ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ប្រកាស​ស្វាគមន៍​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​គម្រោង​ធានា​ឥណទាន​ ដើម្បី​ស្ដារ​អាជីវកម្ម​ (BRGS) របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​ដើមទុន ២០០ ​លាន​ដុល្លារ​ ដើម្បី​ផ្ដល់​លទ្ធភាព​កាន់តែ​ច្រើន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​កម្ចី​កាន់តែច្រើន និង​កាន់តែ​ងាយស្រួល​ក្នុង​ការរក្សា​និរន្តរភាព​អាជីវកម្ម​របស់​ពួកគេ ដោយសារ​តែ​ពេលវេលា​ដ៏ពិបាក​នៃ​វិបត្តិ​សុខភាព​នេះ​។

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​គោលដៅ​គាំទ្រ​អាជីវកម្ម​ទាំង​អាជីវកម្ម​មីក្រូ​ខា្នតតូច និង​មធ្យម និង​អាជីវកម្ម​ខា្នតធំ​ក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs) ​សម្រាប់​ការ​កៀរគរ​ទុន​បង្វិល វិនិយោគ និង​ការពង្រីក​អាជីវកម្ម​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ ភ្នំពេញ ​ប៉ុស្ដិ៍​ ទទួលបាន «​គំនិត​ផ្តួចផ្ដើម​នេះ​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​និរន្តរភាព និង​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុងអំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​។

CGCC គឺជា​ក្រុមហ៊ុន​ធានា​ឥណទាន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បង្កើតឡើង​ដោយ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជា​សហគ្រាស​សាធារណៈ​ក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បេសកកម្ម​ចម្បង​របស់ CGCC គឺ​ផ្ដល់​ការធានា​ឥណទាន​ដល់ PFIs ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ នៅពេល​ស្នើសុំ​ឥណទាន​។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បញ្ជាក់​ថា ការដាក់​ឱ្យ​ដំណើរការ BRGS របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​គឺ​ចំពេល​ក្នុងការ​គាំទ្រ​ដល់​អាជីវកម្ម​ដែល​គ្រោង​ស្នើសុំ​ឥណទាន​ពី PFIs ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ចូលរួម​គាំទ្រ​គោលនយោបាយ​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​របស់​រាជរដ្ឋាភិបាល និង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​។ លោក​ស្នើឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គាំទ្រ CGCC តាមរយៈ​ការចូលរួម​ក្នុង PFIs និង​ពង្រឹង​អភិបាលកិច្ច​ឥណទាន​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា​ដែល​ជា​សមាជិក​របស់ PFIs សាទរ​ចំពោះ​វិធានការ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ជា​ជំហាន​មួយ​ឆ្ពោះទៅរក​ការបង្កើន​កម្ចី​កាន់តែ​ច្រើន​ដល់​វិស័យ SMEs​។

លោក​ប្រាប់ថា​៖ «​ការធានា​ឥណទាន​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អតិថិជន​ដែលមាន​ផែនការអាជីវកម្ម​ល្អ ប៉ុន្តែ​មិនមាន​ទ្រព្យ​បញ្ចាំ​សម្រាប់​កម្ចី​ពេញលេញ ដែល​ពួកគេ​ត្រូវការ​។ ដូច្នេះ​ពួកគេ​អាច​ស្វែងរក​សេវា​ធានា​ឥណទាន​បាន​»​។ លោក​បន្តថា​៖ «​ផែនការ​ប្រភេទ​នេះ​គួរតែ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​យូរ​មកហើយ ព្រោះ​វា​នឹង​ជួយ​ដល់​អតិថិជន​/​អ្នក​ខ្ចីប្រាក់ សហគ្រិន ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​ពួកគេ​រីកចម្រើន ជាមួយ​សន្ដិសុខ​កម្ចី​អ្នក​ផ្សេងទៀត​»​។

លោក តូច ចៅចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ដែល​ធនាគារ​នេះ​ជា PFIs ក្នុងចំណោម PFIs ដែរនោះ​បាន​ឱ្យ​ដឹងថា ការដាក់ឱ្យ​ដំណើរការ​នេះ នឹង​ផ្ដល់​លទ្ធភាព​កាន់តែច្រើន​សម្រាប់ SMEs ក្នុងស្រុក​ដែល​មិនមាន​ទ្រព្យ​បញ្ចាំ​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​កម្ចី​ចំនួន​ច្រើន​។

លោក​ថ្លែងថា​៖ «​វា​ជា​ជំហាន​ដ៏ល្អ​បំផុត​មួយ​ដោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ SMEs មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការទទួល​បាន​កម្ចី​ចំនួន​ច្រើន​ជាមួយ​នឹង​ផែនការ​នេះ ទោះបី​ពួកគេ​មិន​មាន​ទ្រព្យ​បញ្ចាំ​គ្រប់គ្រាន់ ដែល​ជា​ការបារម្ភ​ដ៏សំខាន់​របស់​ពួកគេ​។ វា​ជា​ផែនការ​ដ៏ល្អ ធ្វើឡើង​ត្រូវ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​»​។

កម្ចី​លើកដំបូង​របស់ BRGS នឹង​រួមចំណែក​ដល់​ការបង្កើន ២០០ ​លាន​ដុល្លារ​នៃ​កម្ចី​ថ្មី​នៅក្នុង​វិស័យ​ធនាគារ​ដែល​ម្ចាស់​អាជីវកម្ម​ខ្ចី​ពី PFIs របស់ CGCC មានដូចជា ធនាគារ​អេស៊ីលីដា ធនាគារអភិវឌ្ឍន៍អាស៊ី​ប៉ាស៊ីហ្វិក AMK MFI ធនាគារ​ប្រៃសណីយ៍​កម្ពុជា ធនាគារ Phillip និង​ធនាគារ Prince ។

ផែនការ​នេះ​ក៏​នឹង​អាច​រកបាន​ផងដែរ​នៅ​ធនាគារ និង MFIs ផ្សេងទៀត​ដែល​កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​ការក្លាយ​ជា PFIs របស់ CGCC​។ ការធានា​របស់ CGCC នឹង​ដើរតួនាទី​ជា​ទ្រព្យ​បញ្ចាំ​/​សន្ដិសុខ សម្រាប់​ចំនួន​កម្ចី​ពី ៧០-៨០ ​ភាគរយ​ ដែល​ខ្ចី​ពី PFIs ដូច្នេះ​ការកាត់បន្ថយ​ទ្រព្យ​បញ្ចាំ​រូបវន្ត​ដែល​ត្រូវការ​ពី​អ្នក​ខ្ចី​។

អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កម្ពុជា​ (​គ្រប់គ្រង​ ៥០ ​ភាគរយ​) អាចទាក់ទង PFIs ខាងលើ​សម្រាប់​ផែនការ​របស់ CGCC ឬ​ចូលទៅ​គេហទំព័រ www.cgcc.com.kh របស់ CGCC ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ក្រសួង​សេដ្ឋកិច្ច​៕ LA