ក្រុងបាងកកៈ ក្រុមហ៊ុន Siam Makro ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand (CP) Group បានបោះជំហ៊ានចូលក្នុងអាជីវកម្មលក់ដុំនៅប្រទេសឥណ្ឌាតាមរយៈការដាក់ដំណើរការក្រុមហ៊ុន LOTS Wholesale Solutions ដោយបានជឿជាក់ថា ទីផ្សារថ្មីដ៏ធំនេះ នឹងវ៉ាដាច់អាជីវកម្មក្នុងប្រទេសរបស់ខ្លួននៅថ្ងៃណាមួយ។
លោក Tanit Chearavanont នាយកគ្រប់គ្រងក្រុមហ៊ុន LOTS Wholesale Solutions បានឲ្យដឹងថា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បច្ចុប្បន្នជាទីផ្សារអាទិភាពចំពោះក្រុមហ៊ុន Siam Makro។ ក្រុមហ៊ុននេះគ្រោងនឹងវិនិយោគជាង ១០ពាន់លានរ៉ូពី (១៥៦លានដុល្លារ) នៅក្នុងរយៈពេល៥ឆ្នាំដំបូង ដើម្បីបើកមជ្ឈមណ្ឌលចែកចាយទំនិញលក់ដុំ ១៥កន្លែង នៅទូទាំងភាគខាងជើងនៃប្រទេសឥណ្ឌា ដោយបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលចែកចាយទំនិញចំនួន២កន្លែងនៅតំបន់ Delhi National Capital Region (NCR) ក្នុងឆ្នាំនេះ។
លោក Tanit បានប្រាប់សារព័ត៌មាន ETRetail កាលពីសប្តាហ៍មុនថា៖ «ខ្ញុំជឿជាក់ថា យើងអាចពង្រីកអាជីវកម្មបានឆាប់រហ័សនៅប្រទេសឥណ្ឌា តែខ្ញុំមិនចង់បញ្ជាក់ពីតួលេខនោះទេ។ នាពេលអនាគត វាមានលទ្ធភាពដែលប្រទេសឥណ្ឌាអាចវ៉ាដាច់ប្រទេសថៃក្លាយជាទីផ្សារកាន់តែធំសម្រាប់ក្រុមហ៊ុន Siam Makro »។
អាជីវកម្មប្រភេទនេះនៅប្រទេសឥណ្ឌា បច្ចុប្បន្នមានទំហំ ៦៨ពាន់លានរ៉ូពី ឬ ១០,៦ ពាន់លានដុល្លារ ដោយមានកំណើន ១៣ ភាគរយក្នុងឆ្នាំ ២០១៧។ នៅមានឱកាសច្រើនចំពោះភាពរីកចម្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្មលក់ដុំទំនើបដែលចង់ព្យាយាមប្រកួតប្រជែងជាមួយទីផ្សារលក់ដុំដែលមានស្រាប់ និងភាគច្រើនមិនសូវមានសណ្តាប់ធ្នាប់ និងក្រុមហ៊ុនចែកចាយទំនិញនានា។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរបស់ក្រុមហ៊ុន Makro នេះ នឹងប្រកួតប្រជែងនឹងក្រុមហ៊ុនធំៗចំនួនបួននៅប្រទេសឥណ្ឌា ដូចជាក្រុមហ៊ុន Walmart ក្រុមហ៊ុន Metro Cash and Carry ក្រុមហ៊ុន Booker និងក្រុមហ៊ុន Reliance Retail ដែលប្រតិបត្តិការហាងលក់ទំនិញបោះដុំសរុបចំនួន ៩២កន្លែង។
លោក Suchada Ithijarukul នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានឲ្យដឹងថា៖ «ប្រទេសថៃចំណាយពេល២៨ឆ្នាំ ដើម្បីបើកហាងលក់ទំនិញបានចំនួន ១២៣កន្លែង។ ខ្ញុំមិនគិតថាយើងនឹងចំណាយពេល ២៨ ឆ្នាំ ដើម្បីបើកហាងលក់ទំនិញចំនួន ១២៣ កន្លែងនៅប្រទេសឥណ្ឌានោះទេ។ យើងនឹងអាចបើកហាងលក់ទំនិញបានច្រើនកន្លែងនៅប្រទេសឥណ្ឌាបានឆាប់រហ័សជាងដោយសារសក្តានុពលនៅប្រទេសនេះផ្តល់ឲ្យ»។
លោក Tanit វ័យ២៨ឆ្នាំ បានបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែជាទីផ្សារមួយដែលមិនទាន់បានទាញយកនូវផលប្រយោជន៍នៅឡើយសម្រាប់ពាណិជ្ជកម្មលក់រាយ និងលក់ដុំទំនើប។
បច្ចុប្បន្ន ក្រុមហ៊ុន Siam Makro ប្រតិបត្តិការនៅប្រទេសថៃ (Makro ROH, Siam Food Services and Promart) នៅប្រទេសវៀតណាម (Vina Siam Food) នៅប្រទេសមីយ៉ាន់ម៉ា (aro) និងនៅកម្ពុជា Cambodia (Makro)។ ហើយក្រុមហ៊ុននេះក៏កំពុងពិចារណាពង្រីកអាជីវកម្មទៅប្រទេសចិនផងដែរ៕ B.Post/BP