ុនសម្រាប់ក្រុមហ៊ុនកុំព្យូទ័រមួយនេះ។
លោក John Visentin ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Xerox បានឲ្យដឹងថា ការផ្តល់សំណើទិញនេះមានតម្លៃខ្ពស់ជាងតម្លៃភាគហ៊ុនដែលត្រូវបានជួញដូរជាមធ្យមនៅពេលថ្មីៗរបស់ក្រុមហ៊ុន HP ចំនួន ២៩ ភាគរយ។
លោក Carl Icahn ដែលជាវិនិយោគិនសកម្មម្នាក់ថ្មីៗនេះបានប្រាប់កាសែត WSJ ថាការចងសម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំង ២ គឺជាភាពងាយស្រួលមួយដែលនឹងបង្កើនប្រាក់ចំណេញសម្រាប់ភាគទុនិករបស់ក្រុមហ៊ុនទាំង ២។
HP គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅតំបន់ Silicon Valle។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុននេះបានផ្តាច់ខ្លួនចេញពីអាជីវកម្មផលិតផលសហគ្រាស និងសេវាកម្ម៕ LA