ភ្នំពេញៈ Nien Made Enterprise Co Ltd ជា​ក្រុមហ៊ុន​ផលិត និង​លក់​វាំងនន​ឈានមុខ​គេ​មាន​មូលដ្ឋាន​​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា ការបិទ​ព្រំដែន​រវាង​វៀតណាម និង​កម្ពុជា​នឹង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ផលិតផល​របស់​​ខ្លួន​ផលិត​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​កាសែត Taipei Times កាលពី​ថ្ងៃ​ចន្ទ​។

កម្ពុជា និង​វៀតណាម​កាលពី​សប្តាហ៍​មុន​បានប្រកាស​បិទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ ប៉ុន្តែ​ចរាចរណ៍​ទំនិញ​នៅតែ​ធ្វើឡើង​ជាធម្មតា​នៅ​តំបន់ស​នៃ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។

ក្រុមហ៊ុន Nien Made Enterprise Co Ltd ផលិត​វាំងនន និង​រនាំងបង្អួច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ដែល​ការដឹកជញ្ជូន​ត្រូវធ្វើ​ឡើង​កំពង់ផែ​ទីក្រុង​ហូជីមិញ​។

ក្រុមហ៊ុន​ដែល​ផលិតផល​របស់​ខ្លួន​រួមមាន​របាំង​បង្អួច វាំងនន និង​របាំង​ពន្លឺ​បាន​ឲ្យ​ដឹងថា ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​បានរៀបចំ​ផែនការ​នាំចេញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​តែ​ការបិទ​នេះ​។ នេះ​បើ​យោង​តាម​កាសែត Taipei Times​។

បច្ចុប្បន្ន​ក្រុមហ៊ុន Nien Made មាន​មូលដ្ឋាន​ផលិត​ ៤ នៅ​ទីក្រុង Dongguan និង​ខេត្ត Shandong របស់​ប្រទេស​ចិន​ព្រមទាំង​រោងចក្រ​ ១ ​នៅ​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន Nien Made បាន​ជូនដំណឹង​ដល់​អតិថិជន​ជា​ហាង​លក់​ធំៗ​របស់​ខ្លួន​អំពី​គោលនយោបាយ​ទាំងនេះ ហើយ​នឹង​ធ្វើការ​ប្រើប្រាស់​យ៉ាង​ល្អ​នៃ​ទីតាំង​ឃ្លាំង​កម្ពុជា​»​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​របស់​ខ្លួន​អាច​ផ្លាស់ប្តូរ​ផ្លូវ​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដែល​មិនទាន់​កើតឡើង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កាលពី​សប្ដាហ៍​មុន ប្រទេស​កម្ពុជា និង​វៀតណាម បាន​យល់ព្រម​ក្នុង​ការអនុញ្ញាត​ឲ្យ​រថយន្ត​សណ្ដោង​ដឹកទំនិញ​ចូល​ជាធម្មតា​ព្រំដែន​បាវិត និង Moc Bai ដែលមាន​ទីតាំង​នៅ​ខេត្តស្វាយរៀង​របស់​ប្រទេស​កម្ពុជា (​បាវិត​) និង​ខេត្ត​តៃនិញ​របស់​វៀតណាម​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រំដែន​ត្រូវបាន​​បិទ​សម្រាប់តែ​ចរាចរណ៍​មនុស្ស​តែប៉ុណ្ណោះ​។ លោក​បាន​ឲ្យ​ដឹងថា ការធ្វើ​ចរាចរណ៍​ទំនិញ​ចូល និង​ចេញ​របស់​ប្រទេស​ទាំង​ ២ នៅតែ​ត្រូវបាន​អនុញ្ញាត​ជាធម្មតា​គ្រាន់តែ​មាន​វិធានការ​បង្ការ​ជាមុន​មួយ​ចំនួន ត្រូវ​បាន​អង្កេត​ជាពិសេស​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​មាន​បញ្ហា​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​ដំណើរការ​នៅពេលនេះ​មាន​ភាពរលូន​។ យើង​ទទួលស្គាល់​កម្រិត​នៃ​ហានិភ័យ​ខ្ពស់​ដែល​បង្កឡើង​ដោយ​វីរុស​នេះ ប៉ុន្តែ​វា​ក៏មាន​សារៈសំខាន់​ក្នុង​ការរក្សា​សេដ្ឋកិច្ច​ដំណើរការ​ទៅមុខ​ផងដែរ ដោយ​អនុវត្តតាម​យ៉ាង​តឹងរ៉ឹង​ និង​ការណែនាំ​សុវត្ថិភាព​ដោយ​អាជ្ញាធរ​»​។

ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ប្រាក់ចំណូល​សុទ្ធ​កាលពី​ឆ្នាំមុន ១៤៨,-៥១ ​លាន​ដុល្លារ​អាមេរិក​កើនឡើង​ ២៤,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨៕LA