ភ្នំពេញៈ ខេត្តកំពង់ស្ពឺរំពឹងថា នឹងអាចទាក់ទាញបានការចូលបណ្តាក់ទុនកាន់តែច្រើនពីសំណាក់វិនិយោគិនបរទេស ពិសេសជនជាតិអាមេរិក ក្រោយពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានទៅធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តរួចមក។
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០ លោក Patrick Murphy បានសម្តែងនូវការរីករាយយ៉ាងខ្លាំង ដោយបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ពិសេសរោងចក្រជាច្រើនដែលបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ និងមានការគោរពច្បាប់ការងារបានល្អប្រសើរផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ និងការគោរពច្បាប់ការងារល្អនៅតាមរោងចក្រ បានធ្វើឲ្យចំនួននៃការចូលមកវិនិយោគក្នុងខេត្តកំពង់ស្ពឺកើនឡើងជាលំដាប់។ លោកបន្តថា ជាមួយនឹងភាពល្អប្រសើរនៃទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំស្ថានទូតអាមេរិក លោករំពឹងថានឹងមានវិនិយោគិនបរទេស ពិសេសជនជាតិអាមេរិកកាន់តែច្រើននឹងចូលមកបើករោងចក្រក្នុងខេត្តមួយនេះ។
លោកថ្លែងថា៖ «លោកឯកអគ្គរដ្ឋទូតអាមេរិកបានសម្តែងការចាប់អារម្មណ៍ចំពោះវិស័យសេដ្ឋកិច្ចក្នុងខេត្ត ពិសេសការគោរពលក្ខខណ្ឌការងារ ដែលជាកត្តាជំរុញឲ្យរោងចក្រសហគ្រាសផ្សេងៗចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺ»។
បច្ចុប្បន្នមានរោងចក្រចំនួន ៤៣ ក្នុងខេត្តកំពង់ស្ពឺកំពុងផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក។ នេះបើយោងតាម លោក សំណាង។
បើយោងតាមលោក សំណាង គិតត្រឹមដើមខែកក្កដា នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំ ១៦១ (កំពុងដំណើរការ ១៤៣ និង ១៨ កំពុងសាងសង់) ដោយប្រើប្រាស់កម្លាំងពលកម្មសរុប ១២០ ៧៣៤ នាក់។ ចំណែកវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានសរុបចំនួន ១ ៥០៨ មូលដ្ឋាន ប្រើកម្លាំងពលកម្មសរុប ១៣ ៣៩៥ នាក់។
ទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក មានតម្លៃសរុប ២,៧៥ ពាន់លានដុល្លារ កើន ២៣,០៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួនជិត ២,២៤ ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញពីអាមេរិកមកកម្ពុជាមានតម្លៃ ១៤៤,៦ លានដុល្លារធ្លាក់ចុះ ៤៥,៤៣ ភាគរយ ពីចំនួន ២៦៥ លានដុល្លារ៕ LA