ក្រុង​បាងកកៈ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ និងអាហារ Oishi Group ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ថៃ និង​​កាន់​កាប់ដោយ​មហា​សេដ្ឋី​ថៃលោក Charoen Sirivadhanabhakdi មានផែនការ​បង្កើន​ការ​វិនិយោគ​​ចំនួន ២៥ ភាគរយ​ដល់ ១ ពាន់​លាន​បាត (ប្រហែល ៣០ លាន​ដុល្លារ) នៅ​ឆ្នាំ​ក្រោយ ដើម្បី​រក្សា​ភាពនាំ​មុខ​ក្នុងទីផ្សារ។ នេះ​បើ​យោងតាមកាសែត​បាង​កក​ប៉ុស្តិ៍។

លោក Nongnuch Buranasetkul ប្រធាន និង​ជា​នាយកប្រតិបត្តិការក្រុមហ៊ុន Oishi Group បាន​ប្រាប់​កាសែត​បាង​កក​ប៉ុស្តិ៍ថា ប្រហែល ៥០ ភាគរយ​នៃ​ទឹក​ប្រាក់​​វិនិយោគ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ពង្រីក​ភោជនីយដ្ឋាន ហើយ​ទឹក​ប្រាក់​នៅសល់​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម​ផលិតភេសជ្ជៈ​ដោយ​ជា​ចម្បង​​សម្រាប់​កែ​លម្អ​​រោងចក្រ​ផលិត​តែ​បៃតង​នៅ​ក្នុង​សួន​ឧស្សាហកម្ម Navanakorn នៅខេត្ត​ប៉ាធុថានី។ រោងចក្រ​នេះ​ត្រូវ​បាន​ភ្លើង​ឆេះ​កាល​ពីចុង​ឆ្នាំមុន។

លោក Nongnuch បានថ្លែង​ថា៖ «យើង​គម្រោង​នឹង​ពង្រីក​អាជីវកម្ម​អាហារ និង​ភេសជ្ជៈ​របស់យើង​នៅ​ទីផ្សារ​អាស៊ាន រួមទាំង​ប្រទេស​ថៃ​ផងដែរ ដោយ​ការ​កែលម្អ​ផលិតផល​ថ្មី​មួយ​ចំនួន​ដែលត្រូវបានដាក់ចេញ ដើម្បី​ឲ្យ​ស្រប​​ទៅតាម​តម្រូវការ​របស់អតិថិជន​ដែល​មាន​​បែប​បទ​ជីវិត​ជម្រុះ និង​ស្ថានភាព​ផ្លាស់​ប្តូរ​ទាំង ៥»។

ស្ថានភាព​ផ្លាស់​ប្តូរ​ទាំង ៥ រួមមាន នគរូបនីយកម្ម​យ៉ាង​ឆាប់​រហ័ត កំណើន​ប្រជាជន​មានប្រាក់​ចំណូល​មធ្យម បែប​បទ​ជីវិត​ដែល​ពឹង​ផ្អែក​លើ​បច្ចេក​វិទ្យា ការ​ញ៉ាំ​ប្រកបដោយសុខភាព​ល្អ និង​សង្គម​ដែល​មាន​ប្រជាជន​កាន់តែ​ចាស់ជរា។

លោក Nongnuch ថ្លែង​ថា៖ «អាស៊ាន​ជាទីផ្សារ​ធំ​មួយ​ដែល​មាន​ប្រជាជន​ជាង ៦០០ លាន​នាក់។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​អាស៊ាន​​ឲ្យ​ដល់កម្រិត​ពេញ​លេញ​បំផុត​តាម​ដែលអាច​ធ្វើទៅបាន»៕ KC