ភ្នំពេញៈ ខណៈ​វា​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា វិស័យ​កសិកម្ម​កំពុង​ទាក់ទាញ​ការយក​ចិត្ត​ទុកដាក់​ទាំង​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​។

គម្រោង​គាំទ្រ​កសិកម្ម​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ដោយ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល នៅ​ពេល​នេះ​កំពុង​នាំយក​ការផ្លាស់ប្តូ​រវិជ្ជមាន​សម្រាប់​កសិករ​ភាគច្រើន​ក្នុង​គម្រោង​នេះ​។

លោក គៀន សុភា អនុប្រធាន នាយកដ្ឋាន​សាកវប្បកម្ម និង ដំណាំ​រួមផ្សំ​នៅ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​មូលនិធិ​នេះ​បាន​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​កសិករ​រាប់ពាន់​គ្រួសារ​នៅ​ប្រទេស​នេះ​មាន​ការ​ផ្លាស់ប្តូរ​។

លោក​ថ្លែង​ថា​៖ «​មាន​ការផ្លាស់ប្តូរ​ជាច្រើន​សម្រាប់​ជីវភាព​រស់នៅ​របស់​កសិករ យើង​បាន​កត់សម្គាល់​ថា​ប្រាក់​ចំណូល​របស់​ពួកគេ​កើនឡើង​ ២ ​ដង​ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​»​។

លោក​បន្ថែម​ថា​ នៅ​ពេល​នេះ​កសិករ​ភាគច្រើន​បាន​ងាក​ទៅ​រក​ការ​ធ្វើ​ជា​កសិករ​ទំនើប​។

លោក​បន្ត​ថា​៖ «​ដោយ​ពឹង​ផ្អែក​លើ​មូលនិធិ​នេះ យើង​បង្កើត​ក្រុម​ការងារ និង​សហករណ៍​ដែល​កសិករ​អាច​ពិភាក្សា​គ្នា​ពី​បញ្ហា​របស់​ពួកគេ និង​ចែករំលែក​បទពិសោធ​របស់​ពួកគេ​សម្រាប់​ការទទួល​បាន​ការផលិត​កាន់តែ​ខ្ពស់​ប្រកប​ដោយ​គុណភាព និង​ស្ដង់ដារ​»​។

លោក​បន្ត​ថា​ប៉ុន្តែ​កសិករ​មួយ​ចំនួន​នៅ​តែ​ពិបាក​ក្នុង​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​របស់​ពួកគាត់​។ លោក​បាន​ថ្លែង​ថា​៖ «​កសិករ​ខ្លះ​មិន​ចង់​ធ្វើ​កសិកម្ម​ដោយ​ពឹង​ផ្អែក​លើ​រចនាសម្ព័ន្ធ ដោយ​ការកត់ត្រា​ធាតុ​ចូល​ទាំងអស់​នោះ​ទេ ពួកគេ​ចង់​ធ្វើ​កសិកម្ម​ដោយ​គំនិត​ចាស់ៗ​របស់​ពួកគេ ពួកគេ​មិន​ចង់​ទទួល​យក​វិញ្ញាបនបត្រ​ពី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ​ទេ ដែល​នេះ​វា​ពិបាក​ក្នុង​ការបង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ​»​។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៦ បាន​ចាក់​បញ្ចូល​សាច់ប្រាក់ ២០ លាន​ដុល្លារ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​គម្រោង​ដំណាំ​កសិកម្ម​រយៈពេល ៣ ​ឆ្នាំ​សម្រាប់​កសិករ​នៅ​បណ្ដាយ​ដង​ទន្លេ​មេគង្គ​។

ទិសដៅ​នេះ​នឹង​ផ្គត់ផ្គង់​បន្លែ​ស្ដង់ដារ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព ១៦០ តោន​ក្នុង​មួយ​ថ្ងៃ​ទៅ​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​។

វិស័យ​សាកវប្បកម្ម និង ដំណាំ​រួមផ្សំ​របស់​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​បញ្ហា​អស់​រយៈពេល​ជាយូរ​មក​ហើយ​ដែល​ធ្វើឲ្យ​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​កសិកម្ម​មួយ​នេះ​ត្រូវ​នាំ​ចូល​បន្លែ​ផ្លែឈើ​ជិត​ ៣០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ប្រទេស​ជិត​ខាង​។

មាន​កសិករ​ដាំដំណាំ​កសិកម្ម​ជាង ២ ០០០ គ្រួសារ និង​សហករណ៍​ស្រូវ ២០០ គ្រួសារ​នៅ​ក្នុង​គម្រោង​នេះ​។

កម្មវិធី​រយៈពេល ៣ ​ឆ្នាំ​នេះ​មាន​ន័យ​ថា​ដើម្បី​ពង្រឹង​ការធ្វើ​កសិកម្ម​បន្លែ​ដោយ​អនុវត្តតាម​ស្ដង់ដារ GAP ដែល​ផ្ដោត​លើ​ដំណាំ​កសិកម្ម​អាទិភាព​ចំនួន ១៣ ដែល​រួម​មាន​សាលាដ ម្ទេស ប៉េងប៉ោះ ត្រសក់ និង​ត្រសក់ស្រូវ​។

ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដូចជា IFAD, ADB, GIZ និង FAO ក៏​ជា​មូលនិធិ​ដ៏​សំខាន់​លើ​វិស័យ​កសិកម្ម សម្រាប់​ការលើក​កម្ពស់​កំណើន​ការផលិត​កសិកម្ម​ផង​ដែរ​។

IFAD បាន​ផ្ដល់​មូលនិធិ ១៨៩,៥ ​លាន​ដុល្លារ​រួច​ហើយ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៦ មក​ដល់​ពេល​នេះ​សម្រាប់​អនុវត្ត​លើ​គម្រោង​ ១០ ​នៅ​កម្ពុជា​ក្នុង​ការលើក​កម្ពស់​វិស័យ​កសិកម្ម​ដោយ​បង្កើត​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ​នៃ​គ្រួសារ​ជនបទ​ដើម្បី​ការពារ​កសិករ​ដោយសារ​វិបត្តិ និង​ដើម្បី​កែលម្អ​ការផ្ដល់​សេវា​ជា​បន្ត​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ ខណៈ​ការវិនិយោគ​ក្នុង​ចង្វាក់​ទំនិញ​ប្រើប្រាស់​រួម​គ្នា និង​ការអភិវឌ្ឍ​ទីផ្សារ​។

លោក ម៉េង ស័ក្តភូសេត មន្ដ្រី​កម្មវិធី​ប្រចាំ​ប្រទេស​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) បាន​ថ្លែង​ថា កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ក្បាល​ម៉ាស៊ីន​កំណើន ហើយ​វា​នៅ​តែ​ផ្ដល់​សារៈសំខាន់ ទោះបី​ជា​ការធ្លាក់​ចុះ​ចំណែក​ប្រាក់​ចំណូល​នៅ​ជនបទ​ក៏ដោយ​។ លោក​ថ្លែង​ថា​៖ «​អត្រា​ភាពក្រីក្រ​កំពុង​ធ្លាក់​ចុះ និង​កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ដ្រ​»​។

លោក​បន្ត​ថា​៖ «​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការផ្លាស់ប្តូរ​កសិកម្ម​របស់​ខ្លួន​ត្រូវ​បាន​គាំទ្រ​ដោយ​គោលនយោបាយ​សាធារណៈ​លើក​កម្ពស់​កំណើន​ដែល​ជំរុញ​ដោយ​ទីផ្សារ​បើក​ចំហ​ពាណិជ្ជកម្ម និង​ការ​វិនិយោគឯកជន​»​។

អ្នកស្រី​ ឡាច ម៉ុម ជា​កសិករ​មួយ​រូប​ក្នុង​គម្រោង​នេះ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា​ស្ថិត​ក្រោម​គម្រោង​នេះ​គ្រួសារ​របស់​អ្នកស្រី​មើល​ឃើញ​ការផ្លាស់ប្តូរ​វិជ្ជមាន​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ទទួល​បាន​ការគាំទ្រ និង​ការលើក​ទឹក​ចិត្ត​ជាច្រើន​ពី​គម្រោង​នេះ​»​។ អ្នកស្រី​បន្ថែម​ថា​៖ «​ពួកគេ​បង្រៀន​ពួកយើង​ក្នុង​ការដាំដុះ និង​ផ្ដល់​ដល់​ពួកយើង​នូវ​គ្រាប់ពូជ ហើយ​បន្ទាប់មក​យើង​អាច​លក់​ដោយ​ងាយស្រួល​ដល់​ទីផ្សារ ហើយ​អ្នក​ទិញ​ត្រូវការ​ពី​ពួកយើង​ផង​ដែរ​»​។

អ្នកស្រី ឡាច ម៉ុម បាន​ថ្លែង​ថា​បន្ទាប់ពី​អ្នកស្រី​ចូលរួម​ក្នុង​គម្រោង​នេះ​អ្នកស្រី​អាច​រក​ប្រាក់​បាន​ជាង​ ២៥០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

អ្នកស្រី​បន្ត​ថា​៖ «​ពី​មុន​ខ្ញុំ​ដាំ​ដុះ​ដោយ​គ្មាន​មូលដ្ឋាន ណា​មួយ​ទេ​ហើយ​ការផលិត​របស់​ខ្ញុំ​មិន​ល្អ​នោះ​ទេ នៅពេល​នេះ​ខ្ញុំ​មិន​បារម្ភ​អំពី​ការ​ធ្វើ​កសិកម្ម​របស់​ខ្ញុំ​ទៀត​ទេ ហើយ​មិន​បារម្ភ​អំពី​ប្រាក់​ចំណូល​របស់​ខ្ញុំ​ដូច​ពី​មុន​នោះ​ដែរ​»​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ថា ការអនុវត្ត​គម្រោង​កសិកម្ម​កាន់តែ​ច្រើន​គឺ​បាន​ដើរតួនាទី​ដ៏សំខាន់​មួយ​សម្រាប់​ការជួយ​ដល់​កសិករ​។

លោក​ថ្លែង​ថា​៖ «​គម្រោង​កសិកម្ម​លើក​កម្ពស់​ការយល់ដឹង​របស់​កសិករ ដើម្បី​យល់​ដឹង​ពី​ការធ្វើ​កសិកម្ម​ដោយ​បច្ចេកទេស ដែល​បង្កើត​ការផលិត​ព្រម​ទាំង​ប្រាក់ចំណូល​ផង​ដែរ​»​។ លោក​បន្ថែម​ថា​វា​មិន​គ្រាន់តែ​កំណើន​នៅក្នុង​វិស័យ​ស្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បន្លែ និង​ការ​ធ្វើ​កសិកម្ម​សត្វពាហនៈ​ផង​ដែរ​៕LA