ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Sony Interactive Entertainment កាលពីថ្ងៃចន្ទបានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុន Insomniac Games ដែលជាស្ទូឌីយោផលិតវីដេអូហ្គេមរឿង «មនុស្សពីងពាង» និងរឿង « Ratchet & Clank » ដែលលក់ដាច់បំផុត។
ក្រុមហ៊ុន Sony មិនបានបង្ហាញលក្ខខណ្ឌហិរញ្ញវត្ថុនៃការទិញនេះទេដែលការទិញនេះនឹងដាក់ក្រុមហ៊ុន Insomniac ចូលទៅក្នុងក្រុមស្ទូឌីយោរបស់ខ្លួនដែលផលិតហ្គេមផ្ដាច់មុខសម្រាប់ម៉ាស៊ីនវីដេអូហ្គេម PlayStation របស់ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិកឈានមុខគេរបស់ប្រទេសជប៉ុនមួយនេះ។
លោក Shawn Layden ប្រធានក្រុមហ៊ុន Sony Interactive Entertainment Worldwide Studios បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ក្រុមហ៊ុន Insomniac Games គឺជាស្ទូឌីយោមួយក្នុងចំណោមស្ទូឌីយោអភិវឌ្ឍន៍ដែលមានការទទួលស្គាល់ខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះ ហើយកេរដំណែលពាក់ព័ន្ធនឹងហ្គេមរបស់ក្រុមហ៊ុននេះ គ្មានគូប្រដូច»។
ការចូលកាន់កាប់ក្រុមហ៊ុននេះដោយ Sony នឹងត្រូវការការអនុម័តផ្នែកបទប្បញ្ញត្តិ។
ក្រុមហ៊ុន Insomniac ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាត្រូវបានបង្កើតឡើងប្រហែល ២៥ ឆ្នាំមុន និងបានផលិតវីដេអូហ្គេមដោយជោគជ័យ រួមមានរឿង Ratchet & Clank រឿង Spyro the Dragon និងរឿង «Resistance»។
ស្ទូឌីយោនេះបានធ្វើការងារជាមួយក្រុមហ៊ុន Sony interactive និងក្រុមហ៊ុន Marvel Games លើការផលិតរឿងមនុស្សពីងពាង ដែលលក់បានជាង ១៣,២ លានសន្លឹកនៅទូទាំងពិភពលោក។ នេះបើយោងតាមក្រុមហ៊ុន Sony។
លោក Ted Price ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Insomniac បានថ្លែងថា៖ «យើងរីករាយនឹងទំនាក់ទំនងពិសេសជាមួយ PlayStation អនុវត្តចាប់តាំងពីការចាប់ផ្ដើមក្រុមហ៊ុនរបស់យើង»។
លោកបន្តថា៖ «ភាពជាដៃគូរបស់យើងពង្រឹងសក្ដានុពលរបស់យើង ហើយរឿង «មនុស្សពីងពាង» គឺជាសក្ខីភាពនៃភាពជាដៃគូនេះ»។
ក្រុមហ៊ុន Sony មានគោលបំណងបន្ថែមក្រុមហ៊ុន Insomniac ទៅក្នុងក្រុមស្ទូឌីយោរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះរៀបចំផលិតម៉ាស៊ីនវីដេអូហ្គេម PlayStation ជំនាន់ថ្មីមួយ។
ថ្មីៗនេះក្រុមហ៊ុន Microsoft ដែលជាគូប្រជែងរបស់ Sony បានដាក់បង្ហាញម៉ាស៊ីនវីដេអូហ្គេម Xbox ជំនាន់ក្រោយ ហើយគ្រោងចេញលក់ចុងឆ្នាំក្រោយ៕ LA