ភ្នំពេញ៖ គម្រោង​ចំនួន ២៦ ​ដែល​មាន​តម្លៃ​សរុប​ជាង​ ៥៨៤ ​​​លាន​ដុល្លារ ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ផ្តល់​ការ​អនុញ្ញាត​​ក្នុង​រយៈ​ពេល ១៩ ​​ថ្ងៃ​ដំបូង ​នៃ​ ខែ​មេសា នេះ ទោះបី​​ជំងឺ​កូវីដ ​១៩ កំពុង​បន្ត​​ការ​រីក​រាល​ដាល​ក៏​ដោយ​។​

ការ​បន្ថែម​គម្រោង​ចំនួន ៥ ដែល​មាន​ទុន​វិនិយោគ​ ​២៤​,១ ​​លាន​ដុល្លារ ​​នៅ​ក្នុង​សប្តាហ៍​​មុន​បាន​ធ្វើ​ឲ្យ​ចំនួន​គម្រោង​ដែល CDC យល់​ព្រម​អនុម័ត​ចាប់​ពី​ដើម​ខែ​មេសា ដល់​​ថ្ងៃ​ទី ​១៩ ខែ​មេសា កើន​​ដល់ ​២៦ ​គម្រោង ក្រោម​ទុន​វិនិយោគ​​សរុប ៥៨៤,​៣ ​​លាន​ដុល្លារ និង​​អាច​បង្កើត​ការងារ​ថ្មី​ ១៧ ១៦៦​ កន្លែង​។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​CDC បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃទី ​១៣ ដល់​ ១៧​ ខែ​មេសា ឆ្នាំ ​២០២០ ដែល​ជា​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ CDC បាន​សម្រេច​​​ចុះ​បញ្ជី​​ដល់​ក្រុមហ៊ុន​ចំនួន ៥ ​ដែល​​មាន​តម្លៃ​សរុប ២៤,១ ​លាន​ដុល្លារ។

គម្រោង​ទាំង​នោះ​​​រួម​មាន​ គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​របស់​ក្រុមហ៊ុន Boeey Garment Co., Ltd. នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​​ភ្នំពេញ មាន​ទុន​​វិនិយោគ​ ៥,៦ លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៦៤៨ ​នាក់ គម្រោង​បង្កើត​​រោងចក្រ​ផលិត​ថង់​យួរ​គ្រប់​​ប្រភេទ​របស់​ក្រុមហ៊ុន Multiwin Textile ​(Cambodia) Co., Ltd. ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​​ទុន​វិនិយោគ​ ៤,១ លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​បាន ​១ ០១៣ នាក់។

ចំណែក​គម្រោង​​​​ផ្សេង​ទៀត​រួម​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន Cambodian Wuxi Jin Mao Garment Co., Ltd. ​ស្ថិត​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ មាន​ទុន​វិនិយោគ​ ៥,៨ ​លាន​ដុល្លារ​ បង្កើត​ការងារ​បាន​ចំនួន​ ២ ៩៧៤ នាក់, គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រប់​ប្រភេទ ​(ក្រណាត់) របស់​ក្រុមហ៊ុន Cambodian Fg-Xn Packaging Industrial Co., Ltd. ​ស្ថិត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ ៤,៧ លាន​ដុល្លារ​ ដោយ​បង្កើត​ការងារ​បាន​ ៥១៦ ​​កន្លែង ព្រម​ទាំង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​របស់​​ក្រុមហ៊ុន Namper Packaging (Cambodia) Co., Ltd. ស្ថិត​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ មាន​ទុន​វិនិយោគ ៣,៩ លាន​ដុល្លារ​ និង​បង្កើត​ការងារ​បាន​ ២២២ ​កន្លែង។

លោក គី សិរីវឌ្ឍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​អនុម័ត​គម្រោង​ថ្មីៗ​របស់​ CDC ជា​ការ​បង្ហាញ​ថា សកម្មភាព​សេដ្ឋកិច្ច​​កម្ពុជា​មិន​បាន​ធ្លាក់​​ចុះ​ខ្សោយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ព្រោះ​ទន្ទឹម​នឹង​ការ​​រាល​ដាល​នៃ​ជំងឺ​​កូវីដ ​១៩ ​រដ្ឋាភិបាល​​ក៏​សម្រេច​ឲ្យ​ប្រជាជន​នៅ​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ដើម្បី​ធានា​ថា កម្លាំង​ផលិតកម្ម​នៅ​តែ​មាន​និរន្តរភាព​។​

លោក​​​បនុ្ត​ថា នេះ​ជា​ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​ និង​ដើម្បី​លុប​បំបាត់​ការ​ព្រួយ​បារម្ភ​ ព្រោះ​នៅ​ពេល​សង្គម និង​​ប្រជាពលរដ្ឋ​មាន​ការ​​​បារម្ភ​វា​នឹង​ធ្វើ​ឲ្យ​ចរន្ត​នៃ​ការ​ប្រើប្រាស់​ថវិកា​ធ្លាក់​ចុះ ដែល​នឹង​នាំ​ទៅ​ដល់​កម្លាំង​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

លោក​បន្ត​ថា៖ ​«​នេះ​ជា​យុទ្ធសាស្រ្ត​ផ្លូវ​ចិត្ត​ដែល​គ្រប់​ប្រទេស​​នៅ​លើ​ពិភព​លោក​តែង​តែ​ធ្វើ​ក្នុង​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ដំណើរការ​សេដ្ឋកិច្ច​តាម​រយៈ​ភាព​សុទិដ្ឋិនិយម​ក្នុង​សង្គម»។

នៅ​ក្នុង​ទស្សនៈ​បែប​វិជ្ជមាន​ លោក សិរីវឌ្ឍ ​បាន​និយាយ​ថា ចំនួន​គម្រោង​ដែល​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​នឹង​មាន​កំណើន​​​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​​អាមេរិក​ជា​ច្រើន​កំពុង​ដក​ការ​វិនិយោគ​របស់​ខ្លួន​ចេញ​ពី​ប្រទេស ​ចិន ​ដោយ​សម្លឹង​មក​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​​ផង​ដែរ​នា​អំឡុង​ពេល​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ នេះ​។

លោក​បញ្ជាក់​ថា៖​ «​ទន្ទឹម​នឹង​​ការ​កើន​ឡើង​ផលិតភាព​របស់​​ក្រុម​កម្មករ រដ្ឋាភិបាល​ក៏​ត្រូវ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត ​ដើម្បី​រៀប​ចំ​គោល​នយោបាល​លើក​ទឹក​ចិត្ត​ការ​វិនិយោគ​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​អ្នក​វិនិយោគ​ថ្មី​ៗ»៕ LA