ក្រុងតូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុង​ផ្អាក​ការសាកល្បង​រថយន្ត​ស្វ័យ​បើកបរ​របស់​ខ្លួន បន្ទាប់ពី​រថយន្ត Uber ស្វ័យ​បើកបរ​បាន​សម្លាប់​អ្នក​ថ្មើរជើង​ម្នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។

ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី Uber បាន​ផ្អាក​រួច​ហើយ​ការប្រើប្រាស់​រថយន្ត​ស្វ័យ​បើកបរ​នេះ បន្ទាប់ពី​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ជាច្រើន​របស់​ខ្លួន​បាន​បុក និង​សម្លាប់​អ្នក​ថ្មើរជើង​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋ​អារីហ្សូណា សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន Toyota បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ចេញ​តាមរយៈ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ដែល​អនុវត្ត​ការស្រាវជ្រាវ​រថយន្ត​ស្វ័យ​បើកបរ TRI របស់​ខ្លួន​ថា​៖ «​យើង​មិន​អាច​គិត​ទុក​មុន​អំពី​បុព្វហេតុ​គ្រោះថ្នាក់ ឬ​អ្វី​ដែល​វា​អាច​មាន​ន័យ​ចំពោះ​ឧស្សាហកម្ម​ស្វ័យ​បើកបរ​ដែល​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​៖ «​គម្រោង TRI កំពុង​ផ្អាក​ការសាកល្បង​ក្នុង​ទម្រង់​ជា​អ្នក​បើកបរ​ដោយសារ​តែ​អ្នក​បើកបរ​របស់​ខ្លួន​សម្រួល​អារម្មណ៍​មក​វិញ​ពី​សោកនាដកម្ម​នេះ​។ យើង​កំពុង​ត្រួតពិនិត្យ​ស្ថានការណ៍ ហើយ​គ្រោង​នឹង​បន្ត​ការសាកល្បង​ជាថ្មី​នៅ​ក្នុង​ពេលវេលា​សមរម្យ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «​ការផ្អាក​នេះ​មាន​ន័យ​ថា​នឹង​ផ្ដល់​ពេលវេលា​ដល់​ពួកគេ​ដើម្បី​រម្ងាប់​អារម្មណ៍​របស់​ពួកគេ និង​ធ្វើ​ឲ្យ​អារម្មណ៍​មាន​តុល្យភាព​ឡើង​វិញ​»​។

ក្រុមហ៊ុន Toyota បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បន្ត​ការ​សាកល្បង​រថយន្ត​ពាក់កណ្ដាល​ស្វ័យ​បើកបរ​របស់​ខ្លួន​វិញ​។

ប៉ុន្តែ​រាល់​ការ​សាកល្បង​រថយន្ត​ស្វ័យ​បើកបរ​ទាំងអស់​លើ​ដង​ផ្លូវ​សាធារណៈ ដែល​ពី​មុន​ធ្វើ​ឡើង​នៅ​ជប៉ុន និង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​មីឈីហ្គេន​កំពុង​ផ្អាក​៕ LA