ភ្នំពេញៈ គម្រោង​វិនិយោគ ៣ ដែលមាន​តម្លៃ​សរុប ១៣,៥ ​លាន​ដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ក្នុង​សប្តាហ៍​មុន ដែល​ធ្វើឱ្យ​ចំនួន​គម្រោង​អនុម័ត​ដោយ CDC ក្នុង​រយៈពេល ៣ ​សប្តាហ៍​ដំបូង​នៃ​ខែធ្នូ ឆ្នាំ​ ២០២០ មាន​ចំនួន ​៩ ស្មើនឹង​តម្លៃ​វិនិយោគ​សរុប ១ ១៣៥,៤ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម CDC​។

គម្រោង​ទាំង ៣ ដែល CDC អនុម័ត​កាលពី​ថ្ងៃ​សុក្រ រួមមាន គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ​គ្រប់​ប្រភេទ Lak Sun (Cambodia)Co., Ltd ស្ថិត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៣,២ ​លាន​ដុល្លារ បង្កើត​ការងារ​បាន​ចំនួន​ ១៩៧ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Sinokh Perfect Garment Co., Ltd នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​មាន​ទឹកប្រាក់ ៥,៣ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៥៣៣ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម និង​សម្ភារ​តុបតែង​លម្អ​ធ្វើ​ពី​ឈើ​របស់​ក្រុមហ៊ុន Dongnan (Cambodia) Wood Co., Ltd មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្ត​ព្រះសីហនុ ក្រោម​ទុនវិនិយោគ ៥ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២២០ ​កន្លែង​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​ជា​កន្លែង​តែង​ទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រៅពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ ស្ថិរភាព​នយោបាយ​ច្បាប់​វិនិយោគ និង​ទំនាក់ទំនង​ការទូត​ល្អ ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជា​បន្តបន្ទាប់​ជាមួយនឹង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម ពិសេស​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក កំពុង​រួម​ចំណែក​យ៉ាងច្រើន​ដល់​ការទាក់ទាញ​ចំណាប់​ចាប់​អារម្មណ៍​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​បន្តថា កំណើន​នៃ​ការវិនិយោគ​ដែល CDC យល់ព្រម​នា​អំឡុង​ពេលនេះ គឺ​មាននៅ​ស្ទើរ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង​។

លោក​ថ្លែងថា​៖ «​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺជា​ការបើកផ្លូវ​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​កំណើន​វិនិយោគ​ជា​បន្តបន្ទាប់ ដែល​វា​នឹងមិន​ត្រឹមតែ​បង្កើត​ការងារ​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​លើកមុខ​ទីផ្សារ​កម្ពុជា​ផងដែរ​»​។

លោក ហុង វណ្ណៈ អ្នកទទួលបន្ទុក​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា អះអាង​ថា កំណើន​ការអនុម័ត​របស់ CDC ជា​សញ្ញាណ​ល្អ​សម្រាប់​សុខុមាលភាព​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង​ស្ថិតក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​ពាសពេញ​ពិភពលោក​។

លោក​បន្តថា ទន្ទឹម​នឹង​ការទទួល​បាន​ការវិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់​នេះ កម្ពុជា​ក៏ត្រូវ​ធ្វើការ​កែសម្រួល​លក្ខខណ្ឌ​វិនិយោគ​របស់ខ្លួន​បន្ថែម​ទៀត​ដែរ ខណៈ​កាលពី​ចុង​សប្តាហ៍​មុន​កម្ពុជា​ក៏​ទើប​ទទួល​ព័ត៌មាន​ល្អ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អង់គ្លេស​។

លោក​ថ្លែងថា​៖ «​ខណៈ​ថ្មីៗ​នេះ អង់គ្លេស​ដែលជា​ប្រទេស​ទើប​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​បាន​សន្យាថា នៅ​ដើមឆ្នាំ​ ២០២១ នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យបាន​ខ្លាំង​ជាមួយ​កម្ពុជា​នោះ ខ្ញុំ​រំពឹងថា​វា​នឹង​កាន់តែ​ផ្តល់​ផល​វិជ្ជមាន​បន្ថែមទៀត​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគិន​បរទេស​មក​កម្ពុជា​កាន់តែច្រើន​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង ធ្លាប់បាន​ប្រាប់ថា បើទោះបី​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​ឆ្លងរាលដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​ទទួលបាន​កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។ កំណើន​ទាំងនេះ​បង្ហាញថា អ្នកវិនិយោគ​​សុទ្ធ​តែមាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង​សម្រេចបាន​នូវ​កំណើន​ជា​បន្តបន្ទាប់​។

លោក​បាន​បន្តថា​៖ «​កាលពីពេល​កន្លងមក​មាន​ការព្រួយបារម្ភ​ជាច្រើន​ថា ការដក​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ជួប​បញ្ហា​ច្រើន ប៉ុន្តែ​ជាក់ស្តែង​យើង​ឃើញថា វា​មិន​ដូច្នេះ​ទេ​»៕ LA