ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (CAST) ដែលត្រូវបានគាំទ្រថវិកាដោយក្រសួងកសិកម្មអាមេរិក ត្រូវបានប្រកាសដាក់ឲ្យដំណើរការកាលពីម្សិលមិញ ក្នុងគោលដៅអភិវឌ្ឍន៍ការចិញ្ចឹមត្រី និងសត្វក្នុងទឹកជាលក្ខណៈពាណិជ្ជកម្មដោយសម្រិតសម្រាំងពូជ និងចំណី។
ជាមួយនឹងមូលនិធិ ១៧,១ លានដុល្លារផ្ដល់ដោយក្រសួងកសិកម្មអាមេរិក (USDA) គម្រោង CAST ត្រូវបានអនុវត្តដោយសមាគមសណ្ដែកសៀងអាមេរិក (ASA)។ គម្រោងនេះនឹងមានរយៈពេល ៥ ឆ្នាំចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៣។ ក្រៅពីនេះដើម្បីបង្កើនលទ្ធភាព ក្នុងការបង្កាត់ពូជត្រី និងចំណី គម្រោងនេះនឹងពង្រឹងទំនាក់ទំនងទាំងអស់ក្នុងចង្វាក់តម្លៃ ចាប់ពីការភ្ញាស់ ដល់ក្រុមហ៊ុនផលិត អ្នកទិញ និងក្រុមហ៊ុនចែកចាយ។
លោក Michael E. Newbill ភារធារីស្ថានទូតអាមេរិក បានឲ្យដឹងនៅក្នុងការដាក់ឲ្យដំណើការ CAST កាលពីម្សិលមិញ ថា គម្រោងនេះគឺមានតែមួយគត់សម្រាប់ប្រទេស កម្ពុជា ដោយសារតែវាត្រូវបានប្រើប្រាស់ធនធានច្រើន សណ្ដែកសៀង និងការប្រើប្រាស់ វាជាស្ដុកចំណីសត្វ សម្រាប់ឧស្សាហកម្មជលវប្បកម្ម ដែលរីកចម្រើនរបស់កម្ពុជា។
លោកថ្លែងថា៖ «វារីវប្បកម្មជាវិស័យដ៏សំខាន់មួយនៅ កម្ពុជា ដែលផលិតកម្មមានទំហំរហូតដល់ ២០ ម៉ឺនតោន គ្រាន់តែ ឆ្នាំ២០១៧ មួយឆ្នាំ ដែលស្មើនឹងកំណើនប្រចាំឆ្នាំរហូតដល់ ១៧ ភាគរយ»។
លោក Michael បានបន្ថែមថា ទិសដៅនៃការបង្កើនការផលិតជលវារីវប្បកម្មរបស់ CAST ស្របជាមួយនឹងគោលនយោបាយក្រសួងកសិកម្មកម្ពុជា ហើយនឹងកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកបន្តថា៖ «គម្រោង [CAST] នឹងកាត់បន្ថយនូវសម្ពាធពឹងផ្អែកលើការចាប់ត្រីធម្មជាតិ ដែលនៅពេលបច្ចុប្បន្ននេះ ការពឹងលើការចាប់ត្រីធម្មជាតិមានដល់ទៅ ៧៦ ភាគរយឯណោះនៃផលិតកម្មត្រីសរុប»។
គម្រោងនេះនឹងគ្របដណ្ដប់លើទីផ្សារសំខាន់ៗនៅភ្នំពេញ សៀមរាប និងខេត្តចំនួន ៦ ដែលនៅតាមដងទន្លេ ដូចជាខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់។
លោក Jim Hershey ប្រធាន CAST Cambodia បានឲ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតត្រីទឹកសាបពាណិជ្ជកម្ម រោងចក្រផលិតចំណីសត្វ ការភ្ញាស់ ការបន្ថែមកម្មករ និងសហគ្រាសធុនតូច និងមធ្យមក្នុងចង្វាក់តម្លៃវារីវប្បកម្មពាណិជ្ជកម្ម។
លោក Jim ថ្លែងថា៖ «យើងកំពុងស្វែងរកកសិករដែលចង់ក្លាយជាសហគ្រិន និងពាណិជ្ជករ និងពាណិជ្ជករស្ដ្រី ដែលយល់ថា ពួកគេត្រូវតែចាប់ផ្ដើមជាមួយនឹងពូជល្អ ពួកគេត្រូវតែចិញ្ចឹមពូជល្អ ហើយពួកគេត្រូវតែថែរក្សាស្រះរបស់ពួកគេ»។
លោកបានបន្តថា៖ «[កសិករមានលក្ខណសម្បត្តិគ្រប់គ្រាន់] ត្រូវតែត្រៀមខ្លួនឲ្យហើយ ដើម្បីលក់ត្រីមានគុណភាពល្អ។ យើងនឹងជួបមនុស្សទាំងនោះ និងជ្រើសរើសអ្នកទាំងនោះ ដោយសារតែយើងធ្វើការវាយតម្លៃជាមូលដ្ឋាន»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ការអភិវឌ្ឍវារីវប្បកម្មល្អ សម្រាប់ជីវភាពរបស់ប្រជាជនកម្ពុជា ក្រៅពីការបង្កបង្កើតផលស្រូវ ហើយវាជួយកាត់បន្ថយការនាំចូលផលិតផលត្រីពីប្រទេសជិតខាង។ លោកថ្លែងថា៖ «ចាប់ពីពេលនេះតទៅ យើងចាំបាច់ត្រូវផ្ដោតលើវារីវប្បកម្ម។
យើងមិនអាចចាប់ត្រីធម្មជាតិឲ្យលើសពីចំនួនកម្រិត ៦០០ ០០០ តោនបានទេ។ ដូច្នេះ CAST មានសារៈសំខាន់ក្នុងការរួមចំណែកការពារ ការនេសាទលក្ខណៈធម្មជាតិសម្រាប់អនាគត»៕LA