ភ្នំពេញៈ ខ្សែ​រថភ្លើង​ថ្មី​មួយ​ដែល​មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ​ភ្ជាប់​ពី​ ប៉ោយប៉ែត ទៅ​ក្រុង​ សិរីសោភ័ណ ទី​រួម​ខេត្ត​ បន្ទាយមានជ័យ​ នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ហើយ​បើក​ឲ្យ​សាធារណជន​ ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ជា​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​មន្រ្តី​ផ្នែក​ផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ។

លោក ច័ន្ទ សំឡេង ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន (MPWT) បាន​ឲ្យ​​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​ពិធី​បើក​ដំណើរ​ការ​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​​ក្រោម​​វត្តមាន​លោក​រដ្ឋមន្ដ្រី​​ ស៊ុន​ ចាន់ថុល ខណៈ​​ជើង​រថភ្លើង​ដំបូង​នឹង​ចេញ​ពី​ប៉ោយប៉ែត ទៅ​សិរីសោភ័ណ។ ការ​ធ្វើ​ដំ​ណើរ​នឹង​មាន​ ៣ ជើង​ក្នុង​ ១ ថ្ងៃ។

លោក​បាន​ថ្លែង​ថា៖ «នា​ពេល​បណ្តោះ​​អាសន្ន សាធារណៈជន​នឹង​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ ពួក​គាត់​ត្រូវ​មាន​សំបុត្រ គឺ​មិន​អាច​ឡើង​ជិះបាន​តាម​សេរី​ទេ»។

លោកបន្ត​ថា ការ​ផ្តល់​សេវា​ឥត​គិត​​ថ្លៃ​នេះ​នឹង​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​ ៣១ កក្កដា។

សម្រាប់​ដំណាក់​កាល​នៃ​ដំណើរ​ការ​បណ្តោះ​អាសន្ន​នេះ រថភ្លើង​នឹង​មាន​ ២ ទូ គឺ​ទូទី​មួយ​​សម្រាប់​ដឹក​អ្នក​ដំណើរ និង​ទូ​ទី ២ សម្រាប់​ដាក់​អីវ៉ាន់។

យោង​​តាម​លោក សំឡេង រថភ្លើង​​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ជិត ១០០ នាក់​ក្នុង​មួយ​​ជើង។

លោក​បញ្ជាក់ថា បន្ទាប់​ពី​ខ្សែ​រថភ្លើង​ ប៉ោយប៉ែត-សិរីសោភ័ណ​នេះ ខ្សែ​រថភ្លើង​ផ្សេង​ទៀត​ដូចជា​ពី​ស្ថានីយ​អ្នក​ដំណើរ​ភ្នំពេញ ទៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជាដើម នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​មុន​ចូល​ឆ្នាំ​​ខ្មែរ​ខាង​មុខ​នេះ៕