ភ្នំពេញ: រដ្ឋាភិបាល​នឹង​ពិនិត្យ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ស្ទឹងតាតៃលើ​ដែល​មាន​អានុភាព​ ១៥០ មេហ្គាវ៉ាត់ និង​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ៥០០ គីឡូវ៉ុល តភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា-ឡាវ និង​ពី​ខេត្តបាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា-ថៃ​។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ​ពុធ ឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នឹង​បន្ថែម​នូវ​របៀបវារៈ​ថ្មី​ ១ ​ទៀត​ ​ស្តីពី​ការអភិវឌ្ឍ​គម្រោង​វារីអគ្គិសនី​ស្ទឹងតាតៃលើ​អានុភាព​ ១៥០ គីឡូវ៉ុល​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង និង​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ ៥០០ ​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-ឡាវ និង​ពី​ខេត្តបាត់ដំបង​ទៅ​ព្រំដែន​ថៃ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ការដាក់​គម្រោង​នេះ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​ពី​ផលប៉ះពាល់​សង្គម និង​បរិស្ថាន​បាន​ចប់សព្វគ្រប់​។

លោក​បន្តថា លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នឹង​ឡើង​ថ្លែង​ការពារ​គម្រោង​នេះ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​។

លោក​បញ្ជាក់​៖ «​យើង​សង្កេតឃើញ​ថា​គម្រោង​នេះ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​អាច​វិនិយោគ​បាន​»​។

លោក ហ្សូនា បានឱ្យដឹងថា ចំពោះ​គម្រោង​កសាង​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​ នឹង​ត្រូវ​ទាញ​អគ្គិសនី​ពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស​ឡាវ​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​កាលពី​ឆ្នាំមុន​។ រីឯ​ខ្សែបណ្តាញ​បញ្ជូន​ ១ ​ទៀត​នឹង​ទាញ​ថាមពល​ពី​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ចាប់ផ្តើម​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់មក​យើង​នឹង​ធ្វើការ​ចរចា​ថ្លៃ​វិនិយោគ និង​កិច្ចព្រមព្រៀង​អនុវត្តន៍​គម្រោង​ដែល​នឹង​ចុះហត្ថលេខា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន ព្រមទាំង​ការចរចា​កិច្ចព្រមព្រៀង​ថ្លៃ​បញ្ជូន​ថាមពល​ដែល​អគ្គិសនី​កម្ពុជា​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​»​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កន្លងមក​ថា ទំនប់​វារីអគ្គិសនី​ស្ទឹងតាតៃលើ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) របស់​ប្រទេស​ចិន​ក្នុង​តម្លៃ​វិនិយោគ ៣៨០ ​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​ធុងអាគុយ​មួយ​ដែល​នឹង​ជួយ​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅពេល​អនាគត​»​។

បើ​យោង​តាម​លោក សុទ្ធី បច្ចុប្បន្ន​នៅ​ខេត្តកោះកុង​មាន​ទំនប់​វារីអគ្គិសនី​ចំនួន ៣ កំពុង​ប្រតិបត្តិការ​ដែលមាន​សមត្ថភាព​ផលិត​ថាមពល​សរុប​ ៦០២ មេហ្គាវ៉ាត់​ក្នុង​នោះ​ទំនប់​វារីអគ្គិសនី​គិរីរម្យ​ ៣ មាន​អានុភាព ១៨ ​មេហ្គាវ៉ាត់ វារីអគ្គិសនី​ឫស្សីជ្រំក្រោម​មាន​អានុភាព ៣៣៨ មេហ្គាវ៉ាត់ និង​វារីអគ្គិសនី​តាតៃ ២៤៦ ​មេហ្គាវ៉ាត់​។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៩ ​តុលា គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ផែនការ​ចំណាយ​ថវិកា​ប្រហែល​ ១២,៧៩៦ ​ពាន់​លាន​ដុល្លារ​សម្រាប់​ការវិនិយោគ​សាធារណៈ​ក្នុង​រយៈពេល​ ៣ ឆ្នាំ (២០២១-២០២៣) ដោយ​រាប់ទាំង​គម្រោង​ដែល​កំពុង​អនុវត្ត និង​គម្រោង​វិនិយោគ​សាធារណៈ​ថ្មី​ជាង ៤០០ គម្រោង​ដែល​មាន​មហិច្ឆតា​សម្រាប់​កសាង​គ្រឹះ​សេដ្ឋកិច្ច​ដ៏រឹងមាំ​ដោយ​ផ្តោតលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភាគរយ​ខ្ពស់បំផុត​។ ក្នុងនោះ ការបែងចែក​ទុនវិនិយោគ ៥០,១ ​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​សម្រាប់​គម្រោង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​៕ LA