ប្រជាជនកម្ពុជាទាំងអស់អាចប្រើ Visa តាមរយៈកម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈឌីជីថលសម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលឈានមុខគេនៅក្នុងពិភពលោក និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការ ដើម្បីផ្តល់ ជូននូវសេវាកម្ម ''Wing Virtual Visa Card'' ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ដោយយកបទពិសោធរបស់អតិថិជនជាអាទិភាពស្នូលធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឱ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង»។ លោកបន្តទៀតថា៖ «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចបង្កើត ''Wing Virtual Visa Card'' និងទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង»។
ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតបានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ Visa កាតដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាន និងការកំណត់ឥណទានអថេរ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «តាងនាមឱ្យ Visa យើងមានមោទនភាពក្នុងការធ្វើជាដៃគូសហការជាមួយក្រុមហ៊ុនដែលមានភាពច្នៃប្រឌិត ដូចជាធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជំរុញឱ្យប្រទេសរបស់យើង បោះជំហានកាន់តែខិតជិតទៅនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់»។
អ្នកស្រីបន្តទៀតថា៖ «ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យសាធារណជនមានទំនោរចង់ចៀសវាងកន្លែងសាធារណៈ ព្រមទាំងជំរុញឱ្យពួកគាត់មានការផ្លាស់ប្តូរដោយជ្រើសរើសការទិញទំនិញតាមរយៈអ៊ីនធឺណិតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីងកាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិត ឥឡូវនេះអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុន»។
ភាពជាដៃគូនេះបានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិក រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា។
បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន ការទូទាត់វិក្កយបត្រការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិការទិញទំនិញតាមអ៊ីនធឺណិត និងការទូទាត់តាមរយៈ QR កូដជាដើម។ ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសម្ថភាព ដើម្បីធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់គណនីធនាគារតាមរយៈការធ្វើបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
លោក ម៉ានូ ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ជាមួយការរីករាលដាលនៃជំងឺរាតត្បាតដែលបានជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេសវាមានសារៈសំខាន់ណាស់ដែលយើងបង្កើនសេរីភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព»។
អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រឡប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។ ព័ត៌មានលម្អិតស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ៕