ភ្នំពេញៈ Renaissance Minerals (Cambodia) Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី​បានឱ្យ​ដឹងថា ខ្លួន​នៅតែមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ក្នុង​ខេត្តមណ្ឌលគិរី​នៃ​ប្រទេស​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ក៏បាន​កំណត់​ទិសដៅ​ក្នុង​ការចាប់ផ្ដើម​ផលិតកម្ម​ជា​លើកដំបូង​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ​ដូច​ការគ្រោងទុក​។

យោងតាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន​ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍ ទទួលបាន​កាលពី​សប្ដាហ៍​មុន​ឱ្យ​ដឹងថា គម្រោង​រ៉ែ​មាស​អូរខ្វាវ​នៅ​តែ​បន្ត​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ការអភិវឌ្ឍ​គម្រោង​រ៉ែមាស អូរខ្វាវ ដោយ​សកម្មភាព​ទាំងអស់​កំពុង​រីកចម្រើន​ស្រប​នឹង​ពេលវេលា​អភិវឌ្ឍ និង​ការព្យាករ​ថវិកា​។ «​ការអភិវឌ្ឍ​រ៉ែ​មាស​អូរខ្វាវ​បន្ត​តាម​ពេលវេលា តាម​ថវិកា​» ក្រុមហ៊ុន Emerald នៅតែ​រក្សា​គោលការណ៍​សម្រាប់​ការផលិត​លើកដំបូង​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២១ នេះ​»​។

របាយការណ៍​នេះ​បង្ហាញថា សាច់ប្រាក់​សរុប​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ក្រុមហ៊ុន​មាន​ប្រហែល​ ៥៨,៦ ​លាន​ដុល្លារ ​ដែល​មានន័យថា ក្រុមហ៊ុន Emerald នៅតែ​ទទួលបាន​មូលនិធិ​ពេញលេញ ដើម្បី​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ជាមួយ​នឹង​យថាភាព​បន្ថែម​។

ទោះយ៉ាងណា ដោយសារ​ជំងឺ​កូវីដ ​១៩ មិនទាន់​ទប់ស្កាត់​បាន វា​ក៏បាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​ទីតាំង​នេះ​ខ្លះ ប៉ុន្តែ​ក្រុមហ៊ុន​មិនមាន​ការពន្យារ​ណាមួយ​នោះទេ​។

លោក Morgan Hart នាយក​គ្រប់គ្រង​ក្រុមហ៊ុន Emerald បាន​ឱ្យដឹង​ក្នុង​របាយការណ៍​ថា ក្នុងអំឡុង​ត្រីមាស​នេះ ក្រុមហ៊ុន​បាន​បន្ត​បង្កើន​សកម្មភាព​អភិវឌ្ឍន៍​នៅក្នុង​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ជាមួយ​នឹង​ការងារ​លើកដី និង​បេតុង​មាន​ភាពស៊ីចង្វាក់​គ្នា​ល្អ​ជាមួយ​នឹង​តារាង​ពេលវេលា​ផ្ដល់​ឧបករណ៍ ដូច​ក្នុង​ពេលវេលា​កំណត់​ការអភិវឌ្ឍ​គម្រោង​នេះ​។

លោក Morgan Hart បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​គម្រោង​នេះ​មាន​ភាពរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ស្រប​នឹង​ការរំពឹង​ទុក​នៅក្នុង​អំឡុងពេល​ត្រីមាស​នេះ ដែល​ជា​កិត្តិយស​មួយ​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​។ ពួកគេ​កំពុង​គ្រប់គ្រង​បញ្ហា​ឡូជីស្ទិក​ប្រកបដោយ​ជោគជ័យ ទោះបី​រង​ឥទ្ធិពល​ខ្លះ​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​ទូទាំង​ពិភពលោក ខណៈ​ដែល​ក្រុមហ៊ុន​នៅ​តែ​រក្សា​វិធានការ​ជា​ចម្បង ដើម្បី​ធានា​សុខភាព និង​សុខុមាល​ភាពជា​បន្ត​របស់​បុគ្គលិក ក្រុមហ៊ុន​ម៉ៅការ និង​ភាគទុនិក​»​។

លោក Bernie Cleary ប្រធាន​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន Renaissance បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ កាលពី​ចុង​ខែ​មករា ថា លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុមមន្ដ្រី​របស់​លោក​បាន​ចុះមក​ដល់​ទីតាំង ដើម្បី​ពិនិត្យមើល​ការរីកចម្រើន​ការអភិវឌ្ឍ​របស់​គម្រោង​រ៉ែ​មាស​អូរខ្វាវ​នេះ​។

លោក​បាន​និយាយថា​៖ «​រដ្ឋមន្ដ្រី និង​ក្រុម​គណៈប្រតិភូ​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការមក​មើល​ទីតាំង និង​ពិនិត្យមើល​សកម្មភាព​សាងសង់ និង​ការរុករក​រ៉ែ សម្រាប់​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ និង​ទំនើប​លើកដំបូង​នៅ​កម្ពុជា​»​។

លោក​លើកឡើង​ថា​៖ «​គម្រោង​នេះ​នៅតែ​ស្ថិត​លើ​ដំណើរ​ផ្លូវ​សម្រាប់​ការផលិត​រ៉ែ​មាស​ក្នុង​អំឡុង​ត្រីមាស​ទី​ ២ ឆ្នាំនេះ ដែល​ចាប់ពី​ចំណុច​នោះ​យើង​នឹង​ផលិត​រ៉ែ​មាស ១០៧ ០០០ ​អោនស៍ ក្នុង​ ១ ​ឆ្នាំ​ ពី​អណ្ដូងរ៉ែ​បើកចំហ​តែ ១ ​គត់ និង​រោងចក្រ​កែច្នៃ​រ៉ែ​មាស​»​។

គម្រោង​នេះ​ទទួលបាន​សិទ្ធិ​អនុញ្ញាត​បរិស្ថាន​ពេញលេញ​ពី​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ​ ២០១៧ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​ឆ្នាំ​ ២០១៨ បន្ទាប់មក​កិច្ចព្រមព្រៀង​វិនិយោគ​រ៉ែ​កាលពី​ចុងឆ្នាំ​ ២០១៩ ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​។ ក្រុមហ៊ុន Renaissance មាន​ទីតាំង​ស្ថិតក្នុង​ដំណើរការ​អភិវឌ្ឍន៍​រ៉ែ​មាស​នៅ​តំបន់​អូខ្វាវ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​៕LA

វីដេអូ៖