
ក្រុមហ៊ុន Khmer Fresh Milk គ្រោងនឹងចែកចាយទឹកដោះគោស្រស់នៅខែក្រោយ។ រូបថត FN
ភ្នំពេញ: ក្រុមហ៊ុន Khmer Fresh Milk ដែលបានចុះបញ្ជីវិនិយោគជាមួយដើមទុនប្រមាណ ១០ លានដុល្លារអាមេរិក វិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ (Kirisu Farm) និងដំឡើងរោងចក្រកែច្នៃទឹកដោះគោស្រស់ ដែលគ្រោងចែកចាយនៅលើទីផ្សារក្នុងខែក្រោយ។
លោក ជី សិលា សហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យនាំយកទឹកដោះគោសុទ្ធពីធម្មជាតិផលិតតាមបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃចំណីអាហារតាមស្តង់ដាអនាម័យលំដាប់ពិភពលោកមកទីផ្សារកម្ពុជា។
លោកថ្លែងថា៖ «យើងបាននាំយកបច្ចេកវិទ្យាទំនើបៗហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែលលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដាំដុះល្បីៗលើពិភពលោកដើម្បីជួយយើងលើបច្ចេកទេសដាំដុះ របៀបមើលថែរក្សាសុខភាពគោ»។
លោកបន្តថា ក្រៅពីទឹកដោះគោស្រស់ ក្រុមហ៊ុនក៏នឹងផលិតយ៉ាអួរស្រស់ និងប៊័រ ហើយក្រុមហ៊ុនគ្រោងនឹងបញ្ចេញលក់ទឹកដោះគោស្រស់លើកដំបូងនៅទីផ្សារក្នុងស្រុកនៅខែក្រោយ។ ទោះបីយ៉ាងណាក្រុមហ៊ុនមិនទាន់អាចបញ្ជាក់តម្លៃលក់លើទីផ្សារនៅឡើយទេ ព្រោះកំពុងសិក្សាពីទីផ្សារ។
លោកអះអាងថា ក្រុមហ៊ុននឹងចែកចាយផលិតផលទឹកដោះគោស្រស់ និងយ៉ាអួរស្រស់តាមផ្សារទំនើបនានាតាមផ្សារម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានានៅក្នុងទីក្រុង។
លោកអះអាងថា ទីផ្សារកម្ពុជាបាននាំចូលទឹកដោះគោស្រស់ ៩៩ ភាគរយ នៃតម្រូវការសរុបពីក្រៅប្រទេស ព្រោះហេតុនោះផលិតផលដែលចែកចាយនឹងត្រូវផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងអស់។ នៅដំណាក់កាលដំបូងក្រុមហ៊ុននេះមានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ២ ០០០ ទៅ ៣ ០០០ លីត្រ ក្នុង ១ ថ្ងៃ ហើយអាចផលិតបាន ១០ ០០០ លីត្រ ក្នុង ១ ថ្ងៃ នៅពេលដែលដំណើរការផលិតកម្មពេញលេញ។
ក្រុមហ៊ុនបានចុះបញ្ជីជាផ្លូវការកាលពីខែកក្កដា ឆ្នាំ ២០១៧ ដែលបោះទុនវិនិយោគចំនួន ១០ លានដុល្លារ។ កសិដ្ឋាននេះស្ថិតលើផ្ទៃដី ៣០០ ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ក្រុមហ៊ុនកំពុងពន្លឿនសកម្មភាពផលិតក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតសម្រាប់ពលរដ្ឋកម្ពុជា។
លោកបន្តថា សព្វថ្ងៃក្រុមហ៊ុនបាននាំចូលគោសម្រាប់ផលិតទឹកដោះ ពូជ Holstein heifers ៥៥០ ក្បាលពីអូស្ត្រាលី។
លោកថ្លែងថា៖ «យើងបានបន្សាំគោទាំងនោះបានយ៉ាងល្អទៅនឹងបរិយាកាសថ្មីនៅទីនេះ ហើយវាមានសុខភាពល្អនៅក្នុងកសិដ្ឋានរបស់យើងដែលកសាងឡើងតាមបច្ចេកវិទ្យាទំនើប។ យើងសប្បាយរីករាយដែលការងាររបស់យើងនៅតែសម្រេចបានតាមផែនការហើយពិតជាមានមោទនភាពដែលយើងអាចសម្រេចការងារស្ទើរតែទាំងស្រុងទៅតាមផែនការដែលយើងបានគ្រោងទុក»។
បច្ចុប្បន្ននៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ២ កន្លែង ដែលផលិតទឹកដោះបានប្រមាណជាង ២ ០០០ លីត្រ ក្នុង ១ ថ្ងៃ៕