ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅឆ្នាំ ២០២០ សម្រេចបានកិច្ចសន្យាទិញ-លក់ជាង ៨០០ ដែលមានទឹកប្រាក់ជាង ២៧ លានដុល្លារ។ នេះតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២១។
គម្រោង AIMS ត្រូវបានអនុវត្តរយៈពេល ៦ ឆ្នាំចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ ក្នុងទំហំទឹកប្រាក់សរុប ៤៥ លានដុល្លារក្នុងនោះមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) បានផ្តល់មូលនិធិចំនួន ៣៦,២៥ លានដុល្លារ និង ៨,៦៨ លានដុល្លារបានពីរដ្ឋាភិបាលកម្ពុជា។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រសួងបានរៀបចំចងក្រងក្រុមកសិករខ្នាតតូចបានចំនួន ១ ៥៨០ ដែលមានកសិករជាសមាជិកចំនួន ៥១ ៣៨៣ គ្រួសារ ស្មើនឹង ៦៨,៥ ភាគរយលើផលិតផលកសិពាណិជ្ជកម្ម រួមមាន ស្រូវប្រណីត មាន់ស្រែ បន្លែ ដំឡូងមី និងសូត្រខ្មែរ។
របាយការណ៍ឲ្យដឹងទៀតថា៖ «ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលឲ្យមានកិច្ចសន្យាទិញ-លក់រវាងកសិករ និងអ្នកប្រមូលទិញ និងរវាងកសិករជាមួយនឹងអ្នកផ្គត់ផ្គង់ធាតុចូលសរុបចំនួន ៨២៧ កិច្ចសន្យា ដែលមានបរិមាណសរុបចំនួន ១២១ ០៣៧,៨ តោន ដែលគិតជាទឹកប្រាក់ចំនួន ២៦,៩ លានដុល្លារ»។
ក្រសួងនេះឲ្យដឹងទៀតថា៖ «នឹងបន្តសម្របសម្រួលជាមួយវិស័យឯកជនដើម្បីពង្រីកទីផ្សារក្នុងស្រុកតាមរយៈការពង្រីកកិច្ចសន្យាទិញ-លក់ និងការនាំចេញទៅក្រៅប្រទេស ដោយរៀបចំមានការចុះអនុស្សរណៈយោគយល់គ្នា (MoU) ដែលក្រសួងមានផែនការចុះអនុស្សរណៈជាមួយក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវចំនួន ៦ ក្រុមហ៊ុនទិញបន្លែចំនួន ៥ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មចំនួន ៤ បន្ថែមទៀត»។
តាមរយៈគម្រោង AIMS មានកសិករយ៉ាងហោចណាស់ ៧៥ ០០០ គ្រួសារដែលនឹងទទួលបានប្រយោជន៍ ដើម្បីបង្កើនចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ គម្រោងនេះនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ដែលមានសក្តានុពល ដើម្បីចូលទៅកាន់ទីផ្សារ។
ក្រសួងពាណិជ្ជកម្មក៏បានចុះឈ្មោះកសិករចូលក្នុងប្រព័ន្ធ MIS បានចំនួន ៦១ ៩២៥ គ្រួសារ ស្មើនឹង ៨២,៥ ភាគរយធៀបនឹងកសិករសរុបរបស់គម្រោងដែលមានចំនួន ៧៥ ០០០ គ្រួសារព្រមទាំងផ្តល់អណ្តូងទឹកស្រោចស្រពបំពាក់ដោយម៉ូទ័របូមចំនួន ៣៣៣ ជូនខេត្តទាំង ១៨ ក្រោមគម្រោង AIMS។
ក្រសួងនឹងបន្តជំរុញកៀរគរគ្រួសារកសិករគោលដៅប្រមាណ ១៣ ០៧៥ គ្រួសារទៀត ស្មើនឹង ១៧,៥ ភាគរយ ដើម្បីឈានទៅបង្គ្រប់ ១០០ ភាគរយនៃគ្រួសារកសិករគោលដៅសរុបចំនួន ៧៥ ០០០ គ្រួសារនៅក្នុងឆ្នាំនេះ៕