ក្រុងព្រះសីហនុៈ ខេត្ត​ព្រះសីហនុ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ចិន​ថ្មីៗ​ដែល​នឹង​ស្តារ​ស្ថានភាព​ទីក្រុង​ទេសចរណ៍​តំបន់ឆ្នេរ​របស់​កម្ពុជា​មួយ​នេះ​ឲ្យ​ល្អប្រសើរ​ឡើងវិញ ខណៈ​ការវិនិយោគ​ធំៗ បច្ចុប្បន្ន​ភាគច្រើន​ជា​ប្រភេទ​សណ្ឋាគារ និង​កាស៊ីណូ​។

ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ស្ថានទូត​ចិន​កាលពី​ខែ​សីហា អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ឲ្យ​ដឹងថា ដ្បិត​ការបិទ​អាជីវកម្ម​អនឡាញ​បាន​ធ្វើឲ្យ​ប៉ះពាល់​រយៈពេល​ខ្លី​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល ទាំង​ផ្នែក​អចលនទ្រព្យ និង​វិស័យ​ការងារ អាជីវកម្ម​នេះ​អាច​និយាយ​ថា ជា​សេដ្ឋកិច្ច​ពពុះ​សាប៊ូ និង​គ្មាន​សុចរិតភាព ព្រម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​។

លោក​ថ្លែងថា​៖ «​វិស័យ​ការងារ​គឺ​អ្នក​កំពុង​បម្រើការ​ក្នុង​ល្បែង​អនឡាញ​នឹង​ជួប​វិបត្តិ​គ្មាន​ការងារ​ធ្វើ បន្ទាប់មក​គឺ​កម្មករ​ក្នុង​វិស័យ​សាងសង់​ដែល​ត្រូវ​ផ្អាក​ការងារ និង​បន្ត​ដល់​អាជីវកម្ម​លក់ដូរ​»​។

ទោះបី​យ៉ាងនេះ​ក្តី​លោក​លើកឡើង​ថា ភាគី​ចិន​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ថ្មី​មកពី​ប្រទេស​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ​។ លោក​បាន​ថ្លែងថា​៖ «​ស្ថានទូត​ប្រទេស​ចិន​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​អ្នក​ពាណិជ្ជកម្ម​ត្រៀម​ទៅកាន់​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ឆាប់ និង​ជួយ​គាំទ្រ​នូវ​ការវិនិយោគ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើឲ្យ​មាន​និរន្តរភាព​ការងារ​មាន​ឡើងវិញ​»​។

តាម​លោក គួច ចំរើន គម្រោង​សំណង់​ភាគច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ពេលនេះ​ត្រូវ​បាន​ផ្អាក​ដែល​នេះ​អាច​និយាយថា ជា​វិបត្តិ​មួយ​ក្នុង​ខេត្ត​។

លោក​បន្តថា​៖ «[​យើង​] ​សង្ឃឹម​ថា​លោក​ទូត​នឹង​ជួយ​ជំរុញ​ផ្នែក​ផ្សេងៗ​ដើម្បី​មក​បន្ត ឬ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ចូលមក​វិនិយោគ​គម្រោង​នឹង​សាងសង់​រមណីយដ្ឋាន​នៅ​ជាប់​ឆ្នេរ​។ យើង​ពិតជា​ចង់​ឲ្យ​វិស័យ​ទេសចរណ៍​បាន​កាន់តែ​រីកចម្រើន ព្រោះ​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ស្ថានទូត​នឹង​ជួយ​គាំទ្រ​ផ្នែក​សំណង់​ដែល​ជា​ការផ្តល់​នូវ​ភាពនឹងនរ​ចំពោះ​សំណង់​ដែល​បាន​សង់​រួចរាល់​ហើយ​»​។

វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​រង​ផលប៉ះពាល់​បន្ទាប់ពី​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដា​សំណង់​ក្រោយពី​មានការ​បាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​ដែល​បណ្តាល​ឲ្យ​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ខណៈ​ថ្មីៗ​នេះ​អាជ្ញាធរ​ក៏បាន​បិទ​អាជីវកម្ម​អនឡាញ​ដែល​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​។

ទោះបី​យ៉ាងនេះ​ក្តី​លោក គួច ចំរើន បាន​ឲ្យ​ដឹងថា ខណៈ​សំណង់​ធំៗ​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ​ជា​របស់​ក្រុមហ៊ុន​ធំៗ និង​មាន​ស្តង់ដា​សំណង់​ធុន​មធ្យម និង​សំណង់​តូចៗ​ភាគច្រើន​សាងសង់​ដោយ​គ្មាន​ច្បាប់​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ថ្មីៗ​នេះ​ខេត្ត​ព្រះសីហនុ​ទើប​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​ ៣ របស់​វិនិយោគិន​ចិន​ដែល​មាន​តម្លៃ​ជាង​ ១០០ ​លាន​ដុល្លារ​។ លោក​បនុ្ត​ថា ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ចិន ខេត្ត​ព្រះសីហនុ រំពឹង​ថា​នឹង​បន្ត​ទទួល​បាន​នូវ​កំណើន​វិនិយោគ​បន្ថែម​ទៀត​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ច​សហការ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ចិន​ជំនួស​ឲ្យ​ការបិទ​ល្បែង​អនឡាញ ប្រទេស​ចិន​បាន​សន្យា​ថា​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ល្អៗ​លើ​វិស័យ​ផ្សេងៗ​ដែល​មិនមែន​ជា​វិស័យ​កាស៊ីណូ​ឲ្យ​ចូល​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត​»​។

គម្រោង​វិនិយោគ​ថ្មីៗ​ដែល​ខេត្ត​ព្រះសីហនុ​ទើប​ទទួល​បាន​រួមមាន គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ រោងចក្រ​កែ​ច្នែ​ស្បែក​សត្វ និង​ចំណី​សត្វ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការទាក់ទាញ​បាន​វិនិយោគិន​ថ្មីៗ​ក្រៅពី​វិស័យ​កាស៊ីណូ អាច​និយាយថា​ជា​ការល្អ​ណាស់ ព្រោះ​វា​ជា​ការវិនិយោគ​រយៈពេល​វែង និង​មិន​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុងសង្គម​។

ការវិនិយោគ​រយៈពេល​វែង គឺ​មិន​ត្រឹមតែ​បង្កើត​ការងារ​មួយ​ដែល​មាន​ភាពច្បាស់លាស់ និង​មាន​ជំនាញ​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ស្ថិរភាព​ផងដែរ​។ លោក​បាន​ថ្លែងថា​៖ «​វិស័យ​អចលនទ្រព្យ​នឹង​រក្សា​បាន​កំណើន​វិជ្ជមាន នៅពេល​ដែល​សេដ្ឋកិច្ច​កាន់តែ​ល្អប្រសើរ​»៕ LA