ភ្នំពេញៈ​ គម្រោង​ដំណាំ​កសិកម្ម​និង​បន្លែ​មាន​តម្លៃ​ ២០ ​លាន​​​ដុល្លារ​ នៅ​​ខេត្ត​តាម​បណ្ដោយ​ដង​​ទន្លេ​មេគង្គ ​បាន​ផ្គត់ផ្គង់​បន្លែ​​​ជាង​ ៦០ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ​នៃ​បរិមាណ​ដែល​បាន​កំណត់​ ១៦០ តោន​។​ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​កសិកម្ម​។​

កម្ម​វិធី​ជំរុញ​ការ​ផលិត​ស្បៀង​​របស់​ក្រសួង​កសិកម្ម ​ដែល​ដាក់​​ឲ្យ​ដំណើរ​ការ​ជា​លើក​ដំបូង​​​រយៈ​ពេល​ ៣ ឆ្នាំ​​​កាល​​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦​ ដើម្បី​គាំទ្រ​ដល់​អ្នក​​ដាំដុះ​ដំណាំ​កសិកម្ម​ នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ​និង​បាន​កំណត់​ទិស​ដៅ​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​​ក្នុង​ស្រុក​ ១៦០ ​តោន​​ ក្នុង​ ១ ថ្ងៃ​​ នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​ ២០១៩​។​

លោក ​គៀន​ សុភា ​អនុ​ប្រធាន​​នាយកដ្ឋាន​សាក​វប្បកម្ម ​និង​ដំណាំ​រួម​ផ្សំ​នៃ​ក្រសួង​កសិកម្ម ​បាន​ឲ្យ​ដឹង​ថា រហូត​មក​​ដល់​ពេល​​នេះ​ មាន​កសិករ​ ២,០៦០ ​នាក់​និង​សហ​ករណ៍​ស្រូវ​ ២៦០ ​នៅ​​ក្នុង​ខេត្ត​តាម​បណ្ដោយ​​ដង​ទន្លេ​មេគង្គ កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ​។​

លោក​ថ្លែង​ថា ​កម្មវិធី​រយៈពេល​​ ៣ ​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឲ្យ​រីក​ចម្រើន​​ឡើង​វិញ​ការ​ដាំដុះ​បន្លែ​ដែល​​អនុវត្ត​តាម​ស្ដង់ដារ​​​ធ្វើ​កសិកម្ម​ល្អ (​GAP)​ ដែល​​បាន​បង្កើត​​ឡើង​ដោយ​ក្រសួង​កសិកម្ម​ ដោយ​ផ្ដោត​លើ​ដំណាំ​កសិកម្ម​ អាទិភាព​ ១៣ ​ប្រភេទ​ ​រួមមាន​ សាលាដ​ ម្ទេស ​ស្ពៃ​ក្រញាញ់ ​ប៉េង​ប៉ោះ ​ត្រសក់ ​និង​ននោង​។​

បច្ចុប្បន្ន បន្លែ​ក្នុង​គម្រោង​នេះ​​​​អាច​ផ្គត់ផ្គង់​បាន ​៦២ ​តោន​ដល់​ទីផ្សារ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​ ដោយ​មួយ​ចំនួន​ត្រូវ​បាន​​​បញ្ជូន​មក​លក់​នៅ​​ភ្នំពេញ​។​

លោក គៀន​ សុភា​ រំពឹង​ថា​ គម្រោង​នេះ​នឹង​អាច​ផ្គត់ផ្គង់​​ ១០០ តោន​ ក្នុង​ ១ ថ្ងៃ​ត្រឹម​ចុង​ឆ្នាំ ២០១៩ ជា​ពេល​ដែល​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​។​ ​លោក​ថ្លែង​ថា​៖ «​ស្ថិត​ក្រោម​ GAP ​បច្ចុប្បន្ន​បន្លែ​កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ ទោះ​បី​ជា​វា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​មាន​ទំនុក​ចិត្ត​លើ​ការ​ផលិត​ក្នុង​ស្រុក​»​។ លោក​បន្ត​ថា​ កសិករ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ អំពី​បច្ចេកទេស​ ក្នុង​ការ​ដាំដុះ​ ដើម្បី​ទទួល​​បាន​ទិន្នផល​ និង​គុណ​ភាព​កាន់​​តែ​ខ្ពស់​។​

បច្ចុប្បន្ន​​កម្ពុជា​ប្រើប្រាស់​​បន្លែ​​ប្រមាណ​ ៥០០ ​តោន​ក្នុង​ ១ ​​ថ្ងៃ​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ២០ ​ម៉ឺន​ ទៅ ៣០ ម៉ឺន​​ដុល្លារ​​។​

កម្ពុជា​នាំចូល​បន្លែ​ និង​ផ្លែ​ឈើ​​ប្រហែល ៤០ ​ភាគរយ​​ក្នុង​តម្លៃ​​ប្រហែល ​២០០ ​លាន​ដុល្លារ​​ក្នុង​ ១ ​ឆ្នាំ ជា​ពិសេស​​ពី​ប្រទេស​ វៀត​ណាម​ ដែល​ត្រូវ​បាន​​គេ​ដឹង​ថា ​មាន​ផ្ទុក​សារធាតុ​គីមី ​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។​

លោក ​ស៊ុន​ សុខ​ហេង ជា​កសិករ​​ ១ ​រូប​ ដែល​បាន​ចូល​រួម​​​ក្នុង​គម្រោង​នេះ ​និង​កំពុង​ដាំ​ដុះ​​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា​ បាន​​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​គម្រោង​នេះ​មក លោក​អាច​បង្កើន​ទិន្នផល​ពី ១០ តោន​ក្នុង​ ១ ​ឆ្នាំ​ ដល់ ១៣ ​​តោន​ក្នុង​ ១ ​ឆ្នាំ ដែល​រក​ប្រាក់​ចំណូល​​​បាន​​ពី ២,០០០ ​ដុល្លារ ​ទៅ​ ៤,០០០ ​ដុល្លារ​​ក្នុង​ ១ ឆ្នាំ​។​

លោក​លើក​ឡើង​ថា​៖ «​យើង​រៀន​សូត្រ​បាន​ច្រើន​អំពី​​ការ​ដាំដុះ​​ដោយ​អនុវត្ត​តាម GAP ហើយ​យើង​អាច​លក់​ក្នុង​តម្លៃ​កាន់​​តែ​ប្រសើរ​»។ ប៉ុន្តែ​លោក​បន្ថែម​ថា កសិករ​ចង់​ឲ្យ​​មាន​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ ដែល​​នឹង​រក្សា​ការ​ដាំ​ដុះ​របស់​ពួក​​គេ​កាន់​តែ​មាន​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់​ថា​៖​ «​វា​ជា​បញ្ហា​ប្រឈម​​ផង​ដែរ​សម្រាប់​ពួក​យើង ដោយ​សារ​​​ទីផ្សារ​​មិន​មាន​​សុវត្ថិភាព​សម្រាប់​ពួក​យើង ​ខណៈ​អ្នក​ទិញ​របស់​ពួក​យើង​​​មិន​ចង់​​ធ្វើ​​​កិច្ច​សន្យា​ជា​មួយ​យើង​នោះ​ទេ​»​។​

លោក ​ហាច ​ហៀន ​ជា​អ្នកទិញ​ក្នុង​ស្រុក​ម្នាក់​ដែល​អះអាង​​​ថា បាន​​ប្រមូល​ទិញ​បន្លែ​យ៉ាង​ហោច​​ណាស់​ ៥០០ គីឡូ​​ក្រាម​ក្នុង​​ ១ ​ថ្ងៃ​ពី​កសិករ​បាន​ឲ្យ​ដឹង​ថា ​​លោក​មិន​អាច​ធ្វើ​​កិច្ច​សន្យា​ជា​​មួយ​កសិករ​បាន​ទេ​ ខណៈ​លោក​​នៅ​តែ​​ប្រឈម​ការ​ប្រកួត​ប្រជែង​ជា​មួយ​បន្លែ​នាំចូល​ និង​អ្នក​​ដាំ​ក្នុង​ស្រុក​ផ្សេង​ទៀត​​។

លោក​​ថ្លែង​ថា​​៖​ «​ទោះ​បី​ជា​ខ្ញុំ​អាច​​លក់​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ​​ក៏​ដោយ ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អាច​ធ្វើ​​កិច្ច​សន្យា​​បាន​ទេ ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​តែ​​ប្រកួត​ប្រជែង​​តម្លៃ​ជា​មួយ​អ្នក​ផ្គត់ផ្គង់​បន្លែ​ផ្សេង​​ទៀត​ និង​បន្លែ​នាំ​ចូល​ក្នុង​ស្រុក ដោយ​មាន​តម្លៃ​​កាន់​តែ​ទាប​​​ផង​ដែរ​»៕​LA