ក្រុងតូក្យូៈ ក្រុមហ៊ុន​អេឡិចត្រូនិក Panasonic របស់​ជប៉ុន​បាន​ឲ្យ​ដឹង​កាលពី​ចុងសប្តាហ៍​មុន​ថា ខ្លួន​នឹង​ចាកចេញ​ពី​អាជីវកម្ម​ផលិតកម្ម​ឧបករណ៍​ពាក់កណ្តាល​ចម្លង (semiconductor) ដោយ​លក់​អាជីវកម្ម​ដែល​មិន​ទទួល​បាន​ប្រាក់ចំណេញ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​កោះតៃវ៉ាន់ ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ជួប​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ពី​ក្រុមហ៊ុន​ចិន និង​កូរ៉េ​ខាង​ត្បូង​។

ការលក់​អាជីវកម្ម​នេះ​បង្ហាញ​ពី​ការបញ្ចប់​អាជីវកម្ម​ដែល​ធ្លាប់តែ​ល្បីឈ្មោះ​របស់​ជប៉ុន ដោយ​ក្រុមហ៊ុន Panasonic ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ក្រុមហ៊ុន​ធំ​មួយ​ខាង​ផលិត​បន្ទះ​ឈីប​នៅលើ​ពិភពលោក​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​និង ១៩៩០​។

Panasonic បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​លក់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Panasonic Semiconductors Solutions ទៅ​ឲ្យ​ក្រុមហ៊ុន Nuvoton របស់​កោះ​តៃវ៉ាន់​ដោយ​ការលក់​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា Panasonic នឹង​ទទួល​បាន​ប្រាក់​ ២៥០ ​លាន​ដុល្លារ​។

ក្រុមហ៊ុន Panasonic បាន​ឲ្យ​ដឹងថា វា​គឺជា «​វិធី​ប្រសើរ​បំផុត​» ក្នុង​គ្រា​ដែល «​មានការ​ប្រកួតប្រជែង​ដ៏តានតឹង​ជាមួយ​ការពង្រីក​ការវិនិយោគ និង​ការវិនិយោគ​យ៉ាង​ច្រើន​របស់​ក្រុមហ៊ុន​ជា​គូប្រជែង​»​។

ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នេះ​បាន​កត់ត្រា​ការខាតបង់​ប្រតិបត្តិការ​ចំនួន​ ២១៥ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ​ដែល​បញ្ចប់​នៅ​ខែ​មីនា​៕ KC