ក្រុងសានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិក Qualcomm កាលពីថ្ងៃចុងសប្តាហ៍មុន បានបដិសេធជាលើកទីពីរនូវសំណើទិញរបស់ក្រុមហ៊ុន សិង្ហបុរី Broadcom ក្នុងតម្លៃ ១២១ ពាន់លានដុល្លារ តែក្រុមហ៊ុននេះ បានឲ្យដឹងថា ខ្លួននៅតែស្វាគមន៍ «កិច្ចពិភាក្សាជាបន្ត» ស្តីពីការចងសម្ព័ន្ធណាមួយ។
រយៈពេលពីរថ្ងៃ បន្ទាប់ពីកិច្ចប្រជុំមន្ត្រីប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រធំៗទាំងពីរនេះមក លោក Paul Jacobs ប្រធានក្រុមហ៊ុន Qualcomm បានឲ្យដឹងថា សំណើទិញយកក្រុមហ៊ុនដែលត្រូវបានវាយតម្លៃឡើងវិញនាពេលថ្មីៗនេះ នៅតែមិនទាន់អាចទទួលយកបាន។
តែលោកបានបន្តឲ្យដឹងថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Qualcomm «យកចិត្តទុកដាក់ខ្លាំងលើការបង្កើនតម្លៃសម្រាប់ភាគហ៊ុនិកក្រុមហ៊ុន Qualcomm» ហើយអាចពិចារណាឡើងវិញ បើក្រុមហ៊ុន Broadcom វាយតម្លៃឡើងវិញនូវតម្លៃដែលខ្លួន
បានផ្តល់ឲ្យក្រុមហ៊ុន Qualcomm។
លោក Jacobs បានឲ្យដឹងក្នុងលិខិតបើកចំហរមួយផ្ញើជូនលោក Hock Tan នាយកប្រតិបត្តិក្រុមហ៊ុន Broadcom ថា៖ «ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរបស់យើង បើកទ្វាស្វាគមន៍ការពិភាក្សាជាបន្តជាមួយនឹងក្រុមហ៊ុន Broadcom ប្រសិនបើសំណើ ទិញ យកក្រុមហ៊ុនមួយដែលឆ្លុះបញ្ចាំងបានត្រឹមត្រូវនូវតម្លៃពិតប្រាកដរបស់ភាគហ៊ុននៃក្រុមហ៊ុន Qualcomm និងធានាបាននូវកម្រិតសមស្របនៃភាពប្រាកដប្រជានៃកិច្ចព្រមព្រៀង អាចទទួលបាននោះ»។
លោក Jacobs បានឲ្យដឹងថា ការផ្តល់តម្លៃលើកចុងក្រោយនេះ «មានកម្រិតហានិភ័យខ្ពស់ដែលមិនអាចទទួលយកបាន» ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុន Broadcom ខកខានមិនបានកាត់បន្ថយក្តីបារម្ភអំពីថា តើកិច្ចព្រមព្រៀងមួយនេះ អាចទទួលបានការអនុម័តពីអាជ្ញាធរប្រឆាំងនឹងការប្រកបអាជីវកម្មផ្តាច់មុខនៅសហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងនៅតំបន់ផ្សេងទៀតឬយ៉ាងណានោះ៕ AFP/BP