ភ្នំពេញៈ ក្រុមហ៊ុន Person & People Group ដែលមាន​ជំនាញ​ក្នុង​ការផលិត​ម៉ាស៊ីន និង​ឧបករណ៍​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការចូល​មក​បើក​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ផលិតផល​ទាំងនេះ​កំពុង​មាន​តម្រូវការ​យ៉ាងច្រើន​នៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោង​តាម​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់​។

Person & People Group គឺជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ប្ដូរ​សម្ពាធ​ខ្យល់ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និង​សម្ភារ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត​ (​ពិសេស​គ្រែ​លើក​អ្នកជំងឺ​មាន​គម្រប ដែល​មាន​បំពាក់​នូវ​ឧបករណ៍​បន្សុទ្ធ​ខ្យល់ ដើម្បី​ការពារ​ការសាយភាយ​ខ្យល់​មិន​ល្អ​ចេញ​មក​ក្រៅ​ [​កូវីដ​១៩]) ខណៈ​ឧបករណ៍​ទាំងអស់​នេះ​កំពុងមាន​តម្រូវការ​យ៉ាងច្រើន​នៅលើ​ពិភពលោក ពិសេស​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្លូវដង្ហើម​កូវីដ​១៩ និង​ការប្រែប្រួល​បរិស្ថាន​។

លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ភាពអំណោយ​ផល​នៃ​សក្តានុពល​ភូមិសាស្ត្រ កម្លាំង​ពលកម្ម​ជំនាញ​សម្បូរបែប នយោបាយ​មាន​ស្ថិរភាព​ល្អ និង​ភាព​ល្អ​ប្រសើរ​នៃ​ច្បាប់​វិនិយោគ​បាន​ធ្វើឲ្យ​វិនិយោគិន​កូរ៉េ​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដែល​នេះ​ក៏​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​កូរ៉េ New Southern policy ផងដែរ​។

លោក​បន្ថែមថា បញ្ហា​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​ការរីក​រាលដាល​កូវីដ​ ១៩ ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិនិយោគិន​កូរ៉េ​ឲ្យ​មក​កម្ពុជា​ផងដែរ​។

ទាក់ទង​នឹង​ក្រុមហ៊ុន Person & People Group លោក​ប្រាប់ថា បន្ទាប់ពី​ជួបគ្នា​ច្រើនលើក​រួចមក ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ប្រាប់ថា ពួកគេ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ចូលមក​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា ដើម្បី​សម្រាប់​បង្កើន​សមត្ថភាព​ផលិតកម្ម និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​មក​ដល់​ពេល​នេះ​ខ្ញុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ ៣ ​លើក​រួច​មក​ហើយ ដើម្បី​ពន្យល់​ពួកគាត់​ពី​ឱកាស សក្តានុពល និង​ភាពអំណោយផល​នៃ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​។ ពួកគេ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កម្ពុជា​»​។

បើ​យោងតាម​លោក ឌីម៉ង់ បច្ចុប្បន្ន​ក្រុមហ៊ុន Person & People Group កំពុង​ដំណើរការ​ផលិត​ឧបករណ៍​ទាំងនេះ​ក្នុង​ប្រទេស​កូរ៉េ​ផ្ទាល់​តែម្តង​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា កូរ៉េ និង​ជប៉ុន ជា​ប្រទេស​ប្រហាក់ប្រហែល​គ្នា​គឺ​មុន​នឹង​ចូលទៅ​បណ្តាក់ទុន​នៅ​ប្រទេស​ណា​ពួកគេ​តែង​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ស្ថានភាព​នយោបាយ និង​ច្បាប់​វិនិយោគ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេស​ទទួល​បាន​ភាពអនុគ្រោះ​ផ្នែក​ពន្ធ សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​ធំៗ ដូចជា​អាមេរិក អឺរ៉ុប និង​ចិន​។ លោក​បាន​បន្តថា ការបណ្តាក់ទុន​នៅ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​បរទេស​អាច​ធ្វើឲ្យ​គេ​ទទួល​បាន​ប្រាក់ចំណេញ​កាន់តែ​ច្រើន ខណៈ​ប្រាក់​ឈ្នួល​ពលកម្ម​ក៏​មាន​តម្លៃថោក​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​នារយៈពេល​ចុងក្រោយ​នេះ​ខ្ញុំ​សង្កេត​ឃើញ ចំនួន​ក្រុមហ៊ុន​កូរ៉េ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​ជា​លំដាប់​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​»​។

យោង​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ បច្ចុប្បន្ន​ការវិនិយោគ​ផ្ទាល់​របស់​កូរ៉េ​នៅ​កម្ពុជា (FDI) មាន​តម្លៃ​ជាង ៤,៤៧ ​ពាន់​លាន​ដុល្លារ​ស្មើនឹង​ក្រុមហ៊ុន​ជាង ២០០៕